ថៃសម្រេចដាក់ស្នើ "ល្ខោនខូន" ទៅក្នុងបញ្ជីសម្បត្តិ​បេតិកភណ្ឌ​ពិភពលោកហើយ​


គណៈរដ្ឋមន្ត្រី​ថៃ បាន​យល់​ព្រម​សំណើ​តាម​ក្រសួង​វប្បធម៌​ដើម្បី​ដាក់​បញ្ចូល​ល្ខោន​ខូន (Khon) ឬ​ល្ខោន​ពាក់​របាំង​មុខ រួម​ទាំង​ការ​ម៉ាស្សា​បែប​ប្រពៃណី ទៅ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​អរូបី​របស់​អង្គការ​យូណេស្កូ (UNESCO) កាល​ពី​ថ្ងៃ​ទី ២៨​មិនា​សប្ដាហ៍​មុន។

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ថៃ​លោក​ Vira Rojpojchanarat បាន​មាន​ប្រសាសន៍​ថា​ គណៈរដ្ឋមន្ត្រី​បាន​យល់​ព្រម​តាម​សំណើ​ក្រសួង​​ក្នុង​ការ​ដាក់​បញ្ចូល​បេតិកភណ្ឌ​វប្បធម៌​ទាំង​ពីរ​នេះ​កាល​ពី​ចុង​ខែ​មិនា។ ​បន្ទាប់​ពី​សម្រេច​ដាក់​ស្នើ ក្រសួង​ត្រូវ​ការ​រយៈពេល​មួយ​ឆ្នាំ​ទៀត​​ មុន​ពេល​បញ្ជូន​សំណើ​ទៅ​កាន់​រដ្ឋាភិបាល​ក្នុង​​សម័យ​ប្រជុំ​​​លើក​ទី​១២ របស់​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​សម្រាប់​ការពារ​សម្បត្តិ​បេតិកភណ្ឌ​អរូបី​ដើម្បី​បញ្ជាក់​ទទួលស្គាល់​។ សម័យ​ប្រជុំ​នេះ​​នឹង​ធ្វើ​ឡើង​​ចាប់​ពី​ថ្ងៃ​ទី ៤​ធ្នូ ដល់​ទី ៨​ធ្នូ ​ឆ្នាំ ២០១៧ ក្នុង​ទីក្រុង​សេអ៊ូល ​ប្រទេស​កូរ៉េខាងត្បូង។


ល្ខោនខូន គឺ​ជា​បេតិកភណ្ឌ​វប្បធម៌​ទី​មួយ​​ក្នុង​ចំណោម​បេតិកភណ្ឌ​វប្បធម៌​ទាំង ៥ ដែល​រដ្ឋាភិបាល​ថៃ​នឹង​ស្នើ​ទៅ​កាន់​អង្គការ​យូណេស្កូ​ជា​បន្ត​បន្ទាប់​រហូត​ដល់​ឆ្នាំ ២០២១។ យូណេស្កូ ​បាន​ជំរុញ​ឲ្យ​ប្រទេស​ជា​សមាជិក​​ការពារ​សម្បត្តិ​បេតិកភណ្ឌ​អរូបី​ពិភពលោក​ដោយ​រួម​មាន​ការ​អនុវត្ត ចំណេះ ជំនាញ និង​ឧបករណ៍​នានា​ដែល​ពាក់ព័ន្ធ​នឹង​​វប្បធម៌ ប្រពៃណី។


ប្រភព​ពី​គេហទំព័រ និង​ជា​ទូរទស្សន៍​ថៃ Thai PBS ​បាន​ផ្សាយ​ថា បន្ទាប់​ពី​ដាក់​ស្នើ​ល្ខោន​ខូន និង​ប្រពៃណី​ម៉ាស្សា​​ក្នុង​ឆ្នាំ​នេះ កីឡា​ប្រដាល់ Muay Thai, របាំ​ល្ខោន​នរាហ៍ (Nora dance drama) និង​​ម្ហូប​ប្រពៃណី​ថៃ​​មួយ​ នឹង​ត្រូវ​ស្នើ​ដូច​គ្នា​នៅ​ឆ្នាំ​បន្ត​បន្ទាប់​ខាង​មុខ។


យោង​​តាម​លោក​រដ្ឋមន្ត្រី​ខាង​លើ ហេតុ​ផល​មួយ​ដែល​ល្ខោន​ខូន​ត្រូវ​បាន​ជ្រើស​ដាក់​សំណើ​មុន​គេ ​ព្រោះ​វា​បាន​បង្ហាញ​ពី​ឧត្ដមគតិ​ដ៏​ល្អឥតខ្ចោះ​នៃ​វប្បធម៌​ថៃ។



ព្រះមហាក្សត្រិយានី ស៊ីរីគិត ជា​មហេសី​ព្រះចៅ​ភូមិបុល អាឌុលយ៉ាដេត ដែល​ទើប​ចូលទិវង្គត ​គឺ​អ្នក​គាំទ្រ​ដ៏​សំខាន់​មួយ​ក្នុង​​ការ​ស្នើ​ល្ខោន​ខូន និង​​ទម្រង់​សម្ដែង រួម​ទាំង​ការ​រចនា​សំលៀកបំពាក់​ផង។


ប្រភព​ដដែល​សរសេរ​ថា ល្ខោនខូន ​ត្រូវ​បាន​គេ​សម្ដែង​ដំបូង​នៅ​សម័យ​អយុធ្យា ដែល​ជា​ទម្រង់​ល្ខោន​ដក​ស្រង់​ចេញ​ពី​រឿង រាមាយាណៈ រៀប​រាប់​ពី​ចម្បាំង​រវាង​ព្រះ​រាម​ជា​អវតារ​របស់​ព្រះ​វិស្ណុ​ក្នុង​សាសនា​ហិណ្ឌូ​ ជាមួយ​នឹង​យក្ស​ក្រុង​រាពណ៍ ​ដែល​បាន​ចាប់​ពង្រត់​មហេសី​ព្រះរាម។


លើស​ពី​នេះ​ ក្រសួងការបរទេស​ថៃ​ក៏​កំពុង​រៀប​ចំ​ធ្វើ​​យ៉ាង​ណា​ឲ្យ​ប្រទេស​ថៃ​ក្លាយ​ជា​សមាជិក​អនុសញ្ញា​ការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី​​យូណេស្កូ ដែល​បច្ចុប្បន្ន​មាន​ ១៥០​ប្រទេស​ផង​ដែរ។


គួរ​រម្លឹក​ដែរ​ថា កាល​ដើម​ខែ​មិថុនា​ឆ្នាំ ២០១៦ សារព័ត៌មាន​ថៃ Bangkok Post បាន​ផ្សាយ​ពី​គម្រោង​ស្នើ​នេះ ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​​បណ្ដាញ​សង្គម​ខ្មែរ​មាន​ការ​ព្រួយ​បារម្ភ​ពី​អនាគត​​ល្ខោន​ខោល​កម្ពុជា ដោយ​សារ​ល្ខោន​ខូន​ថៃ​មាន​ទម្រង់​លេង និង​ការ​ស្លៀកពាក់​ដូច​ល្ខោន​ខោល​ខ្មែរ៕





ប្រភពដេីមពី ៖ Thai PBS 

ដកស្រង់បន្តពី ៖ Sabay News

 ប្រែ​សម្រួល ៖ ឡេង ភារុណ

ផ្សាយបន្តដោយ ៖ ពិភពចែករំលែក