សូមអាជ្ញាធរមេត្តាមានវិធានការទីតាំងក្លឹបនោះផង បើមានរឿងបង្ករអសន្តិសុខដល់សង្គមស្ទើរជារឿងរាល់យប់បែបនេះ និងជាពិសេសពលរដ្ឋដែលនៅជិតនោះ រស់នៅក្នុងភាពភយ័ខ្លាច..!
ករណី!យកកែវវាយគ្នាបែកក្បាលផ្អើលពេញក្លឹបកំសាន្ត Rain Disco Club ទាំងកណ្ដាលយប់
រាជធានីភ្នំពេញ ៖ យុវជនម្នាក់រងរបួសបែកក្បាលហូរឈាមជោគខ្លួនត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យជ័យជំនះភ្លាមៗ ក្រោយពីត្រូវ យុវជនម្នាក់ទៀតយកកែវវាយបែកក្បាល គ្រាន់តែដើរ ទើសដៃ បង្កការភ្ញាក់ផ្អើលពេញ ក្នុងក្លឹបកំសាន្តរ៉េន (RAIN DISCO CLUB) ចំណែកជនបង្ករបួសស្នាមនោះ ត្រូវបានកម្លាំងល្បាតអាវុធហត្ថខណ្ឌមានជ័យបានឃាត់ខ្លួនបានភ្លាមៗផងដែរ។
ករណីវាយគ្នានេះកើតឡើងកាលពីវេលាម៉ោង០០:២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧នេះ នៅក្នុងក្លឹបកំសាន្តរ៉េន (RAIN DISCO CLUB) ក្នុងដីលេខ១៥៨១ តាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភ្នំពេញ ។
ប្រភពពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនកើតហេតុជនសង្ស័យដែលបង្ករបួសស្នាមបានផឹកស្រានៅសាឡុងលេខ៩ ក្បែរគ្នានឹងជនរងគ្រោះសាឡុង លេខ៨ លុះដល់វេលាកើតហេតុខាងលើ ជនរងគ្រោះក៏បានដើរទៅបម្រុងចូលបន្ទប់ទឹកក៏ទើសដៃជនសង្ស័យបណ្ដាលឲ្យធ្លាក់កែវស្រាបែកខ្ចាយ ហើយជនរងគ្រោះក៏បានលើកដៃនិយាយសុំទោសដែរ ស្រាប់តែជនសង្ស័យបានទាញកែវស្រាដែលនៅលើតុវាយទៅលើជនរងគ្រោះ២កែវផ្ទួនៗគ្នា រួចទាញថូស្រាបៀរ បម្រុងវាយទៅលើជនរងគ្រោះទៀត តែត្រូវបានសន្តិសុខក្នុងក្លឹបរ៉េនជួយឃាត់ទាន់ ដែលបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ភ្លាមៗនោះសន្តិសុខបាននាំទៅសាកសួរនិងទាក់ទងទៅកម្លាំងអាវុធហត្ថដែលដាក់គោលដៅប្រចាំការមុខក្លឹបកំសាន្តរ៉េន (RAIN DISCO CLUB) នោះអោយមកឃាត់ខ្លួន យកទៅសាកសួរបន្តតែម្ដង។
ចំណែកឯជនរងគ្រោះមានឈ្មោះ ទូច អាយុ១៨ឆ្នាំ មានទីលំនៅម្ដុំរោងចក្រស៉ីម៉ងត៍ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ របួសបែកក្បាល ហូរឈាមជោគខ្លួនត្រូវបានមិត្តភ័ក្តដឹកទៅមន្ទីរពេទ្យជ័យជំនះរងរបួសក្បាលធ្ងន់ដេរជាង៣០ថ្នេរ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងល្បាតអាវុធហត្ថខណ្ឌមានជ័យបញ្ជូនទៅមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យដើម្បីសាកសួរបន្តនិតិវីធី។
ចំណែកមួយករណីទៀត គឺបុរសម្នាក់បានដកកាំភ្លើង ពីក្នុងរថយន្ត Lexus ពាក់ស្លាកលេខ ខេមរភូមិន្ទ 2-4663 គំរាមបាញ់គេឯងនៅមុខក្លឹប Rain Disco Club នេះ កាលពីវេលាម៉ោងជិត០២ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧នេះដូចគ្នា។
ប្រភពព៏ត៏មានបានបង្ហើបថា បុរសដែលដកកាំភ្លើងគំរាមបាញ់គេ ជាមន្ត្រីយោធា។
តើថ្នាក់លើនិងវែកមុខបុរសម្នាក់ដែលប្រើអំណាច ឬប្រើឥទ្ធិពលសុរ៉ា បានដែរឬទេ....?
បន្ទាប់ពីមួយរយះនេះហាក់បីដូចជាមានការបាញ់បោះសេរីយ៉ាងអាណាធិបតេយ្យ....។
@