រាជធានីភ្នំពេញ ៖ នារីម្នាក់ជាអ្នករកស៊ីផ្លូវភេទនៅម្ដុំវត្តភ្នំ ត្រូវបុរសម្នាក់ជាម្ចាស់រ៉ឺម៉កម៉ូតូយកដាវសាំម៉ូរៃ កាប់ឲ្យរងរបួស ដៃហូរឈាមស្រោចខ្លួន ខណៈមិនត្រូវគ្នាពីទីតាំង ដែលត្រូវនាំគ្នាទៅឡើងឋានសួគ៌ បង្កការភ្ញាក់ផ្អើលទាំងកណ្ដាលអធ្រាត្រ ថ្ងៃទី២០ សីហា ២០១៧ នៅតាមបណ្ដោយផ្លូវលេខ២៧៣ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ភ្នំពេញ ។
បើតាមសម្ដីនារីរងគ្រោះ សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា មុនពេលកើតហេតុ រូបនាង(រកស៊ីផ្លូវភេទ) ឈរនៅម្ដុំវត្តភ្នំ ស្រាប់តែមានបុរសរត់រ៉ឺម៉កម៉ូតូម្នាក់ មករកសេវាផ្លូវភេទ ដោយហៅនាងទៅជាមួយ ។ ខណៈនោះ នាងបានទារតម្លៃខ្លួន ៣ម៉ឺនរៀល តែបុរសខាងលើមានតែ២ម៉ឺនរៀល ហើយនាងក៏យល់ព្រមទៅដោយជិះរ៉ឺម៉កម៉ូតូជាមួយគ្នា ។
នារីរកស៊ីផ្លូវភេទជាជនរងគ្រោះ បន្តថា បន្ទាប់មកគេ បានដឹកនាងទៅរកផ្ទះសំណាក់នៅម្ដុំបឹងកក់ តែខាងប្រុស គ្មានលុយឲ្យថ្លៃផ្ទះសំណាក់ ក៏បន្តដំណើរទៅដល់ ម្ដុំអង់តែនទួលគោក ។ ពេលនោះស្ត្រីរងគ្រោះបាននិយាយថា «ផ្ទះសំណាក់ឆ្ងាយពេក នាងមិនទៅទេ ព្រោះខ្លាច» ពេលនោះ ជនសង្ស័យខាងលើក៏ផ្ទុះកំហឹង ហើយបានស្រែក ឡូឡារដាក់នាង ។ រំពេចនោះ បុរសជាជនសង្ស័យក៏បាន ទាញដាវសាំម៉ូរៃ១ដើម ចេញពីរ៉ឺម៉កម៉ូតូរបស់គេ កាប់ទៅលើ នារីរងគ្រោះ មួយកាំបិត សម្ដៅក្បាល តែនាងបានរង ក៏ត្រូវចំ រយះដៃឆ្វេង បណ្ដាលឲ្យរងរបួសហូរឈាមស្រោចខ្លួនតែម្តង ។
នារីរងគ្រោះមានអាយុ៣០ឆ្នាំ ស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់ទួលសង្កែ បានរងរបួសដៃឆ្វេងមួយដាវ ដេរជាង១០ថ្នេរ និងរងរបួសដៃស្តាំមួយដាវប៉ោងជាំខ្មៅ ។
ចំណែកឯបុរសដែលជាជនបង្កមានអាយុជាង៤០ឆ្នាំ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ បន្ទាប់ពីកើតហេតុ ជនសង្ស័យ ដែលជាអ្នកម្ចាស់រ៉ឺម៉កម៉ូតូខាងលើ បើករត់គេចខ្លួន ពីកន្លែងកើតហេតុភ្លាមៗផងដែរ ។ ក្រោយពេលកើតហេតុមួយសន្ទុះ ទើបគេឃើញមានសមត្ថកិច្ច ចុះមកដល់កន្លែង និងបានហៅ រថយន្តសាមុយមកដឹក នារីរងគ្រោះ ទៅមន្ទីរពេទ្យដើម្បីព្យាបាលមុខរបួស ៕