ក្រុមប្លន់ប្រដាប់អាវុធ ដែលធ្វើសកម្មភាពជាច្រើនករណីនៅ​ភ្នំពេញ ត្រូវបង្ក្រាបបាន​នៅផ្ទះសំណាក់ «ឧត្តុង្គមហាហេង» ស្រុកពញាឮ, រសៀលនេះតុលាការសម្រេចឃុំខ្លួន


ខេត្តកណ្ដាល ៖ កម្លាំងនគរបាលខេត្តកណ្ដាល បានបង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធ២នាក់ ដែលធ្វើសកម្ម​ភាពយ៉ាងច្រើនករណី​ក្នុងរាជធានីភ្នំពេញ នៅចំណុចផ្ទះសំណាក់ ឧត្តុង្គមហាហេង ស្ថិតក្នុងភូមិចតុទិស ឃុំវិហារលួង ស្រុកពញាឮ។
លោកឧត្តមសេនីយ៍ត្រី រឿ​​ន ណារ៉ា ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧នេះថា ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើង ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧​ ដោយ​ចាប់បានជនសង្ស័យ២នាក់​ ឈ្មោះ គា សុវណ្ណារ៉ា ​អាយុ២២ឆ្នាំ និងឈ្មោះ ចាន់ រដ្ឋា អាយុ១៧​ឆ្នាំ​។ បើតាមលោកស្នងការរង ជុំវិញរង្វង់ប្រតិបត្តិការនេះ កម្លាំងជំនាញដកហូតបាន កាំភ្លើងខ្លី​​១​ដើម ម៉ាក​រ៉ូឡូ WL, គ្រាប់ចំនួន​​៥​គ្រាប់, ទូរស័ព្ទ​១គ្រឿង​និងអាយផេត១គ្រឿងផងដែរ។ លោកឧត្តមសេនីយ៍ត្រីស្នងការរង បានរៀបរាប់ពីដំណើរសាច់រឿងថា កម្លាំងមហាជនល្អ​បានផ្តល់ព័ត៌​មានថា មានជនសង្ស័យ​មកចូលដេកផ្ទះសំណាក់ ដោយមានការសង្ស័យខាងលើ ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញ​បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារលួង បានចុះទៅឆែកឆេរបន្ទប់ស្នាក់នៅ បានរកឃើញ​(អាវុធ) វត្ថុតាងខាងលើ ភ្លាមនោះកម្លាំងជំនាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់ អធិការដ្ឋាននគរបាលស្រុកពញាឮ​​។
បើតាមចម្លើយសារភាព ពួកគេបានធ្វើសកម្មភាពជាច្រើនករណីនៅរាជធានីភ្នំពេញ ហើយលើកចុងក្រោយនេះ បានប្លន់ម៉ូតូ Zommer-X មួយគ្រឿងផងដែរ។
ដោយឡែកនៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២​០១៧នេះ សាលាដំបូងខេត្តកណ្ដាល បានសម្រេចឃុំខ្លួនជនសង្ស័យទាំង២នាក់ផងដែរ៕ (ទាំងស្រុងពី Fresh News)