រាជធានីភ្នំពេញ ៖ លោក ជួន សុវណ្ណ អគ្គស្នងការរងនគរបាល និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា លោកនឹងបញ្ជាឲ្យគ្រប់បណ្តាខណ្ឌទាំង១២ ត្រូវត្រួតពិនិត្យចំពោះទង្វើរបស់ក្រុមការងារ K01 បើនៅតែបង្កភាពរញ៉េរញ៉ៃ អនាធិបតេយ្យ និងមិនព្រមសហការជាមួយកម្លាំងសមត្ថកិច្ច ។
បើយោងតាមប្រភពអគ្គស្នងការដ្ឋាននគរបាលជាតិ បានអោយដឹងថា បើយោងតាម
ច្បាប់ចរាចរណ៍ផ្លូវគោក គ្មានជនស៊ីវិលណាម្នាក់អាចធ្វើការរបស់មន្ត្រីនគរបាល ដែលត្រូវបានបណ្តុះបណ្តាលត្រឹមត្រូវ ទាំងផ្លូវច្បាប់ និងចិត្តសាស្ត្រ ។ ដូច្នេះសកម្មភាពរបស់ក្រុម KO1 ដែលជាជនស៊ីវិលធម្មតា មិនមានសិទ្ធិធ្វើកិច្ចការផ្នែកចរាចរណ៍ឡើយ ហើយក៏គ្មានសិទ្ធិហាមឃាត់ ឬរារាំងអ្នកធ្វើដំណើរដទៃទៀតឡើយ ។
ទង្វើដែលធ្វើខុសគោលការច្បាប់របស់ក្រុម KO1 អាចមានទោស ប្រសិនបើយកច្បាប់មកអនុវត្ត ។ ចំណែកទង្វើរំលោភបំពានសិទ្ធិមន្ត្រីសាធារណៈដូចមានចែងក្នុងក្រមព្រហ្មទណ្ឌ ដូចរៀបរាប់ខាងលើ KO1 មិនអាចរួចខ្លួនឡើយពីការជាប់ពន្ធនាគារឡើយ ព្រោះអំពើរបស់ពួកគេ នាំឲ្យខូចផលប្រយោជន៍ច្បាប់ និងបង្កភាពវឹកវរក្នុងសង្គម ព្រោះវានាំអ្នកដទៃទៀតយល់ដោយភាន់ច្រឡំថា រដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរមូលដ្ខាន ខ្វះសមត្ថភាពក្នុងការគ្រប់គ្រងរដ្ឋ និងគ្រប់គ្រងសណ្ដាប់ធ្នាប់ក្នុងសង្គម ។
ប្រភពអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ថា មាត្រា៦១០នៃក្រមព្រហ្មទណ្ឌបានចែងថា បទធ្វើសកម្មញភាពបង្កើតឲ្យមានការយល់ច្រឡំជាមួយការបំពេញ មុខងារសាធារណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីមួយខែ ទៅមួយឆ្នាំ និងពិន័យជាប្រាក់មួយសែនរៀល ទៅពីរលានរៀល បុគ្គលដែលធ្វើសកម្មភាពនៅក្នុងលក្ខខណ្ឌ ដែលអាចនាឲ្យសាធារណៈជនយល់ច្រឡំថាជាការបំពេញមុខងារសាធារណៈ ។
K01 ដែលមានឈ្មោះ ឃឿន តុលា ជាម្ចាស់ Page Facebook Satawatch FC 20 ដែលគេស្គាល់ថា ជានិពន្ធនាយក អង្គភាពសាព័ត៌មានកម្លាំងមនុស្សធម៌ ដែលតែងតែធ្វើសកម្មភាពពាក់ព័ន្ធនឹងសណ្តាប់ចរាចរណ៍គ្រប់ទីកន្លែង ជាពិសេស ពួកគេព្រួតគ្នាចាប់ម៉ូតូ ឬរថយន្តណា ធ្វើចរាចរណ៍បញ្ច្រាសទិស ហើយឡាយ វីដេអូ លើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ៕