ចោរសង្ហាច្រមុះស្រួចលួច​ម៉ូតូ​បាន​សម្រេច​យក​ទៅ​បញ្ចាំ​ ត្រូវ​ម្ចាស់​តាម​រក​ឃើញ​ចាប់​ប្រគល់​ឲ្យ​សមត្ថ​កិច្ច

រាជធានីភ្នំពេញ ៖​ ជន​សង្ស័យ​ម្នាក់​បាន​បន្លំ​លួច​ម៉ូតូ​គេ​យក​ទៅ​បញ្ចាំ​បាន​៥​ម៉ោង​​ ​ត្រូវ​ម្ចាស់​តាម​រក​ឃើញ​ចាប់​ប្រគល់​អោយ​សមត្ថកិច្ច​ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨​:៣០​នាទី​យប់​ថ្ងៃ​ទី​២៦​ខែ​មិថុនា​ ឆ្នាំ​២០១៧​នៅ​ផ្ទះ​ជួល​ជិត​គុក​ទួល​ស្លែង​សង្កាត់​បឹង​កេង​កង​៣​ ខណ្ឌ​ចំការ​មន។
ជន​សង្ស័យ​​មាន​ឈ្មោះ​ ចាន់​ សុខវិចិត្រា​ ភេទ​ប្រុស​ អាយុ​២២ឆ្នាំ​ មុខ​របរ​​នៅ​ផ្ទះ​ ស្នាក់​នៅ​សង្កាត់​​បឹង​កេង​កង​១​ ខណ្ឌ​​ចំការ​មន​ ​ជន​រង​គ្រោះ​​ជា​ម្ចាស់​​ម៉ូតូ​​មាន​​ឈ្មោះ​ កន​ សុវណ្ណា​ ភេទ​ប្រុស​ អាយុ​ ២១​​និស្សិត​ ស្នាក់​នៅ​​ផ្ទះ​​លេខ​ ១០៦​​E1​ផ្លូវ​​៨០​ ភូមិ​​២០​ សង្កាត់​ស្រះ​ចក​ ខណ្ឌ​​ដូន​ពេញ​ ហើយ​​ម៉ូតូ​​ដែល​ជន​សង្ស័យ​​លួច​​យក​​ទៅ​​គឺ​​ម៉ាក​ ឌ្រីម​​សង់​ សេរី​​ឆ្នាំ​២០១៧​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1GH-0759 ។បើ​តាម​សម្ដី​ជន​រងគ្រោះ​បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើត​ហេតុ​នៅ​វេលា​ម៉ោង​ប្រហែល​ជា​៣​រសៀល​ជន​រងគ្រោះ​បាន​ជិះ​ម៉ូតូ​ទៅ​លេង​ហ្គេម​បាញ់​ត្រី​នៅ​ក្នុង​កោះ​ពេជ្រ​ពេល​នោះ​ខ្លួន​បាន​ទុក​សោរ​នៅ​លើ​តុ​តែ​ត្រូវ​ជន​សង្ស័យ​លួច​យក​សោរ​ទៅ​ចាក់​ជិះ​គេច​ខ្លួន​បាត់​ស្រមោល​ ហើយ​នៅ​ពេល​ដែល​ខ្លួន​បាន​ចេញ​មក​រក​ម៉ូតូ​មិន​ឃើញ​ក៏​បាន​ឆោ​ឡោ​រួច​បាន​អោយ​ម្ចាស់​ហ្គេម​ឆែក​កាមរ៉ា​ក៏​បាន​ឃើញ​សម្ម​ភាព​ជន​សង្ស័យ​យក​ម៉ូតូ​ភ្លាមៗ​ក៏​បាន​មក​ដាក់​ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​ទន្លេ​បាសាក់​ ហើយ​ដោយ​មាន​អ្នក​ស្គាល់​ផ្ទះ​ជួល​ជន​សង្ស័យ​បាន​នាំ​ទៅ​រក​ក៏​ឃើញ​ហើយ​នាំ​ទៅ​លួស​ម៉ូតូ​មក​វិញ​ដែល​គេ​យក​ទៅ​បញ្ចាំ​នៅ​ឃ្លាំង​រំសេវ​ចំនួន​១៦០​(ដុល្លារ​)​ដោយ​ជន​រងគ្រោះ​ចំណាយ​លុយ​ខ្លួន​ឯង​ព្រោះ​លុយ​ដែល​បញ្ចាំ​នោះ​ជន​សង្ស័យ​បាន​ចាយ​អស់​ហើយ​ ។

ក្រោយ​ពី​លួស​ម៉ូតូ​បាន​មក​វិញ​ហើយ​ជន​រងគ្រោះ​បាន​នាំ​ខ្លួន​ជន​សង្ស័យ​មក​ប្រគល់​អោយ​សមត្ថកិច្ច​នគរ​បាល​ប៉ុស្តិ៍​ទន្លេ​បាសាក់​ដើម្បី​ធ្វើ​ការ​សួរ​នាំ​និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ចំការមន​ចាត់​ការ​បន្ត​តាម​នីតិ​វិធី​ច្បាប់ ៕


ប្រភពពី : ដំណឹងយប់មិញ