ប្តី​រវល់​រត់​តាក់ស៊ី​ប្រពន្ធ​ធ្វើការ​ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​ទាំងស្រុង

ខេត្តបន្ទាយមានជ័យ ៖ គ្រួសារមួយប្តីរវល់រត់តាក់ស៊ី ប្រពន្ធធ្វើជាកម្មការិនីរោងចក្របិទទ្វារផ្ទះចោល ត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ខូចខាតទ្រព្យសម្បត្តិគ្មានសល់ នៅវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតភូមិគាបសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។ 
អាជ្ញាធរសង្កាត់ទឹកថ្លាបានប្រាប់ថា ម្ចាស់ផ្ទះដែលអគ្គិភ័យឆាបឆេះផ្ទះមានឈ្មោះ យី ម៉ៅ ភេទប្រុស អាយុ៣៧ឆ្នាំ (ប្តីមុខរបបរត់តាក់ស៊ី) ប្រពន្ធឈ្មោះ ឌី គន្ធី អាយុ៣៥ឆ្នាំ(មុខរបបកម្មការិនីរោងចក្រកាត់ដេរ) មានកូន២នាក់រស់នៅភូមិកើតហេតុ ។
 អាជ្ញាធរបានបញ្ជាក់ថា ៖ នៅពេលដែលអគ្គីភ័យឆាបឆេះ គឺប្តីចេញទៅរត់តាក់ស៊ី និងប្រពន្ធចេញទៅធ្វើការរោងចក្រកាត់ដេរ និងកូន២នាក់ទៅរៀនចាក់សោរផ្ទះចោល ស្រាប់តែអគ្គិភ័យបានឆាបឆេះចេញពីផ្ទះខាងលើរយៈពេលជាង១០នាទីភ្លើងឆាបឆេះអស់ស្ទើរទាំងស្រុង ។ នៅពេលអគ្គីភ័យឆាបឆេះ រថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿងរបស់ស្នងការដ្ឋាននគបាលខេត្តបន្ទាយមានជ័យ មានកម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថប្រមាណ១០នាក់ បានជួយធ្វើអន្តរាគមន៍ តែទម្រាំពន្លត់បានភ្លើងបាន ឆាបឆេះផ្ទះ និងទ្រព្យសម្បត្តិអស់ទាំងស្រុក ។ 
អាជ្ញាធរសង្កាត់ទឹកថ្លាបានបញ្ជាក់ថា ៖ អគ្គិភ័យដែលឆាបឆេះ គឺការសន្និដ្ឋានដំបូងមកពីទូស្សេភ្លើងបណ្តាលឲ្យឆាបឆេះកើតឡើងខូចខាតផ្ទះឈើប្រក់ស័ង្កសីទំហំបណ្តោយ១០ម៉ែត្រ និងទទឹង៩ម៉ែត្រ ស្រូវអស់៤០បាវ និងទ្រព្យទាំងស្រុងតែម្តង ។ អាជ្ញាធរក៏បានសុំអំពាវដល់សប្បុរសជន និងសាខាកាកបាទក្រហមកម្ពុជា មេត្តាជួយដល់ជនរងគ្រោះដោយអគ្គីភ័យឆាបឆេះអស់ទាំងស្រុងដែលកំពុងជួបការលំបាកផង ៕

ប្រភពបី នគរបាលជាតិ