(ព្រះសីហនុ)៖ កម្លាំងការិយាល័យកណ្ដាលនគរបាលព្រហ្មទណ្ឌ សហការជាមួយអធិការក្រុងព្រះសីហនុ និងនគរបាលប៉ុស្ដិ៍រដ្ឋបាលលេខ៤ បានតាមចាប់មេក្លោងចោរគាស់ផ្ទះម្នាក់ ដែលតែងតែធ្វើសកម្មភាពយ៉ាងកក្រើក លួចគាស់ផ្ទះប្រជាពលរដ្ឋ ដែលធ្វើឲ្យមានការព្រួយបារម្ភនាពេល កន្លងមក។
លោកឧត្តសេនីយ៍ត្រី កុល ផាលី ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានបញ្ជាក់នៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧នេះថា ប្រតិបត្តិការបង្ក្រាបនេះ ត្រូវបានធ្វើឡើង កាលពីយប់មិញ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត។
លោកឧត្តមសេនីយ៍ត្រីស្នងការរង បានឲ្យដឹងថា ជនសង្ស័យដែលនគរបាលចាប់បាននេះ ឈ្មោះ សៀន ណាក់ អាយុ២២ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនបានធ្វើសកម្មភាពលួចចូលផ្ទះ យកសម្ភារៈរបស់ប្រជាពលរដ្ឋបានចំនួន០៦លើក៖
លើកទី១៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ បានចូលទៅក្នុងផ្ទះរបស់ជនបរទេស នៅចំណុចបុរីប៊ីអេស ស្ថិតនៅក្នុងក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ លួចយកបាន iPad០១គ្រឿង ពណ៌ទឹកប្រាក់ និងលុយចំនួន២០ដុល្លារ ហើយយកទៅលក់នៅខេត្តកំពត បានលុយ៩០ដុល្លារ។
លើកទី២៖ ក្នុងខែមេសា ឆ្នាំ២០១៧ បានចូលទៅក្នុងផ្ទះមួយតាមបង្អួចចំហ នៅចំណុចបុរីប៊ីអេស ដដែល តែលួចមិនបានសំរេច។
លើកទី៣៖ ក្នុងខែមេសា ឆ្នាំ២០១៧ បានចូលទៅលួចនៅបុរីប៊ីអេស បានធ្វើសកម្មភាពចូលលួចតាមបង្អួច ដែលមិនបានចាក់កន្លឹះយកបាន iPad០១គ្រឿង ទូរស័ព្ទដៃ០១គ្រឿង លុយ៣៥០,០០០រៀល និងក្រវិលពេជ្រមួយគូរ ហើយទូរស័ព្ទដៃ យកទៅលក់នៅផ្សារលើ បានលុយ៤០ដុល្លា ចំណែកiPad លក់នៅផ្សារបន្ទាយមាស បានតម្លៃ៥០ដុល្លារ រីឯក្រវិលពេជ្រ បានផ្ញើរទៅសង្សាដែលធ្វើការនៅហាងខារ៉ាអូរខេ ឈ្មោះ លីន ស៊ីណា។
លើកទី៤៖ ក្នុងខែមេសា ឆ្នាំ២០១៧ បានលួចចូលទៅក្នុងផ្ទះជនជាតិបារាំងមួយកន្លែង នៅកាហ្វេលើភ្នំ ស្ថិតនៅក្រុមទី១៦ ភូមិ៥ សង្កាត់៤ ធ្វើសកម្មភាពចូលតាមទ្វារដោយម្ចាស់មិនបានចាក់កន្លឹះ លួចបានLabtop ចំនួន០២គ្រឿង យកទៅលក់បាននៅផ្សារលើ តម្លៃសរុប១៨០ដុល្លារ។
លើកទី៥៖ ដោយមិនបានចាំថ្ងៃ នៅផ្ទះជនបរទេសមួយ ស្ថិតនៅភូមិ៥ សង្កាត់៤ លួចបានទូរស័ព្ទដៃអិនចុចពិល ចំនួន០២គ្រឿង និងiPhone០១គ្រឿង ហើយបានលក់ទៅឲ្យមិត្តជិតផ្ទះនៅស្រុកជាមួយ ក្នុងតំម្លៃ៦០ដុល្លារ និងលើកទី៦៖ ក្នុងខែមេសា ឆ្នាំ២០១៧ ស្ថិតនៅក្រុមទី១៦ ភូមិ៥ សង្កាត់៤ ខ្លួនបានធ្វើសកម្មភាពគាស់ក្បឿងដំបូលផ្ទះ ចូលលួចសម្ភារៈបានរួមមាន ខ្សែករ ចំនួន០១ខ្សែ កងដៃចំនួន០២ ចិញ្ជៀនចំនួន០២វង់ ខ្សែជើងចំនួន០២ ខ្សែដៃក្មេងប្រុស០១ខ្សែ និងប្លង់ដីចំនួន០១ តែបានបោះចោលនៅកន្លែងធ្វើសកម្មភាព។
ដោយឡែក ក្រោយកម្លាំងនគរបាលបង្ក្រាបបាន ជំនាញដកហូតបានវត្ថុតាងដូចជា កុំព្យូទ័រយួរដែ ចំនួន០៣ គ្រឿង (ម៉ាក Macbook Pro ចំនួន០១គ្រឿង, ម៉ាកDellចំនួន០១គ្រឿង និងម៉ាកToshiba ចំនួន០១គ្រឿង), -iPadចំនួន០៣គ្រឿង (ម៉ាក iPad mini ចំនួន០១គ្រឿង, ម៉ាក iPad2 ចំនួន០១គ្រឿង និងSurfaceចំនួន០១គ្រឿង), ទូរស័ព្ទដៃ iPhone7 ចំនួន០១គ្រឿង, ទូរស័ព្ទដៃម៉ាក សាមសុង ចំនួន០១គ្រឿង, ខ្សែករ ចំនួន០១ខ្សែ បណ្តោងគុជ០១, ម៉ូតូ០១គ្រឿង ម៉ាកអ៊ែប្លេក ឆ្នាំ២០១៤ដែលជាមធ្យោបាយសម្រាប់ធ្វើសកម្មភាព។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំ ដើម្បីបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់៕
ដកស្រង់បន្តពី ៖ Fresh News