វិទ្យុABC ចេញរថយន្ត២គ្រឿង ទៅជួយដឹកសាកសពជនរងគ្រោះ ៣នាក់បងប្អូន ស្លាប់ដោយសាររថយន្តបើកបុករះ នៅផ្លូវមុនីវង្ស យកទៅធ្វេីបុណ្យដល់ស្រុកកំណេីត នៅខេត្តកំពង់ចាម
រាជធានីភ្នំពេញ ៖ សពមនុស្ស៣នាក់ (ស្រី២នាក់ ប្រុសម្នាក់) ដែលស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ រថយន្តបើកបុករះម៉ូតូ នៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវបានក្រុមគ្រួសារទាក់ទងទៅស្ថានីយ៍វិទ្យុABC ជួយរថយន្តដឹកសាកសពផង ដេីម្បីយកសពទៅធ្វេីបុណ្យនៅឯស្រុកកំណេីត នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ភ្លាមៗនោះស្ថានីវិទ្យុABC បានអោយក្រុមការងារចេញរថយន្ត២គ្រឿងទៅដល់កន្លែងភ្លាមៗ និងរៀបចំធ្វេីការដឹកសាកសពរួចចេញដំណេីរទៅតែម្ដង។ (ដោយរថយន្តអន្តរាគមន៍វិទ្យុABC ជាអំណោយរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រគល់ជូនស្ថានីយ៍វិទ្យុABC សំរាប់ចេញអន្តរាគមន៍ និងសកម្មភាពមនុស្សធម៍ក្នុងសង្គម)៕
បន្ថែមក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្តមួយគ្រឿង បើកបុករះម៉ូតូ នៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន (ចន្លោះ ចំណុចច្រមុះជ្រូកក្បាលថ្នល់នោះ មកវិទ្យាល័យបឹងត្របែក ខាងមុខ អតីតរោងចក្រ គង់ហុង កាត់ដេរ) ដែលបានបណ្តាលឲ្យស្លាប់មនុស្ស៣នាក់(ស្រី២នាក់ ប្រុសម្នាក់) និងរបួសប្រមាណ១០នាក់ ព្រមទាំងខូចខាតម៉ូតូជិត១០គ្រឿង។ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាប្រហែលម៉ោង៦៖៣០នាទីល្ងាច ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ បង្កដោយរថយន្តមួយគ្រឿងម៉ាកកាមរីឆ្លាម ពាក់ស្លាកលេខភ្នំពេញ 2M-2245។
សេចក្ដីរាយការណ៍បានបន្តថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលមកពីជនបង្ក បានបើករថយន្ត ពីជើងទៅត្បូង ស្រាប់តែដល់ចំណុចកើតហេតុ ពោលនៅមុខអតីតរោងចក្រ គង់ហុង កាត់ដេរ ស្រាប់តែជ្រុលទៅបុកជនរងគ្រោះ ប្រុសស្រី៣នាក់ កំពុងបើកម៉ូតូឆ្លងផ្លូវ ហើយក៏ជ្រុលទៅបញ្ច្រាសផ្លូវ បើកបុករះម៉ូតូរបស់ប្រជាពលរដ្ឋផ្សេងទៀត ដែលកំពុងធ្វើដំណើរមកពីមុខ បណ្តាលឲ្យស្លាប់ និងរបួសជាច្រើននាក់ គួរឲ្យរន្ធត់។ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្តាលឲ្យស្ត្រី២នាក់ និងបុរសម្នាក់ទៀត បានស្លាប់ភ្លាមៗ នៅហ្នឹងកន្លែងកើតហេតុ ខណៈអ្នករងគ្រោះរបួសជិត១០នាក់ ព្រមទាំងខូចខាតម៉ូតូជិត១០គ្រឿងផងដែរ។
ដោយសារតែកំហឹងខ្លាំងពេក ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បាននាំគ្នាវាយអ្នកបើករថយន្តស្ទើរស្លាប់ និងនាំគ្នាទៅវាយរថយន្តបណ្តាលឲ្យខូចខាតស្ទើរទាំងស្រុង។ បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចបានព្យាយាមជួយយកអ្នកបើករថយន្ត ចេញពីកន្លែងកើតហេតុ និងជួយអន្តរាគមន៍ ខណៈនោះមានការផ្ទុះតវ៉ាយ៉ាងខ្លាំងពីប្រជាពលរដ្ឋ។ ជាមួយគ្នានេះ កម្លាំងនគរបាលក៏បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យទៅជួយបាញ់ទឹក ខ្លាចក្រែងផ្ទុះឆេះនៅពេល ប្រជាពលរដ្ឋវាយកម្ទេចនោះ។
ស្ត្រីរងគ្រោះទាំង២នាក់ គឺជាបងប្អូនភ្លោះ និងបុរសម្នាក់ជាបងប្អូន ដែលបានស្លាប់នោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ហេីយត្រូវបានក្រុមគ្រួសារ ទាក់ទងទៅស្ថានីយ៍វិទ្យុABC ជួយរថយន្តដឹកសាកសពផង ដេីម្បីយកសពទៅធ្វេីបុណ្យនៅឯស្រុកកំណេីត នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម។ រីឯអ្នករបួស ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ។
សម្រាប់រថយន្តបង្កដែលខូចខាតស្ទើរទាំងស្រុងនោះ និងម៉ូតូរបស់ជនរងគ្រោះផ្សេងទៀត ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក ដើម្បីចាត់ការបន្តទៀតតាមផ្លូវច្បាប់។
យ៉ាងណាក៏ដោយ ស្ថានភាពរញ៉េរញ៉ៃ ដែលប្រជាពលរដ្ឋផ្ទុះកំហឹងយ៉ាងខ្លាំងនោះ បានស្ងប់ស្ងាត់ទៅវិញ នៅប៉ុន្មានម៉ោងក្រោយ ហើយភ្នាក់ងារយើងបានស្រាវជ្រាវរកអត្តសញ្ញាណរបស់ជនបង្កបានច្បាស់ហើយគឺមានឈ្មោះ មាស សុខហេង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរលក់ទូរស័ព្ទដៃ ស្នាក់នៅផ្ទះលេខ១១១ ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ បច្ចុប្បន្នជនបង្ករូបនេះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ មិត្តភាពខ្មែរ សូវៀត។ ពិភពចែករំលែក៚