រាជធានីភ្នំពេញ ៖ លោកអ៊ិត សេដ្ឋា បានទទួលមរណភាពហើយក្នុងវ័យ៤៧ឆ្នាំ ។ មរណភាពរបស់លោក កាលពីរសៀលថ្ងៃទី០៤ មិថុនា ២០១៧ ស្ថិតនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅមន្ទីរពេទ្យរុស្សី ។ ពេញមួយព្រឹកថ្ងៃ៤ មិថុនា មហាជន និងសិល្បករជាច្រើនបានទៅមើលលោកអ៊ិត សេដ្ឋា នៅមន្ទីរពេទ្យ ។ អ្នកសិល្បៈមានលោកសាយ រតនៈ;លោកតាវិចទ័រ; នាយពែកមី;លោកហម ឈរ៉ា;អ្នកនាងខាត់ សុឃីម និងក្រុមបុគ្គលិកកម្មវិធី«មន្តស្នេហ៍សំនៀង»ជាដើម ។
ចំណែកលោកហ៊ុន ម៉ាណែត និងភរិយាបានឱ្យក្រុមការងារទៅមន្ទីរពេទ្យ និងជួយឧបត្ថម្ភប្រាក់២០លានរៀល ។ ក្រៅពីនេះមានសប្បុរសជនជាច្រើនបានជួយឧបត្ថម្ភដែរ ។ លោកសាយ រតនៈ ពិធីករក្នុងកម្មវិធី«រាត្រីកម្សាន្ត»ប្រចាំទូរទស្សន៍ស៊ីធីអិន ដែលសិ្នទ្ធបំផុតជាមួយលោកអ៊ិត សេដ្ឋា ខ្នះខ្នែងប្រកាសរកជំនួយពីសប្បុរសជនជាមួយសិល្បករដទៃទៀត ។
លោករៀបរាប់ថា លោកអ៊ិត សេដ្ឋា រស់នៅផ្ទះជួលប្រមាណ៥ ទៅ៦ឆ្នាំមកហើយ ។ លោករកប្រាក់បានមួយភាគធំយកទៅសងធនាគារ និងសល់តិចតួចផ្គត់ផ្គង់ជីវភាពគ្រួសារ ។ លោកមិនដែលឱ្យរឿងនេះ ដឹងដល់អ្នកណាទេ ។ លោកនៅធ្វើការក្នុងទឹកមុខធម្មតា សូម្បីតែលោករតនៈ និងលោកតាវិចទ័រ ធ្លាប់ទៅញ៉ាំបាយនៅផ្ទះជួលនោះ ក៏លោកសេដ្ឋាផ្តាំមិនឱ្យប្រាប់គេដឹងដែរ ។
លោកសេដ្ឋា តស៊ូបំពេញការងារស្ទើរតែគ្មានអ្នកណាដឹងកម្រិតជីវភាពលោកបែបណាទេ ។ លោកអ៊ិត សេដ្ឋា មានកូនបីនាក់ប្រុសមួយ ស្រីពីរ ក្នុងនោះកូនស្រីច្បងអាយុ១៨ ឯកូនប្រុសទី២ពិការ ។ លោកអ៊ិត សេដ្ឋា បានបែកបាក់ភរិយាជាយូរមកហើយ ។ដោយសារតែជីវភាពដុនដាបលោកជួលផ្ទះល្វែងស្នាក់នៅបានមួយរយៈ ប៉ុន្ដែដោយជាប់បំណុលធនាគារច្រើនពេក លោកក៏ប្តូរទៅនៅបន្ទប់ជួលតូចមួយរហូតមកទល់ពេលនេះដើម្បីសន្សំលុយដោះបំណុលធនាគាររាល់ខែ ។ លោកអុិត សេដ្ឋា ស្ពឹកជើងដើរមិនរួច និងត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ។គ្រូពេទ្យពិនិត្យឃើញថា លោកសេដ្ឋាធ្លាក់ចុះឈាមរហូតដល់៧ ធ្វើឱ្យលោកហេវហត់អស់កម្លាំងខ្លាំង ។
អតីតភរិយារបស់លោកអ៊ិត សេដ្ឋា អះអាងប្រាប់កោះសន្តិភាព តាមទូរស័ព្ទនៅព្រឹកថ្ងៃទី៤ ខែមិថុនា ២០១៧ថា ក្រោយពីសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយមក ស្វាមីរបស់អ្នកស្រីបានវិលត្រឡប់ទៅកាន់គេហដ្ឋានវិញ ដោយមិនបន្តស្នាក់នៅក្នុងមន្ទីពេទ្យទេ ។ បន្ទាប់ពីការពិនិត្យពីក្រុមគ្រូពេទ្យ លោកអុិត សេដ្ឋា មិនមានអ្វីប៉ះពាល់ទៅដល់បេះដូង ថ្លើម ឡើយ ប៉ុន្តែបានស្តែងឱ្យដឹងពីការកើតមានជំងឺគ្រុនពោះវៀនទៅវិញ ។ លោកអុិត សេដ្ឋា អាចនៅបន្តការហូបអ្វីបានជាធម្មតា ប៉ុន្តែឈាមនៅតែមិនស្រក និងឡើងអ្វីឡើយ ខណៈពេលដែលជើងមួយចំហៀងរបស់លោកនៅតែបន្តហើម ។
បើតាមអ្នកស្រីជាអតីតភរិយាថា រយៈពេលពេញមួយថ្ងៃ លោកអុិត សេដ្ឋា កើតមានអាការគ្រុនរងាក្តៅ និងបន្តហើមជើងដដែល ទើបក្រុមគ្រួសារ និងក្រុមការងាររបស់ស្ថានីយទូរទស្សន៍ស៊ីធីអិន ឱ្យលោកសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី ។ អតីតភរិយារបស់លោកអុិត សេដ្ឋា បញ្ជាក់ថា កន្លងមកស្វាមីរបស់អ្នកស្រីមានជំងឺ ផ្សេងៗ ប៉ុន្តែមិនសូវជាធ្វើទុក្ខអ្វីគួរឱ្យកត់សម្គាល់ឡើយ ហើយលោកនៅតែបន្តការងារជាធម្មតា។
ប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះ លោកបានចូលរួមឃោសនារកសំឡេងឆ្នោត ដូច្នេះលោកឈរច្រើនជាងអង្គុយ ទើបបណ្តាលឱ្យមានបញ្ហានេះឡើង ។ អាការជំងឺរបស់លោកអុិត សេដ្ឋា ដែលកើតឡើងនេះ គឺមួយផ្នែកក៏ដោយសារតែលោកពិសាស្រា និងបារីច្រើន ទើបបណ្តាលឱ្យលោកប្រែប្រួលទៅជាស្គម និងខ្មៅជាងមុន ។