ចៃដន្យ មិនដឹងថាវាសនា ឬព្រហ្មលិខិតដែលធ្វើឲ្យសម្បត្តិជួបរឿងចៃដន្យបែបនេះ...
សម្បត្តិជាយុវជនវ័យ ២០ ឆ្នាំមួយរូបមានរូបសម្រស់ស្រស់សង្ហារ ដៃទូលាយ និងជាបុរសសម្បូរស្នេហ៍ថែមទៀតផង ។ ល្ងាចមួយសម្បត្តិ និងសង្សារឈ្លោះគ្នាយ៉ាងខ្លាំង ។ សង្សារសម្បត្តិបានប្រាប់ថានឹងបែកពីគេបើសិនជាគេមិនឈប់សាវ៉ាទៀត។ ដោយសារការស្ត្រេសក្នុងចិត្តពេក សម្បត្តិ ចូលកាស៊ីណូ លេងល្បែងស៊ីសង ផឹកស្រារហូតដល់យប់អាធ្រាត ចាញ់អស់ពីខ្លួន ។ ដោយដឹងខ្លួនថាគ្មានអ្វីសងគេ សម្បត្តិបានលួចជិះឡានរត់គេចពីពួកបនល្បែង ។
ខឺងចិត្តនិងចាញ់ល្បែងផង មូម៉ៅនឹងសង្សារផង លាយឡំនិងជាតិសុរាផង សម្បត្តិបើកឡានលឿនដូចហោះ ស្រែកជេរគេឯង វ៉ាឆ្វេងស្ដាំ រំលងស្តុបគ្មានខ្វល់អ្នកណាឡើយ។ មកដល់ផ្លូវបត់រាងស្ងាត់ សម្បត្តិបើកកាន់តែលឿនរហូតជ្រុលទៅបុកនឹងម៉ូតូមួយខ្ទាតអ្នកបើកដល់ចិញ្ចើមផ្លូវ។ ដោយហេតុនៅក្ដៅចិត្ត ណាមួយខ្លាចប៉ូលីសចាប់បានផង សម្បត្តិបើកឡានហួសយ៉ាងព្រហើន។ តាមផ្លូវទូរស័ព្ទរោទិ៍ តែគេមិនទទួលថែមទាំងគប់ទូរស័ព្ទបែកខ្ទេចខ្ចាយ។ បន្ទាប់ពីដល់ខេត្ត ដើរលេងហ៊ឺហាសប្បាយ ភ្លេចអស់កង្វល់ ព្រឹកនេះសម្បត្តិរៀបចំត្រលប់ទៅផ្ទះវិញ ក្នុងបំនងសុំលុយម្ដាយបន្ថែម។ ស្រាប់តែទៅដល់មុខផ្ទះ បេះដូងសម្បត្តិស្ទើរធ្លាក់ដល់ដី ។
រោងបុណ្យសពបានតាំងខ្លួននៅចំពីមុខផ្ទះខ្លួន។ សម្លេងខ្លងខែកហែរសពដាក់ឡាន នៅពីមុខមានរូបស្រស់ញញឹមរបស់ម្ដាយជាទីស្រលាញ់ ។ ឪពុករបស់គេកោរសក់បួស ភ្នែកក្រហមហាក់ដូចជាឆ្លងកាត់ការយំជាច្រើនថ្ងៃ ។ “ ម្ដាយឯងស្លាប់ដោយសារឡានបុកពេលជិះម៉ូតូយកលុយទៅសងបនល្បែងឲ្យឯង ។ ប៉ាតេរទៅឯងមិនចូល គាត់ចង់ឃើញមុខឯងជាលើកចុងក្រោយ ” “ គាត់នឹងមិនស្លាប់ទេ បើសិនជាពេលនោះប៉ានៅផ្ទះ ហើយយកគាត់ទៅពេទ្យទាន់ពេល” គ្រាន់តែលឺប៉ុណ្ណេះ សម្បត្តិទន់ជង្គង់គ្រិប ទឹកភ្នែកហូរស្រក់គ្មានដាច់ខ្សែ ។ ក្រុមប៉ូលីសមកដល់ ចាប់សម្បត្តិដាក់ខ្នោះ។
ជារឿងចែដន្យខ្លាំងណាស់ តាមការស្រាវជ្រាវបានបង្ហាញថាសម្បត្តិគឺជាឃាតករបុកម្ដាយរបស់គេនាយប់នោះ ។ សម្បត្តិស្រែកយំដូចមនុស្សឆ្កួត ព្រោះតែវិប្បដិសារី រហូតខូចសតិ។ គ្រួសារបានត្រឹបតែសោកស្ដាយ អ្វីៗមិនអាចត្រលប់ក្រោយ៕
គំនិតអប់រំ ៖ រឿងចៃដន្យអាចកើតមានគ្រប់ពេលមិនមែនគ្រោះថ្នាក់ចេះតែធ្លាក់លើអ្នកដ៏ទៃនោះទេកុំដោយសារទង្វើឆេវឆាវភ្លើតភ្លើនខ្វះការគិតពិចារណារបស់ខ្លួនបង្កឲ្យជួបវិប្បដិសារីអស់មួយជីវិត៕ ពិភពចែករំលែក