ខឹងនឹងកូនស្រីទៅធ្វើប្រពន្ធចុងគេដែលសុខចិត្តរស់នៅជាមួយប្រពន្ធដើមគេទៀត.. ម្ដាយក៏ប្ដឹងថា​គេចាប់​កូនស្រី​បង្ខាំងទុក

ប៉ៃលិន៖ សមត្ថកិច្ចបាននាំគ្នាផ្អើលរត់ទៅកាន់ផ្ទះ កើតហេតុដើម្បីបង្ក្រាបភ្លាមៗក្រោយ ទទួលបានដំណឹងពី អគ្គព្រះរាជ​អាជ្ញារង អមសាលាឧទ្ទរណ៏ថាមានករណីបង្ខាំងក្មេង​ស្រីដើម្បី​នាំចេញទៅក្រៅប្រទេស តែពេលសមត្ថកិច្ចចុះ​ទៅដល់ទីតាំង​កើតហេតុ បែរជារឿងផ្សេង មិនមានករណីបង្ខាំងមនុស្សដូចបណ្ដឹង នោះឡើយតាមពិតវាជារឿងស្ត្រីវ័យក្មេង ម្នាក់សុខចិត្ត​ទៅធ្វើប្រពន្ធចុងគេដោយរស់នៅក្រោមដំបូលផ្ទះជាមួយប្រពន្ធដើមដោយសុខសាន្ត។ ហេតុការណ៏នេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧កន្លងទៅនេះ ស្ថិតនៅ​ចំណុចភូមិថ្មី ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្ត​ប៉ៃលិនគឺលំនៅឋានរបស់ឈ្មោះហ៊ីវ វណ្ណា ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។តាមមន្ត្រីនគរបាល​ខេត្តប៉ៃលិនបាន​អោយដឹងថា នៅមុនពេលកើតហេតុគឺមាន សេចក្ដីរាយការណ៏ពីលោកពេញ​ វិបុល អគ្គព្រះរាជអាជ្ញារងអមសាលាឧទ្ទរណ៏ថាមានករណីបង្ខាំងក្មេងស្រីអាយុ១៦ឆ្នាំដើម្បីទុកនាំចេញដោយលោកអគ្គព្រះរាជអាជ្ញា អះអាងថាលោកទទួលបាន​បណ្ដឹងពីស្ត្រីជាម្ដាយក្មេងស្រីរងគ្រោះ។លុះពេលកម្លាំងជំនាញចុះទៅដល់ បានជួបនារីចំនួន​ពីរនាក់ ម្នាក់ឈ្មោះ លន់ និមល ភេទស្រី អាយុ ២០ឆ្នាំ (ជនសង្ស័យរងគ្រោះ) និង​ឈ្មោះ ជុំ ចន្ទ្រា ភេទស្រី អាយុ២៨​ឆ្នាំ (ប្រពន្ធដើម) រួចក៏បានធ្វើការសាកសួរទៅលើនារីឈ្មោះ លន់ និមល នៅនឹងកន្លែងកើតហេតុ។ តាមចម្លើយ គឺពុំមានករណីចាប់បង្ខាំងមនុស្សដូចពាក្យម្តាយរបស់នាង(លន់ និមល)បានប្តឹងទៅ​អគ្គព្រះរាជអាជ្ញារង នៃសាលាឧទ្ធរណ៍នោះទេ គឺរូបនាងបានស្រឡាញ់គ្នា និងរស់នៅជាមួយបុរសឈ្មោះហុីវ វណ្ណាដែលមាន ប្រពន្ធឈ្មោះជុំ ចន្ទ្រា អស់រយៈពេល៥ឆ្នាំកន្លងមកហើយ ពុំមាននរណាចាប់បង្ខាំងរូបនាងទុកនោះឡើយ ហើយហេតុការណ៍ខាងលើ​នេះកើតឡើងដោយសារ តែម្តាយរបស់នាងបានខឹងសម្បានឹងរូបនាង ដោយមូលហេតុហៅនាងត្រឡប់ទៅផ្ទះវិញ តែនាងពុំព្រមទៅ និងព្រមនៅធ្វើជាប្រពន្ធចុងបុរសឈ្មោះហុីវ វណ្ណាទៀត។ បច្ចុប្បន្ននារីឈ្មោះលន់ និមល់ បានរស់នៅជាមួយប្តី និងប្រពន្ធដើមរបស់គេនៅក្រោមដំបូលផ្ទះតែមួយយ៉ាងសុខសាន្ត ស្ថិតក្នុងភូមិថ្មី ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ពុំមានបញ្ហាអ្វីឡើយ៕