កងទ័ពចាប់ផ្តើមចល័តចេញពីមូលដ្ឋានក្រុងតាខ្មៅហើយ!​

ដោយ ៖ យឹម ឈឿន -  កោះសន្តិភាព
ថ្ងៃសៅរ៏ ទី១២ ខែសីហា ឆ្នាំ២០១៧ ម៉ោង ០៨:៤៨   (12-08-2017 08:48)
រាជធានី​ភ្នំពេញ ៖ កាលពីវេលា​ម៉ោង​១១​:​៣០​នាទី​យប់ ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៧ នេះ រាជរដ្ឋាភិបាល​កម្ពុជា បា​នប​ញ្ជួ​ន​កងទ័ព និង​ស​ញ្វ​វុ​ធ​មួយ​ចំនួន ចេញពី​មូលដ្ឋាន​នៅ​ក្រុង​តា​ខ្មៅ​ឆ្ពោះទៅ​ភូមិភាគ​ឥ​សាន្ត​នៃ​ប្រទេស ឆ្ពោះទៅ​សមរភូមិ​ជួរ​មុខ ក្នុង​ខេត្តស្ទឹងត្រែង ដើម្បី​កា​ពារ និង​បណ្តេញ​ចោរ​ឈ្លានពាន​ទឹកដី​កម្ពុជា ។
សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលា​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៧ បាន​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​ជ្រាប​ថា ៖ នៅ​ពេលវេលា​បន្តិចទៀត​នេះ នឹង​មានការ​ចល័ត​កងទ័ព និង​សព្វាវុធ​មួយ​ចំនួន ចេញពី​មូលដ្ឋាន​នៅ​ក្រុង​តា​ខ្មៅ ឆ្ពោះទៅ​ភូមិភាគ​ឥ​សាន្ត​នៃ​ប្រទេស ដោយ​ត្រូវ​ឆ្លងកាត់​ផ្លូវ​មួយ​ចំនួន​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ រួម​មាន​ផ្លូវជាតិ​លេខ​២ មហាវិថី​ព្រះ​នរោត្តម ស្ពាន​ជ្រោយចង្វារ និង​ផ្លូវជាតិ​លេខ​៦ ។ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​ជ្រាប និង​សូមកុំ​មានការ​ភ្ញាក់ផ្អើល​ចំពោះ​ការ​ចល័ត​កងទ័ព​សំដៅ​ទៅ​ការពារ​ទឹកដី​នៅ​សមរភូមិ​មុខ ។
កា​រប​ញ្ជួ​ន​ទ័ព​ទៅ​កាន់​សមរភូមិ​មុខ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រទេស​ឡាវ ប​ញ្ជួ​ន​ទាហាន​មក​ចូល​ទឹកដី​កម្ពុជា នៅ​តំបន់​ក្បែរ​អូរ​អាឡៃ និង​អូរ​តា​ង៉ាវ ព្រំដែន​ខេត្តស្ទឹងត្រែង និង​ខេត្ត​អា​តា​ពឺ របស់​ឡាវ ។ ជាមួយ​កា​ផ្គើន​របស់​ទាហាន​ឡាវ​នេះ​ដែរ កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៧ នៅ​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​ថ្នាក់ដឹកនាំ​រាជ​បណ្ឌិតសភា​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទុក​ពេល​៦​ថ្ងៃ​ឲ្យ​ឡាវ​ដកទ័ព​ចេញពី​ទឹកដី​កម្ពុជា នៅ​ក្នុង​ខេត្តស្ទឹងត្រែង ហើយ​ការ​កំណត់ពេល​នេះ បន្ទាប់​ពី​លិខិត​របស់ សម្តេច បាន​ផ្ញើ​ទៅ​នាយក​រដ្ឋមន្ត្រី​ឡាវ តែ​មិន​មានការ​ឆ្លើយ​តប​វិញ ។
ទន្ទឹម​នឹង​ការ​ប្រកាស​ដាក់​ឱសានវាទ​ឲ្យ​ឡាវ​ដកទ័ព​នេះ ហើយ​នៅ​ថ្ងៃនេះ​ទី​១២ សម្តេច​តេ​ជោ នឹង​ជិះ​យន្តហោះ​ទៅ​កាន់​ប្រទេស​ឡាវ ដើម្បី​ពិភាក្សា​រឿង​ដកទ័ព​នេះ​ផង​ដែរ និង​បាន​បញ្ជា​មេទ័ព​ឲ្យ​ត្រៀមកម្លាំង​ទៅ​បណ្តេញ​កងទ័ព​ឡាវ​ចេញពី​ប្រទេស​កម្ពុជា​ផង​ដែរ ។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​បញ្ជា​ទៅ​អភិបាល​ខេត្តស្ទឹងត្រែង ឲ្យ​ទៅ​ជួប​អភិបាលខេត្ត​ឡាវ រឿង​ដកទ័ព​នេះ និង​ក៏​បាន​បញ្ជា​ទៅ​មេទ័ព​កម្ពុជា​ឲ្យ​ត្រៀមកម្លាំង​ទៅ​បណ្តេញ​កងទ័ព​ឡាវ​ចេញពី​ប្រទេស​កម្ពុជា​ផង​ដែរ ។
សម្តេច​បាន​បញ្ជាក់​ថា ៖ សម្តេច​បាន​បញ្ជា​ទៅ​រដ្ឋមន្ត្រី​ការពារ​ជាតិ សម្ដេច ទៀ បាញ់​, នាយ​ឧត្តមសេនីយ៍ ប៉ុ​ល សា​រឿ​ន​, នាយ​ឧត្តមសេនីយ៍ គន់ គី​ម រួច​ហើយ នឹង​បើ​មាន​សភាពការណ៍​យ៉ាងណា កុំ​បន្ទោស​កម្ពុជា​ឲ្យ​សោះ ព្រោះ​សម្តេច​បាន​ទាំង​ហៅ​តាម​ទូរស័ព្ទ និង​ផ្ញើ​សំបុត្រ​រួច​ហើយ ។
សម្តេច​តេ​ជោ​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ កុំ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ប្រសិនបើ​ឃើញ​មានការ​ចល័ត​ទ័ព ព្រោះ​ទ័ព​ទាំងនោះ ត្រូវ​ចល័ត​ទៅ​កាន់​ខេត្តស្ទឹងត្រែង ដើម្បី​បណ្តេញ​ទ័ព​ឈ្លានពាន​ចេញពី​ដី​កម្ពុជា ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ទៅ​កាន់​ភាគី​ឡាវ​ថា មិត្តភក្តិ​ជា​រឿង​មិត្តភក្តិ តែ​មិន​អាច​ឲ្យ​មិត្តភក្តិ​មក​ជាន់​ក្បាល ខ្មែរ នោះ​ទេ ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា សម្តេច​បាន​ចាត់ចែង​មេទ័ព​ខ្មែរ​រួច​អស់ហើយ ឲ្យ​ត្រៀមលក្ខណៈ​សម្បត្តិ​បណ្តេញ​ទ័ព​ឡាវ​ចេញពី​ដី​ខ្មែរ ។
យ៉ាងណា​ក៍ដោយ មក​ទល់​នឹង​រសៀល​ម្សិលមិញ មិន​ទាន់​មានការ​ផ្ទុះអាវុធ​នៅឡើយ​ទេ យោធា​នៅ​ព្រំដែន​ខ្មែរ​-​ឡាវ មាន​ភាព​តានតឹង​ខ្លាំង តែ​មិន​ទាន់​ផ្ទុះអាវុធ​ដាក់​គ្នា​នោះ កង​យោធពលខេមរភូមិន្ទ ត្រូវ​បាន​បញ្ជូន​បន្ថែម​ទៅ​កាន់​ខេត្តស្ទឹងត្រែង ទី​ដែល​ទាហាន​ឡាវ​ចូល​មក​ឈ្លានពាន​បូរណភាព​ទឹកដី និង​អធិប​តយ្យ​ជាតិខ្មែរ ។
ចំណែក​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុជា នាយ​ឧត្តមសេនីយ៍ ឈុំ សុ​ជាតិ បាន​ថ្លែងប្រាប់​បណ្តាញ​ព័ត៌មាន ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៧​នេះ​ថា ៖ កង​យោធពលខេមរភូមិន្ទ បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ហើយ ក្នុង​ការ​ប្រឈម​មុខ​តទល់​ជាមួយ​ភាគី​ឡាវ ដោយ​រង់ចាំ​បទបញ្ជា​ពី​ថ្នាក់​កំពូល​តែ​ប៉ុណ្ណោះ ។ នាយ​ឧត្តមសេនីយ៍ ឈុំ សុ​ជាតិ បាន​បញ្ជាក់​ថា កង​យោធពលខេមរភូមិន្ទ មាន​ភារកិច្ច​ការពារ​ទឹកដី​កម្ពុជា មិន​ឱ្យ​បាត់បង់ ។ កង​យោធពលខេមរភូមិន្ទ សូម​រក​ក្សា​សិទ្ធិ​ការពារ​នូវ​បូរណភាព​ទឹកដី​របស់​ខ្លួន ហើយ​ប្រឆាំង​ដាច់ខាត​នូវ​ការ​រំលោភ​ព​បំពាន​ណាមួយ​មក​លើ​ទឹកដី​កម្ពុជា ។
សូម​បញ្ជាក់​ថា ចាប់តាំងពី​ខែកុម្ភៈ ឆ្នាំ​២០១៧ មក យោធា​កម្ពុជា និង​ឡាវ ធ្លាប់​បាន​ប្រឈម​មុខ​គ្នា​ជា​ថ្មី បន្ទាប់​ពី​ភាគី​ឡាវ បាន​ចេញ​មក​ទប់ស្កាត់​គ្រឿងចក្រ​របស់​ភាគី​កម្ពុជា ដែល​ឈូស​ឆាយ​ដើម្បី​ធ្វើ​ផ្លូវ​តាម​ខ្សែ​ក្រ​វ៉ា​ត់​ព្រំដែន​កម្ពុជា​-​ឡាវ ដែល​ស្ថិត​នៅ​ក្នុង​ទឹកដី​ខេត្តស្ទឹងត្រែង ប្រទេស​កម្ពុជា ។ ប៉ុន្តែ​ការ​ប្រឈម​មុខ​គ្នា​នេះ បាន​ស្ងប់ស្ងាត់​ទៅ​វិញ បន្ទាប់​ពី​មានការ​សម្របសម្រួល​ដោយ​ភាគី​ទាំង​ពីរ​នៅ​តំបន់​នោះ ។ ទោះជា​យ៉ាងនេះ​ក្តី ក៏​ភាគី​កងទ័ព​ឡាវ នៅ​មិន​ទាន់​ដកទ័ព​ចេញពី​ព្រំដែន ក្នុង​ទឹកដី​កម្ពុជា​នៅឡើយ​ទេ ។​
ប្រភពពី កោះសន្តិភាព