ចំណាយពេល ៣នាទី អានអត្ថបទនេះចុះ ក្រែងលោមានប្រយោជន៍ខ្លះ"ការបើកចំហរផ្លូវចិត្តរបស់អ្នក - Open the door of your heart"

សូមប្រិយមិត្តចំណាយពេល ២ ឬ ៣ នាទីដើម្បីអាននូវអត្ថបទនេះចុះ ក្រែងលោមានប្រយោជន៍។

ការបើកចំហរផ្លូវចិត្តរបស់អ្នក - Open the door of your heart


ថ្ងៃមួយមានប្តីប្រពន្ធពីរនាក់កំពុងដើរកំសាន្តក្នុងសួនច្បារនាពេលល្ងាចយ៉ាងសប្បាយ។ ស្រាប់តែ ពេលនោះគេបានឮសូរសំឡេងសត្វយំ “កាបៗ” នៅជិតនោះ។ ពេលនោះប្រពន្ធបាននិយាយប្រាប់ប្តី ថា ហានី (អូនឬបង)! មានឮសំឡេងសត្វមាន់ទេ? ពេលនោះ ប្តីបានឆ្លើយថា មិនមែនជាសំលេង មាន់ទេ ហានី វាគឺជាសំលេងសត្វទា តើ! ប្រពន្ធប្រកែកហើយ និយាយថាមិនមែនទេហានី នេះជាសំលេងមាន់ទេ ប្តីក៏តបវិញថាមិនមែនទេ វាគឺជាសំលេងទា ប្រពន្ធថាសំលេងមាន់ ប្តីថា សំលេងសត្វទា….។ អ្នកទាំងពីរបានប្រកែកគ្នាយ៉ាងយូរអស់មួយល្ងាច មិនចាញ់មិនឈ្នះ ដែលជា ហេតុធ្វើអោយបរិយាកាសដើរកំសាន្តមានភាព អាប់អួរឡើង។ នៅពេលនោះប្តីក៏សំរេចចិត្ត និយាយ ស្របតាមប្រពន្ធថា សូមទោសហានី វាគឺជាសំលេង សត្វមាន់មែន។ ហើយសត្វនោះក៏បន្តរ ស្រែកយំ “កាបៗៗៗ” ចេញបាត់ទៅ។ នៅពេលនោះ ប្តីប្រពន្ធទាំងពីរក៏សប្បាយចិត្ត ហើយក៏ឈប់ប្រកែក គ្នាវិញ ហើយអ្នកទាំងពីរ ក៏បន្តដំណើរកំសាន្តយ៉ាងសប្បាយតទៅទៀត។

រឿងរ៉ាវពិតគឺថា តើវាមានប្រយោជន៍អីដែលយើងប្រកែកគ្នាអំពីមាន់ឬទានោះ? តើយើងគួរអោយវា បំផ្លាញនូវបរិយាកាសសុខដុមរមនាក្នុងគ្រួសាររបស់យើងនោះឬ? តាមពិតជំលោះភាគច្រើនដែល កើតឡើង គឺសុទ្ធតែដោយសាររឿងរ៉ាវដែលមិនចាំបាច់ រឿងរ៉ាវ ដែលមិនបានការ ឬ ជារឿងដែលអ្នក ម្ខាងៗជួនកាលមិនបានយល់ដឹងពីការពិតផង។ អ្នកទាំងពីរសុទ្ធតែអត់បាន ឃើញសត្វដែលយំនោះ ជួនកាលពេលយើងថាវាជាសត្វមាន់ តែពេលយើងឃើញផ្ទាល់ វាបែរជាសត្វទាទៅវិញ ឬ ពេលយើងថាសត្វទាពេលយើងឃើញ ផ្ទាល់វាបែរជាសត្វមាន់ទៅវិញ។ ឬ ក៏វាអាចជាមិនមែនជា សត្វទា និង មិនមែនជាសត្វមាន់ ឬ វាអាច ជាសត្វទាដែលបង្កាត់ចេញពី សត្វមាន់។ល។ 

ដូច្នេះយើងមិនត្រូវអោយរឿងរ៉ាវដែលមិនសំខាន់ ទាំងឡាយនោះវាមករំខានដល់មិត្តភាព សេចក្តីសុខ សុភមង្គលរបស់យើងទេ។ មនុស្សដែលមានគតិបណ្ឌិតមិនឈ្លោះប្រកែកគ្នាដោយ សាររឿង អត់បាន ការនោះទេ គឺគេជ្រើសយក សន្តិភាព ភាពសុខុដមរមនា និង សេចក្តីស្រឡាញ់ ជាជាងការស្វែងរក ខុសនិងត្រូវ។ 

ជួនកាលយើងត្រូវ បំភ្លេចឬ បញ្ឈប់នូវការស្វែងរកខុសនិងត្រូវ ហើយត្រូវបើកចំហរ ផ្លូវចិត្តរបស់យើងប្រកបដោយសេចក្តីស្រឡាញ់ និង គតិបណ្ឌិត។



ប្រែសំរួលពីធម៌ទេសនារបស់ព្រះតេជគុណ អាចាន ប្រាម ចៅអធិការនៅវត្តមួយក្នុង ប្រទេសអូស្ត្រាលី