រាជធានីភ្នំពេញ ៖ បន្ទាប់ពីលោក ជួន សុវណ្ណ អគ្គស្នងការរងនគរបាល និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២១ មិថុនា ថានឹងបញ្ជាឲ្យអធិការខណ្ឌទាំង១២ ចាត់វិធានការលើក្រុមស៊ីវិល ដែលបង្កភាពរញែរញ៉ៃ និងជ្រៀតជ្រែកកិច្ចការសមត្ថកិច្ច លើការសម្រួលចរាចរណ៍លើដងផ្លូវសាធារណៈ រំលោភលើតួនាទីភារកិច្ច នគរបាលចរាចរណ៍ របស់ក្រុមការងារ K01 ។
ប្រិយមិត្តជាអានព័ត៌មានលើគេហទំព័រ «អង្រុត» បានផ្ញើលិខិតតាមរយៈសារអេឡិចត្រូនិច សុំអោយជួយចុះផ្សាយថា សម្ដីរបស់លោក ជួន សុវណ្ណ ស្មើនឹងមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលរួមធ្វើអំពើល្អក្នុងកិច្ចការសង្គមអញ្ចឹង… ប្រជាពលរដ្ឋគ្រប់រូប, ក្រុមស៊ីវិលណាមួយក៏ដោយ, ក្រុម K01 ក៏ដោយ គឺមានសិទ្ធិចូលរួមអនុវត្តច្បាប់ គោរពច្បាប់ និងជួយកិច្ចការមនុស្សធម៌ក្នុងសង្គម ដោយមានកិច្ចសហការជាមួយស្ថប័នសមត្ថកិច្ចពាក់ព័ន្ធ, ប៉ុន្តែបើសិនជាស្ថាប័នសមត្ថកិច្ច គេចវេះមិនចូលរួមជាមួយពួកគាត់ផង និងព្យាយាមបញ្ឈប់គាត់ គឺជារឿងគួរឱ្យសោកស្ដាយណាស់ ហើយវានឹងធ្វើឱ្យប្រជាពលរដ្ឋដទៃទៀត បាត់បង់ជំនឿ បាក់ទឹកចិត្ត លែងហ៊ានចូលរួមធ្វើកិច្ចការល្អក្នុងសង្គម (កិច្ចការមនុស្សធម៌) តទៅទៀត ។
កិច្ចការរបស់ក្រុម K01 យ៉ាងហោចណាស់ ក៏វាគ្រាន់បើជាងអ្នកដឹងខុសហើយ នៅតែជិះបញ្ច្រាសដែរ (អ្នកជិះបញ្ច្រាសមិនហាម? បែរជាទៅហាមអ្នកដែលទៅឃាត់អ្នកជិះបញ្ច្រាស…? K01 មានទៅផាកពិន័យអី ឯណា គ្រាន់តែឱ្យអ្នកជិះបញ្ច្រាសទាំងនោះ ត្រឡប់ក្រោយតើ) ។ តាមការយល់ឃើញរបស់ខ្ញុំ សមត្ថកិច្ច មិនគួរទៅឃ្លាំមើលកំហុសគាត់នោះទេ (ចាំមើលបំណាំ ឈ្នានីស) គឺបើឃើញពួកគាត់ (K01) ធ្វើការងារនេះហើយ (ហាមឃាត់អ្នកជិះបញ្ច្រាស) គួរណាស់តែសមត្ថកិច្ចចូលរួមសហការជាមួយពួកគាត់ ជួយតម្រែតម្រង់កិច្ចការរបស់ពួកគាត់, បើពួកគាត់ខ្វះលក្ខណៈសម្បទា យើងជាសមត្ថកិច្ចបំពេញឱ្យគាត់ទៅ, ពួកគាត់ខុសអី ជួយកែលម្អគាត់ទៅ, បើថា ឃើញ K01 ប្រើសម្ដីធ្លោស សម្ដីរាងឈ្លើ ! គឺក៏មកពីអ្នកជិះបញ្ច្រាសទាំងនោះដែរ ដែលហាមមិនស្ដាប់, ចំណែកយើងជាសមត្ថកិច្ចដែលឃើញបែបនេះ ចូលសហការជាមួយគ្នាទៅ វាមានទៅទាស់ខុសអី? ហើយយើងអប់រំ K01 ទៅ ឱ្យកែប្រែនូវចំណុចខ្វះខាតទៅ… គឺសង្គមនឹងរឹតតែល្អទៅៗណាស់ទៅហើយ ។
ចំណែកវិញ ក្រុម K01 វិញ, ខ្ញុំសូមឱ្យក្រុម K01 កែប្រែនូវពាក្យសម្ដីចេញ ត្រូវនិយាយពីរោះពិសា… បើនិយាយពីរោះពិសាហើយ អ្នកជិះបញ្ច្រាសទាំងនោះ មិនគោរពច្បាប់ នៅតែជិះបញ្ច្រាសទៀត… គឺយើងទាំងអស់គ្នាក្នុងសង្គមមើលទៅ ថាវាជាកំហុសអ្នកហើយ ។
សូមបញ្ជាក់ថា នេះគឺជាទស្សនៈរបស់ប្រជាពលរដ្ឋម្នាក់ តែប៉ុណ្ណោះ អង្រុត សុំមិនធ្វើអត្ថាធិប្បាយបន្ថែមឡើយ ។ ចំពោះមតិរបស់អស់លោកអ្នកវិញ តើយល់ឃើញណាដែរ ? អរគុណទុកជាមុន នូវការ Comment ប្រាប់ ។
សូមរំលឹកឡើងវិញថា បើយោងតាមប្រភពអគ្គស្នងការដ្ឋាននគរបាលជាតិ បានអោយដឹងថា បើយោងតាមច្បាប់ចរាចរណ៍ផ្លូវគោក គ្មានជនស៊ីវិលណាម្នាក់អាចធ្វើការរបស់មន្ត្រីនគរបាល ដែលត្រូវបានបណ្តុះបណ្តាលត្រឹមត្រូវ ទាំងផ្លូវច្បាប់ និងចិត្តសាស្ត្រ ។
ដូច្នេះសកម្មភាពរបស់ក្រុម KO1 ដែលជាជនស៊ីវិលធម្មតា មិនមានសិទ្ធិធ្វើកិច្ចការផ្នែកចរាចរណ៍ឡើយ ហើយក៏គ្មានសិទ្ធិហាមឃាត់ ឬរារាំងអ្នកធ្វើដំណើរដទៃទៀតឡើយ ។ ទង្វើដែលធ្វើខុសគោលការច្បាប់របស់ក្រុម KO1 អាចមានទោស ប្រសិនបើយកច្បាប់មកអនុវត្ត ។ ចំណែកទង្វើរំលោភបំពានសិទ្ធិមន្ត្រីសាធារណៈដូចមានចែងក្នុងក្រមព្រហ្មទណ្ឌ ដូចរៀបរាប់ខាងលើ KO1 មិនអាចរួចខ្លួនឡើយពីការជាប់ពន្ធនាគារឡើយ ព្រោះអំពើរបស់ពួកគេ នាំឲ្យខូចផលប្រយោជន៍ច្បាប់ និងបង្កភាពវឹកវរក្នុងសង្គម ព្រោះវានាំអ្នកដទៃទៀតយល់ដោយភាន់ច្រឡំថា រដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរមូលដ្ខាន ខ្វះសមត្ថភាពក្នុងការគ្រប់គ្រងរដ្ឋ និងគ្រប់គ្រងសណ្ដាប់ធ្នាប់ក្នុងសង្គម ។
ប្រភពអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ថា មាត្រា៦១០នៃក្រមព្រហ្មទណ្ឌបានចែងថា បទធ្វើសកម្មញភាពបង្កើតឲ្យមានការយល់ច្រឡំជាមួយការបំពេញ មុខងារសាធារណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីមួយខែ ទៅមួយឆ្នាំ និងពិន័យជាប្រាក់មួយសែនរៀល ទៅពីរលានរៀល បុគ្គលដែលធ្វើសកម្មភាពនៅក្នុងលក្ខខណ្ឌ ដែលអាចនាឲ្យសាធារណៈជនយល់ច្រឡំថាជាការបំពេញមុខងារសាធារណៈ ។
K01 ដែលមានឈ្មោះ ឃឿន តុលា ជាម្ចាស់ផេក Facebook Satawatch FC 20 ដែលគេស្គាល់ថា ជានិពន្ធនាយក អង្គភាពសាព័ត៌មានកម្លាំងមនុស្សធម៌ ដែលតែងតែធ្វើសកម្មភាពពាក់ព័ន្ធនឹងសណ្តាប់ចរាចរណ៍គ្រប់ទីកន្លែង ជាពិសេស ពួកគេព្រួតគ្នាចាប់ម៉ូតូ ឬរថយន្តណា ធ្វើចរាចរណ៍បញ្ច្រាសទិស ហើយឡាយ វីដេអូ លើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ៕
ប្រភពពី : អង្រុតព័ត៏មាន