សប្បាយចិត្ត នៅក្នុងសិក្ខាសាលាមួយ វាគ្មិនបានសួរទៅកាន់អ្នកចូលរួមទាំងឡាយថា: តើស្វាមីរបស់អ្នកបានធ្វើឲ្យអ្នកសប្បាយចិត្តដែរឬទេ?
ខ្ញុំក្រោកឈរឡើង ប្រកបដោយភាពជឿជាក់ ហើយសង្ឃឹមថា ភរិយារបស់ខ្ញុំនឹងឆ្លើយថា "ចាស" ព្រោះក្រោយពីរៀបការរួចមក នាងមិនដែលត្អូញត្អែរថា ខ្ញុំបានធ្វើបាបចិត្តរបស់នាងម្ដងណាឡើយ។
តែប្រពន្ធរបស់ខ្ញុំងើបឡើងហើយឆ្លើយថា : ប្ដីរបស់ខ្ញុំមិនដែលធ្វើឲ្យខ្ញុំសប្បាយចិត្តឡើយ! ខ្ញុំភ្ញាក់វិះតែផ្ងារក្រោយ ព្រោះតែខ្ញុំខកចិត្តផង និងខ្មាសគេផង។
ប្រពន្ធរបស់ខ្ញុំបន្ថែមទៀតថា : ប្ដីរបស់ខ្ញុំមិនបាន ហើយក៏មិនដែលធ្វើឲ្យខ្ញុំសប្បាយចិត្តទេ! តែខ្ញុំសប្បាយចិត្ត! ព្រោះខ្ញុំសប្បាយ ឬ មិនសប្បាយចិត្ត មិនមែនមកដោយសារតែគាត់ទេ គឺដោយសារតែខ្ញុំម្នាក់ឯងគត់! ខ្ញុំតាំងចិត្តឲ្យរីករាយរាល់ដង្ហើមចេញចូល ហើយប្រសិនបើការសប្បាយចិត្តរបស់ខ្ញុំស្ថិតក្នុងដៃអ្នកដទៃ នោះខ្ញុំគ្មានពេលណាដែលត្រូវសប្បាយចិត្តនោះទេ! ក្នុងជីវិតរបស់យើង អ្វីៗតែងតែប្រែប្រួល ដូចជា រូបសម្រស់ អាកាសធាតុ ជីវភាពមាននិងក្រ ចៅហ្វាយនាយ មិត្តភក្ដិ ទុក្ខសោក ជាដើម..! ខ្ញុំត្រូវតែតាំងចិត្តថា ខ្ញុំសប្បាយចិត្ត ទោះជាមានអ្វីកើតឡើងក៏ដោយ! ទោះជាខ្ញុំមានប្រាក់ដ៏តិចតួច ក៏ខ្ញុំសប្បាយចិត្តដែរ ព្រោះខ្ញុំចាយតិចទៅតាមនោះ! ទោះបីជាខ្ញុំមាន ឬ ក្រ ក៏ខ្ញុំត្រូវតែសប្បាយចិត្តដែរ។
អ្វីៗដែលនៅជុំវិញខ្លួនយើង សុទ្ធតែកំណត់នូវសេចក្ដីរីករាយ និង ទុក្ខសោកដល់យើង។ នៅពេលដែលខ្ញុំបាត់បង់មនុស្សជាទីស្រឡាញ់ ខ្ញុំគិតថា វាជារឿងធម្មតា ព្រោះតែមានកើត គឺមានស្លាប់ហើយ!
ខ្ញុំស្រឡាញ់ជីវិតរបស់ខ្ញុំ មិនមែនមានន័យថា ជីវិតរបស់ខ្ញុំ មានលក្ខណៈល្អប្រសើរជាងជីវិតរបស់គេនោះទេ តែខ្ញុំត្រូវតែធ្វើឲ្យខ្លួនខ្ញុំសប្បាយចិត្ត និង ថែរក្សាសុភមង្គលរបស់ខ្ញុំ។
នៅពេលដែលខ្ញុំទទួលយកកាតព្វកិច្ចនៃការធ្វើឲ្យខ្ញុំមានសុភមង្គល ចេញពីអម្រែករបស់ប្ដីខ្ញុំ មានន័យថា ខ្ញុំបានជួយសម្រាលបន្ទុករបស់ប្ដីខ្ញុំ ហើយខ្ញុំនិងគាត់សប្បាយចិត្តដូចគ្នា ហើយនេះគឺជាសុភមង្គលដែលខ្ញុំមានក្រោយពីខ្ញុំបានរៀបការមក។
សូមមេត្តាជឿខ្ញុំចុះ គឺសូមកុំប្រគល់សុភមង្គលរបស់យើង ឲ្យទៅអ្នកដទៃគ្រប់គ្រងឲ្យសោះ! សូមមេត្តាតាំងចិត្តឲ្យសប្បាយ ទោះបីជាអ្នកគ្មានប្រាក់ច្រើន ទោះបីជាអ្នកមានបញ្ហាសុខភាព ទោះបីជាគេធ្វើឲ្យអ្នកឈឺចាប់ ឬ ទោះបីជាមិនមានគេស្រឡាញ់អ្នកក៏ដោយចុះ!!!
[ដកស្រង់ពី ~ Bo Tuth]