ភ្នំពេញ៖ «បេះដូងខុសកាយ» គឺជាពាក្យដែលបានពោលចេញពីមាត់របស់តារាបង្ហាញម៉ូត និងពូកែខាងច្នៃម៉ូតប្លែកៗ គឺកញ្ញារំដួលលិចទឹក ប្រិយមិត្តប្រហែលជាគិតថាពាក្យមួយម៉ាត់នេះសំដៅទៅលើគាត់ចង់ក្លាយជាស្រីពិតប្រាកដ ប៉ុន្តែនេះមិនមែនជាអ្វីដែលកញ្ញាប៉ងប្រាថ្នានោះឡើយ។
អ្វីដែលកញ្ញាប៉ងធ្វើក្នុងមួយឆាកជីវិតតែមិនអាចសម្រេច និងកើតឡើងបាននោះ គឺកញ្ញាចង់ក្លាយជាអ្នករាំរបាំអប្សរាមួយរូប ប៉ុន្តែមិនអាចទៅរួចឡើយ ដោយសារតែរបាំអប្សរាត្រូវបានអនុញ្ញាតឲ្យតែនារីប៉ុណ្ណោះទើបអាចរាំរបាំនេះបាន។ កញ្ញាបានលើកឡើងបែបនេះក្នុងកម្មវិធី «ស៊ីអារម្មណ៍» របស់ស្ថានីយទូរទស្សន៍ PNN។
ពិតណាស់ ប្រិយមិត្តភាគច្រើនប្រាកដជាបានស្គាល់ រំដួលលិចទឹក ដោយសារតែភាពប៉ិនប្រសប់ ក្នុងការច្នៃម៉ូតផ្សេងៗរបស់កញ្ញា ដែលធ្វើពីផលិតផលរបស់ខ្មែរ និងមិនងាយមាននរណាម្នាក់អាចធ្វើដូចកញ្ញាបាន ទើបធ្វើឲ្យកញ្ញាមានភាពល្បីល្បាញរហូតមកដល់បច្ចុប្បន្ន។
កញ្ញាបាននិយាយថា៖ «អ្វីដែលខ្ញុំធ្វើឡើងមកនេះមិនដែលបានប្រាក់ចំណេញសូម្បីតែមួយរយលុយខ្មែរ គឺមានតែចំណាយលុយផ្ទាល់ខ្លួន ប៉ុន្តែមូលហេតុដែលបណ្តាលឲ្យនាងខ្ញុំធ្វើដោយសារតែក្តីស្រឡាញ់ និងបេះដូងរបស់នាងខ្ញុំ»។
កញ្ញាបន្ថែមថា៖ «នាងខ្ញុំគិតថា បើសិនជានាងខ្ញុំមិនធ្វើ តើមានអ្នកណាធ្វើ? ហើយបើសិនជានាងខ្ញុំគិតតែចង់បានផលប្រយោជន៍ អ្វីទាំងអស់នេះមិនអាចចេញមកបានទេ»។
នៅមានកិច្ចសម្ភាសន៍ដ៏ជក់ចិត្តជាច្រើនទៀតទាក់ទងនឹងកញ្ញារំដួលលិចទឹក ដែលនឹងត្រូវបង្ហាញជូនក្នុងកម្មវិធី «ស៊ីអារម្មណ៍» របស់ស្ថានីយទូរទស្សន៍PNN នៅថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០១៧ ស្អែកនេះ វេលាម៉ោង ១១:០០ ដល់ម៉ោង ១១:៣០នាទីព្រឹក៕
សូមទស្សនាឈុតខ្លីនៃកិច្ចសម្ភាសជាមួយកញ្ញា រំដួលលិចទឹក នៅខាងក្រោម៖