(ស្ទឹងត្រែង)៖ សេចក្តីរាយការណ៍ពី ក្រុមអ្នកយកព័ត៌មាន របស់បណ្តាញព័ត៌មាន Fresh News ដែលបានចុះទៅយកព័ត៌មាន អំពីស្ថានភាពព្រំដែន ដែលភាគីឡាវ ដាក់កងទ័ពឈ្លានពានទឹកដីកម្ពុជានោះ បានបញ្ជាក់ឲ្យដឹងថា នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧នេះ ស្ថានភាពទូទៅក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង មានសភាពស្ងប់ស្ងាត់ ប្រជាពលរដ្ឋប្រកបរបររកស៉ី លក់ដូរ ដូចធម្មតា គ្មានអ្វីប្រែប្រែប្រួលឡើយ បើទោះបីស្ថានភាពនៅព្រំដែនកម្ពុជា-ឡាវ មានភាពតានតឹង ប្រឈមនឹងការផ្ទះអាវុធក៏ដោយ។
សេចក្តីរាយការណ៍បានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋនៅក្រុងស្ទឹងត្រែង ហាក់មិនមានអ្វីប្លែកគួរឲ្យគត់សម្គាល់ឡើយ ពោលគឺពួកគាត់នៅតែធ្វើដំណើរឈូឆរតាមផ្លូវ តាមផ្សារ អ្នកលក់ដូរតាមផ្ទះ នៅតែបើកអាជីវកម្មរបស់ពួកគាត់ដូចសព្វដង។
សូមបញ្ជាក់ថា ស្ថានភាពប្រឈមមុខដាក់គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពឡាវនៅពេលនេះ ហាក់កំពុងតែកើនឡើងកម្ដៅ ដែលធ្វើឲ្យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២១០៧ បានប្រកាសទុកពេលតែ៦ថ្ងៃប៉ុណ្ណោះ ឲ្យកងទ័ពឡាវដែលកំពុងឈ្លានពានទឹកដីកម្ពុជា នៅក្នុងខេត្តស្ទឹងត្រែង ត្រូវដកចេញឲ្យអស់ដោយគ្មានលក្ខខណ្ឌ។
ប្រមុខដឹកនាំប្រទេសកម្ពុជា ដែលធ្លាប់ប្រឡូកជីវិតក្នុងសមរភូមិសង្រ្គាម រាប់មិនអស់រូបនេះ បានបញ្ជាក់ដាច់ណាត់ថា ប្រសិនបើឡាវនៅតែរឹងទទឺង កម្ពុជានឹងប្រើចំណាត់ការតាមផ្លូវយោធា៕