រោគសញ្ញានៃ «ជំងឺគាំងបេះដូង» កើតមានលើមនុស្សស្រី ដែលទាមទារការយកចិត្តទុកដាក់ជាបន្ទាន់!
ជំងឺគាំងបេះដូង ជាមូលហេតុដ៏ចំបង នៃការស្លាប់មុនអាយុ ក្នុងពិភពលោកសម័យទំនើបនេះ។ វាជាប្រភេទជំងឺអាចវាយឆ្មក់មនុស្ស ដែលមិនអាចគ្រប់គ្រងបាន។ ប៉ុន្តែ ទោះជាយ៉ាងណា ក៏អ្នកអាចសង្កេតនូវរោគសញ្ញាមួយចំនួនលើរាងកាយរបស់អ្នកបានដែរ។
ជាទូទៅ រោគសញ្ញានៃជំងឺគាំងបេះដូង មានភាពខុសគ្នារវាងបុរស និងស្រ្តី តែខាងក្រោមនេះ យើងនឹងលើកយករោគសញ្ញាគាំងបេះដូងទាំង ៦ ចំណុច របស់ស្រ្តី ដែលទាមទារការយកចិត្តទុកដាក់ និងពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ ៖
១. ឈឺចាប់ត្រង់ចង្កេះ ត្រង់ក ត្រង់ថ្គាម ដៃ
ស្តាប់ទៅហាក់ដូចជាច្រឡូកច្រឡំចូលគ្នា ប៉ុន្តែភាគច្រើន វាអាចបង្កការឈឺចាប់តាមដើមទ្រូង ឬដៃ ខាងឆ្វេង។ ការឈឺចាប់ទាំងនោះ អាចឈឺខ្លាំងទៅៗ អាចឈឺតិចៗជាប់ ឬអាចឈឺមួយសារៗក៏មាន រហូតជួនកាល ធ្វើឲ្យអ្នកភ្ញាក់កណ្តាលយប់ថែមទៀត។
២. ឈឺពោះចុកខ្លាំង
រោគសញ្ញាមួយនេះ អាចឲ្យអ្នកច្រឡំថា ជាអាការៈពុលអាហារ ផ្តាសាយ ឬក្រហាយដើមទ្រូង ប៉ុន្តែ ក្នុងករណីដែលមានការឈឺចាប់ និងសម្ពាធខ្លាំង នៅត្រង់ពោះ (អាចនិយាយបានថា ដូចជាមានសត្វដំរីមកអង្គុយពីលើយ៉ាងអ៊ីចឹង) សូមអ្នកប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់។
៣. បែកញើសគ្មានមូលហេតុ
អាការៈបែកញើសនេះ ជារោគសញ្ញាទូទៅមួយសម្រាប់ស្រ្តី។ អ្នកខ្លះគិតថា វាប្រហែលជាទាក់ទងបញ្ហាស្រ្តេស ប៉ុន្តែប្រសិនបើអ្នកមិនធ្លាប់មានបញ្ហាបែកញើសបែបនេះ ពីមុនមកទេនោះ សូមអ្នកប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យ ឲ្យបានច្បាស់លាស់។
៤. ដកដង្ហើមមិនដល់គ្នា និងឧស្សាហ៍វិលមុខ
អាការៈដកដង្ហើមមិនដល់គ្នា ដោយគ្មានហេតុផល គឺជាដៃគូជំងឺគាំងបេះដូងប្រាកដណាស់ ជាពិសេស អាការៈដែលមានអារម្មណ៍ថា ហត់ដង្ហក់ ដូចជារត់ម៉ារ៉ាតុង ទាំងមិនបានកម្រើកអ្វីសោះ ថែមទៀតផង។
៥. គ្មានកម្លាំងកំហែង
ក្នុងករណីដែល អ្នកហាក់ដូចជាគ្មានកម្លាំងកំហែងធ្ងន់ធ្ងរ ទោះបីជាគេងសម្រាករយៈពេលយូរ ឬទាំងដែលមិនបានធ្វើការច្រើនអ្វីផងនោះ វាអាចជាសញ្ញាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ទាក់ទងនឹងសុខភាពបេះដូង របស់អ្នកហើយ។
៦. សម្ពាធ និងឈឹចាប់ត្រង់ដើមទ្រូង
ការឈឺចាប់ មិនស្រួល ក្រហល់ក្រហាយ និងមានសម្ពាធ ត្រង់ដើមទ្រូង សុទ្ធតែជារោគសញ្ញា ដែលអាចបញ្ជាក់ថា អ្នកកំពុងមានបញ្ហាសុខភាពបេះដូងហើយ ជាពិសេស មិនមែនតែដើមទ្រូងខាងឆ្វេងទេ គឺពេញបរិវេណដើមទ្រូងតែម្តង។ ប្រសិនបើការឈឺចាប់នោះ នៅតែបន្ត ២ ទៅ ៣ នាទីមិនបាត់ សូមអ្នកប្រញាប់ស្វែងរកជំនួយជាបន្ទាន់។
បញ្ជាក់ ៖ ថ្វីបើរោគសញ្ញាទាំងនេះ មិនធានាថាច្បាស់លាស់មួយរយភាគរយ ក៏អ្នកត្រូវតែទៅពិគ្រោះជាមួយនឹងគ្រូពេទ្យ ឲ្យបានឆាប់រហ័ស ដើម្បីការពារហានិភ័យសុខភាពផ្សេងៗ បានទាន់ពេលវេលា៕