ពេជ្រ សោភា នឹងឡើងកូដកប់ទៀតហើយឆ្នាំនេះ បន្ទាប់ពីសម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសនៅព្រឹកថ្ងៃទី៣ ខែមេសានេះថា សម្ដេចនឹងទៅរាំបទ” ឆ្កែរត់បុកប៉ោត” របស់តារាងចម្រៀងស្រីរូបនេះនៅអង្គរសង្ក្រាន្ត លើទឹកដីអង្គរខេត្តសៀមរាបដែលនឹងឡើងថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរតែម្តង។
ការប្រកាសបែបធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ“មហាវិថីសម្តេចតេជោហ៊ុនសែន” (បឹងទំពុន) ដែលមានប្រវែងសរុប ៩,១៦០ម៉ែត្រ មានទទឹងអ៊ុតកៅស៊ូ ៣០ម៉ែត្រ និងមានចិញ្ចើមផ្លូវ ១៥ម៉ែត្រ សងខាងសរុប ៦០ម៉ែត្រ។ មហាវិថីនេះ ឆ្លងកាត់បឹងជើងឯក និងបឹងទំពុន ភ្ជាប់ពីផ្លូវលេខ ២៧១ ត្រង់ចំណុចច្រមុះជ្រូកក្បាលថ្នល់ ខណ្ឌចំការមន រាជធានីភ្នំពេញ ទៅភ្ជាប់ជាមួយផ្លូវជាតិលេខ២ ត្រង់ចំណុចព្រែកកំពឹស ក្រុងតាខ្មៅ ខេត្តកណ្តាល។
គួររម្លឹកថា កាលពីឆ្នាំមុន នៅអង្គរសង្រ្កាន្តសម្តេចនាយករដ្ឋមន្ត្រីបានអញ្ជើញទៅរាំបទ”ញីកែងជើង”របស់ងួនចាន់ដេវីដដែលជាតារាងចម្រៀងរ៉េបរបស់ពេជ្រ សោភា ដែលធ្វើឲ្យតារាចម្រៀងទាំងពីរនេះឡើងកូដកាន់តែខ្លាំងផងដែរ។ យ៉ាងណាមិញឆ្នាំនេះក៏បទ”ឆ្កែរត់បុកប៉ោត “របស់ពេជ្រ សោភា នឹងអាចល្បីខ្លាំងដែរ ព្រោះត្រូវបានសម្តេចតេជោប្រកាសថានឹងទៅរាំនៅអង្គរសង្ក្រាន្តផងដែរ ជាមួយរាំបទ”រាំអញ្ចេះៗ ឬ រាំអញ្ចេក អញ្ចេក!” ដែលសម្តេចបានប្រកាសនៅក្នុងពិធីបើកការដ្ឋានធ្វើផ្លូវក្រវាត់ក្រុងកាលពីខែមុន។