ស្ត្រី​៣​នាក់​ ជិះជាន់កម្លាំងកុមារ ដោយ​វាយ​ធ្វើបាប​កូន​ឱ្យ​ដើរ​សុំទានរាល់ថ្ងៃ ត្រូវបានកម្លាំងប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ឃាត់ខ្លួននិងបញ្ជូនទៅ​តុលាការ

រាជធានីភ្នំពេញ ៖ អ្នក​សុំទាន​ជា​ស្ត្រី​ចំណាស់​៤​នាក់ និង​ក្មេង​ៗ៨​នាក់ តែង​តែ​ឃើញ​នៅ​សួនច្បារ​ផ្សារ​ដើម​គ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ចុះ​ធ្វើការ​បង្ក្រាប​ជាក់ស្ដែង​យក​មក​សួរនាំ​កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ២០១៧ ស្ថិត​នៅ​ចំណុច​ស្តុ​ប​ផ្សារ​ដើម​គ តាម​បណ្ដោយ​មហាវិថី​ម៉ៅ​សេ​ទុង ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​ដោយ​មានការ​សម្របសម្រួល​ដោយ​លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ផាត់ ផល្លា នាយ​រង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ។
ប្រភព​ពី​លោក​វរសេនីយ៍ត្រី ផាត់ ផល្លា នាយ​រង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូ​មនុស្ស និង​ការពារ​អនីតិជន​បានឱ្យ​ដឹង​ថា ស្ត្រី​ចំណាស់​ទាំង​៤​នាក់ មាន​ទី​១​ឈ្មោះ សម ម៉ៅ អាយុ​៣៤​ឆ្នាំ ស្នាក់​នៅ​ផ្សារ​នាគ​មាស មុខរបរ​មិន​ពិតប្រាកដ ។ ទី​២​ឈ្មោះ ម៉ៅ អ៊ុ​ក អាយុ​៤៦​ឆ្នាំ ស្នាក់​នៅ​ស្នាក់​នៅ​ផ្សារ​ដើម​គរ មុខរបរ​មិន​ពិតប្រាកដ​។ ទី​៣​ឈ្មោះ តី ស្រី​អូន អាយុ​២៣​ឆ្នាំ ស្នាក់​នៅ​ផ្សារ​ដើម​គ មុខរបរ​មិន​ពិតប្រាកដ​។ និង​ទី​៤​ឈ្មោះ សម គុណ អាយុ​៤៣​ឆ្នាំ ស្នាក់​នៅ​ផ្សារ​ដើម​គ មុខរបរ​មិន​ពិតប្រាកដ ។

ប្រភព​ដដែល​បានឱ្យ​ដឹង​បន្ត​ថា ស្ត្រី​ទី​២ ទី​៣ និង​ទី​៤ ខាងលើ​នេះ ជា​អ្នក​ស្គាល់គ្នា និង​មានផ្ទះ​ជិត​គ្នា មានស្រុក​កំណើត នៅ​ភូមិ​ស្អាង​ស្រែ ឃុំ​ស្អាង ស្រុក​ឃុ​ក​អណ្តែត ខេត្តកណ្ដាល ។ ដោយឡែក​ស្ត្រី​ចំណាស់ ឈ្មោះ សម គុណ អាយុ​៤៣​ឆ្នាំ បានឱ្យ​ដឹង​ថា ខ្លួន​គាត់​មាន​ជំងឺ​ធ្វើការ​មិនកើត​ទេ ដូច្នេះ​បាន​នាំ​កូន​មក​ដើរ​លក់​ផ្កា និង​សុំទាន​នៅ​ចំណុច​សួនច្បារ​ផ្សារ​ដើម​គ​នេះ​តែ​ម្ដង ។
បើ​យោង​តាម​ក្មេង​ស្រី​ឈ្មោះ ខេ​ម ម៉ា អាយុ​៧​ឆ្នាំ បានឱ្យ​ដឹង​ថា ជា​រៀងរាល់ថ្ងៃ រូប​ខ្លួន និង​ប្អូន​តូច ត្រូវ​បាន​ម្ដាយ​នាំ​មក​ដើរ​សុំទាន នៅ​ចំណុច​សួនច្បារ​ផ្សារ​ដើម​គ មិន​បាន​ចូល​រៀន​ទេ ដើរ​សុំ​១​ថ្ងៃ បាន​ប្រហែល​២​ទៅ​៣​ម៉ឺន គ្រាន់​ទុក​ទិញ​ទឹកដោះគោ​ឱ្យ​ប្អូន និង​ឱ្យ​ម្ដាយ​ទិញ​ម្ហូបអាហារ​ជា​រៀងរាល់ថ្ងៃ ។ ក្រោយ​ពី​ធ្វើការ​សួរនាំ​ស្ត្រី​ចំណាស់​ទាំង​៤​នាក់ ក្នុង​នោះ​៣​នាក់ពាក់ព័ន្ធ​ករណី​កេងប្រវ័ញ្ច​លើ​កម្លាំង​ពលកម្ម​កុមារ ត្រូវ​ឃុំខ្លួន​បណ្ដោះអាសន្ន ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង រាជា​ធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី ព្រោះ​ស្ត្រី​ឈ្មោះ សម ម៉ៅ មិន​មានការ​ពាក់ព័ន្ធ​នឹង​ករណី​កេងប្រវ័ញ្ច លើ​កម្លាំង​ពលកម្ម​កុមារ​នោះ​ទេ ដោយ​គាត់​គ្រាន់តែ​មក​អង្គុយ​លេង ហើយ​កូន​របស់​គាត់​មក​ដើរ​សុំទាន​នេះ មិន​ដែល​ឱ្យ​លុយ​មក​គាត់​នោះ​ទេ ។

ចំណែក​ស្ត្រី​ទាំង​៣​នាក់​ទៀត ពិតជា​បាន​វាយ និង​ធ្វើបាប​កូន ឱ្យមក​ដើរ​សុំទាន​ដើម្បី​ទទួលផល​ប្រយោជន៍​ពិតប្រាកដ​មែន​។ ចំណែក​ក្មេង​ៗ​ទាំង​៨​នាក់ ត្រូវ​បញ្ជូន​ទៅ​អង្គការ​សង្គមកិច្ច​ដើម្បី​ធ្វើការ​អប់រំ ៕