រាជធានីភ្នំពេញ: យុវជនម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក កាមរីព្រូស ក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលរេចង្កូតបុកឡើងរបាំងថ្មពុះចែកទ្រូងផ្លូវ បញ្ឈរកង់២ឡើងលើ បណ្តាលអោយរងការខូចខាតទាំងរថយន្ត និងរបាំងថ្ម នៅចំណុចក្បែរស្តុបទេពផន ស្ថិតតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក នាវេលាម៉ោង២០និង០០នាទីយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧នេះ ។
រថយន្តបង្កហេតុម៉ាក កាមរីព្រូស ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2B-1546 បើកបរដោយយុវជនម្នាក់វ័យប្រមាណ២០ឆ្នាំ ។
ប្រភពអោយដឹងថា យុវជនខាងលើបើកបររថយន្ត តាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនគួរសម លុះមកដល់ចំណុចខាងលើ ទំនងជាវ៉ានឹងអ្វីមួយដែលនៅពីមុខខ្លួន ស្របពេលនោះចរាចរណ៍នៅទីនោះកំពុងស្ទះ ក៏ស្រាប់តែ ជ្រុលចង្កូតបុកកំរោលឡើងបញ្ឈរជើង២លើក្បាលនាគពុះចែកទ្រូងផ្លូវតែម្តង ។
ក្នុងគ្រោះថ្នាក់ខាងលើនេះ បានបណ្តាលអោយក្បាលនាគពុះចែកទ្រូងផ្លូវត្រូវរងការខូចខាតដាច់ចេញពីគ្នាដោយឡែករថយន្ត ត្រូវរងការខូចខាតផ្នែកខាងមុខ គួរសម ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន រួមជាមួយនគរបាលជំនាញចុះអន្តរាគមន៍ វាស់វែងស្ទូចយករថយន្តខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំបន្តនីតិវិធីច្បាប់ ៕
រូបភាពពី ៖ ដំណឹងយប់មិញ