Update : ពលរដ្ឋអគារប៊ូឌីញ ២៣៧គ្រួសារហើយ បានទទួលប្រាក់សំណង និងចាកចេញពីលំនៅដ្ឋាន

រាជធានីភ្នំពេញ ៖ គិតត្រឹមវេលាម៉ោង ៥៖៣០នាទី ល្ងាចថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋអគារប៊ូឌីញ «ស» ចំនួន២៣៧គ្រួសារហើយ បានអញ្ជើញទៅបើកមូលប្បទានបត្រ (សែក) នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយនឹងប្រាក់សុទ្ធ ១០០ដុល្លារ រួមទាំងអំណោយមួយចំនួនទៀត បន្ទាប់ពីពួកគេបានរុះរើសម្ភារចេញពីលំនៅដ្ឋានរួចរាល់។

បើគិតមកដល់ល្ងាចនេះ នៅសល់ប្រជាពលរដ្ឋតែ ២៥៦គ្រួសារ ប៉ុណ្ណោះ មិនទាន់ទៅបើកប្រាក់សំណង។ បើតាមការបញ្ជាក់របស់មន្រ្តីក្រសួងដែនដី ការរើសម្ភារនេះ បានធ្វើឡើង បន្ទាប់ពីប្រជាពលរដ្ឋរស់នៅអគារប៊ូឌីញ «ស» ព្រមព្រៀងលក់អគាររបស់ពួកគេ ក្នុងតម្លៃ ១,៤០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ជូនទៅក្រុមហ៊ុន Arakawa របស់ប្រទេសជប៉ុន។

សូមបញ្ជាក់ថា អគារប៊ូឌីញ «ស» ដែលស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានសាងសង់ឡើងតាំងពីឆ្នាំ១៩៦៤ មានទំហំសរុបចំនួន ៤៩៣ឯកតា និងមានប្រជាពលរដ្ឋរស់នៅចំនួន ៤៩៣គ្រួសារ។ អគារដ៏ចំណាស់នេះ ត្រូវបានក្រសួងរៀបចំដែនដី សហការជាមួយក្រុមហ៊ុនជប៉ុន Arakawa សិក្សាអភិវឌ្ឍន៍ទៅជាអគារពាណិជ្ជកម្មបែបទំនើបមួយ មានកម្ពស់ ២១ជាន់ ដែលគ្រោងនឹងចំណាយថវិកាសាងសង់ ប្រមាណ ៧០-៨០លានដុល្លារអាមេរិក៕ អត្ថបទនិងរូបភាពពី Fresh News