សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ចំៗបកស្រាយ រឿងការតែងតាំងលោក ឃឹម វុទ្ធី


រាជធានីភ្នំពេញ ៖ ក្រោយពេលដែលមានការតែងតាំងលោក ឃឹម វទ្ធី ជាអគ្គនាយក នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ដែលចេញព្រះរាជក្រិត្យពីព្រះមហាក្សត្រ ហើយពេលព័ត៌មានចេញមកភ្លាម ស្រាប់តែរដ្ឋមន្ត្រីក្រសួងព័ត៌មានឆ្លើយថាមិនដឹងការតែងតាំងមួយនេះ ហើយក៏មិនដឹងថាតែងតាំងចេញពីណាផងដែរ។ ក្នុងនោះដែរ សារព័ត៌មានជាច្រើនក៏បានធ្វើការស្រង់សំដីរបស់លោក រដ្ឋមន្ត្រីក្រសួងព័ត៌មាន ធ្វើការចុះផ្សាយយ៉ាងព្រោងព្រាត រហូតមកដល់ពេលនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍បកស្រាយនៅលើ Facebook ថា៖


“តើនាយករដ្ឋមន្ត្រីមានសិទ្ធិបដិសេធ សំណើរបស់រដ្ឋមន្រ្តីក្នុងការសុំ តែងតាំងមន្ត្រីឬទេ? ហើយនាយករដ្ឋមន្ត្រីមានសិទ្ធិជ្រើសរើសមន្ត្រី ជំនួសមន្ត្រីដែលខ្លួនមិនឯកភាពឬទេ? តើនាយករដ្ឋមន្ត្រីមានការ ចាំបាច់អង្គុយរង់ចាំពិគ្រោះជាមួយ រដ្ឋមន្ត្រីដែលហៅទូរសព្ទ័ ៥ ដងមិនចូលឬទេ? និងនាយករដ្ឋមន្ត្រី ពិគ្រោះយោបល់ជាមួយរដ្ឋមន្ត្រី ក្រសួងមុខងារសាធារណះដែល ជាអ្នកធ្វើសំណើតាមការស្នើសុំ របស់ក្រសួងព័ត៌មានសុំតែងតាំង លោក ខ្វៃ អាទិត្យា បន្តពីលោក កឹម គុណវឌ្ឍន៍ដែលត្រូវនិវត្តន៍ គ្រប់គ្រាន់ឬទេ? (សុំមើលលិខិត ក្រសួងមុខងារសាធារណះនិង ចំណារនាយករដ្ឋមន្ត្ត្រី)។ តើមានគ្រាប់ភ្នែកមើលព្រះរាជក្រិត្យដែលចែងថា (បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាណាចក្រកម្ពុជា) ឬទេ បានជាម្នាក់និយាយថា ការតែងតាំងនេះចេញពីណា? ម្នាក់ទៀតនិយាយថា បើវាមិនមែនចេញពីរដ្ឋមន្ត្រីរូបនេះ គួរតែចេញពីនាយករដ្ឋមន្ត្រីដែរ ។ (សូមមើល ខេមបូ ដេលី ចេញផ្សាយថែ្ងទី ១៣ ខែ មិថុនា ឆ្នាំ ២០១៧)។ បើពុំមានសំណើពីនាយករដ្ឋមន្ត្រី ព្រះមហាក្សត្រព្រះអង្គនិងមិន ឡាយព្រះហស្តលេខាទេ។ សុំចងចាំ កុំល្ងង់ពេក។ ពន្យល់ប៉ុណ្ណឹងគ្រប់គ្រាន់ហើយ ឬនៅ? ឬចាំបាច់ឲ្យខ្ញុំពន្យល់ពីច្បាប់ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណះរដ្ឋមន្ត្រី និងច្បាប់ផ្សេង ទៀតដែលទាក់ទងដល់ការងារ គ្រប់គ្រងរដ្ឋ?៕”