រាជធានីភ្នំពេញ ៖ ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈតាមដងផ្លូវ ជាកត្តាសំខាន់ក្នុងការដោះស្រាយបញ្ហាចរាចរណ៍ លើកកម្ពស់កិត្តិយសជាតិ និងកាត់បន្ថយបានភាពអនាធិបតេយ្យតាមដងផ្លូវនានា ក្នុងរាជធានីភ្នំពេញ។ បច្ចុប្បន្ន បញ្ហាមួយនេះ កំពុងបង្កផលលំបាក និងបញ្ហាមួយចំនួនដល់ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីជាបេះដូងរបស់ប្រទេសកម្ពុជា។
បញ្ហាចរាចរណ៍នេះដែរ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ បានរកឃើញថា ប្រជាពលរដ្ឋមួយចំនួនដែលជាម្ចាស់លំនៅដ្ឋាន ម្ចាស់សហគ្រាស ម្ចាស់ហាង ម្ចាស់អាជីវកម្ម មន្ទីរពេទ្យ សាលារៀន ស្ថាប័នរដ្ឋ និងគ្រឹះស្ថានឯកជនផ្សេងទៀត បាន និងកំពុងប្រើប្រាស់ទ្រូងផ្លូវ ចិញ្ចើមផ្លូវ និងជាយផ្លូវ ដោយបំពានច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន ជាពិសេសបំពានលើច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ច្បាប់ស្ដីពីផ្លូវថ្នល់ ច្បាប់ និងបទដ្ឋានគតិយុត្តដែលអនុវត្តន៍ក្នុងវិស័យនគរូបនីយកម្ម និងសំណង់។
បើតាមអាជ្ញាធរក្រុងភ្នំពេញ អំពើរំលោភបំពានទាំងនេះ បង្កឲ្យមានការកកស្ទះចរាចរណ៍ និងជះឥទ្ធិពលអវិជ្ជមានដល់សណ្ដាប់ធ្នាប់សាធារណៈ និងសោភណភាពរាជធានីភ្នំពេញ។ អំពើរំលោភបំពានទាំងនោះ មានជាអាទិ៍ ការយកទ្រូងផ្លូវ ចិញ្ចើមផ្លូវ និងជាផ្លូវធ្វើជាចំណតយានជំនិះ ការតសំយ៉ាប ការហ៊ុំព័ទ្ធយកចិញ្ចើមផ្លូវ ការយកផ្លូវថ្មើរជើង ឬចិញ្ចើមផ្លូវធ្វើទីតាំងការដ្ឋានទុកដាក់សម្ភារៈ ឬដាក់តាំងបង្ហាញទំនិញ ឬប្រកបអាជីវកម្មផ្សេងៗជាលក្ខណៈឯកជនជាដើម។
ដើម្បីដោះស្រាយបញ្ហានេះ អាជ្ញាធរក្រុងភ្នំពេញ បានសម្រេចជ្រើសរើសយកផ្លូវសំខាន់ៗ ចំនួន១១ខ្សែ ធ្វើជាអាទិភាពគំរូ សម្រាប់អនុវត្តវិធានការដោះស្រាយចរាចរណ៍ និងរៀបចំសណ្ដាប់ធ្នាប់សាធារណៈ មុននឹងបន្តអនុវត្តន៍ចំពោះបណ្ដាទីតាំងផ្សេងៗទៀត ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ផ្លូវអាទិភាពគំរូទាំង១១ រួមមាន ១- មហាវិថីសហព័ន្ធរុស្ស៊ី ២- មហាវិថីព្រះមុនីវង្ស ៣- មហាវិថីកម្ពុជាក្រោម ៤- មហាវិថីម៉ៅសេទុង ៥- មហាវិថីព្រះសីហនុ និងមហាវិថីនេរុហ៍ ៦- មហាវិថីព្រះនរោត្តម ៧- មហាវិថីសម្ដេចមុនីរ៉េត ៨- ផ្លូវឧកញ៉ាទេពផន ៩- មហាវិថីហ្សាលឌឺហ្គោល ១០- មហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) និងផ្លូវឧកញ៉ាឃ្លាំងមឿង (ផ្លូវលេខ៧០) និង១១- តិរវិថីព្រះស៊ីសុវត្ថិ។
ដើម្បីឲ្យសណ្ដាប់ធ្នាប់តាមដងផ្លូវ និងចរាចរណ៍បានល្អប្រសើរ អាជ្ញាធរសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ គណៈបញ្ជាការគ្រប់ខណ្ឌ និងកងកម្លាំងមានសមត្ថកិច្ច ចូលរួមអនុវត្តន៍តាមសេចក្ដីណែនាំរបស់រដ្ឋបាលសាលារាជធានីចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧កន្លងទៅ ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត។
សូមទស្សនាខ្សែវិដេអូអប់រំអំពីបញ្ហាចរាចរណ៍ និងការរំលោភបំពានផ្លូវសាធារណៈ ដែលផលិតដោយសាលារាជធានីភ្នំពេញ ដូចខាងក្រោម៕