រាជធានីភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមានរថយន្តកុងតឺន័រ មួយគ្រឿងបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយត្ន័ បានបួងចង្កូតឡើង លើខឿនសួនច្បារចែកទ្រូងផ្លូវបុករះស្លាកប៉ាន់ណូSmart បាក់រាបដល់ដី រួចបន្តបុករះម៉ូតូសង់១២៥ របស់មន្ត្រីកងរាជអាវុធហត្ថខណ្ឌដង្កោ ពេញទំហឹង ខ្ទាតចូលខាងក្រោមរថយន្ត អូសជិត១០ម៉ែត្រ បណ្តាលឲ្យរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង ១១ថ្ងៃត្រង់ ទី១៤ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចខាងត្បូង សាលាសង្កាត់ដង្កោ តាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះ ដែលរបួសធ្ងន់ខាងលើ មានឈ្មោះ យ៉ក់ ពិសិដ្ឋ ភេទប្រុស អាយុ៣៧ឆ្នាំ ជាមន្ត្រីកងរាជអាវុធហត្ថ ប្រចាំនៅទីបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌដង្កោ ស្នាក់នៅច្បារអំពៅ ខណ្ឌច្បារអំពៅ របួសធ្ងន់បាក់ជើង២កំណាត់ បាក់ឆ្អឹងដងកាំបិត និងបែកក្បាល បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុផ្ទាល់បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តបង្ក ជាប្រភេទរថយន្តកុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ 3A-8347 (ខាងមុខ) និងមានស្លាកលេខ ភ្នំពេញ 4A-2732 (នៅខាងក្រោយ) បើកតាមបណ្តោយផ្លូវ២១៧ លុះដល់ចំណុចខាងត្បូងសាលាសង្កាត់ដង្កោ ស្រាប់តែរថយន្តខាងលើបានជ្រុលចង្កូតបើកឡើងខឿនសួនច្បារចែកទ្រូងផ្លូវ បន្តបុករះស្លាកប៉ាន់ណូរបស់ ក្រុមហ៊ុន Smart បាក់រាបដល់ដី រួចបន្តទៅបុកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ដែលកំពុងជិះដោយមន្ត្រី កងរាជអាវុធហត្ថខណ្ឌដង្កោ ចំពីក្រោយពេញទំហឹង បណ្តាលឲ្យខ្ទាតចូលខាងក្រោមរថយន្ត អូសប្រមាណជិត១០ម៉ែត្រ បណ្តាលឲ្យបាក់ជើង២កំណាត់ បាក់ឆ្អឹងដងកាំបិត និងបែកក្បាលរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ី។ភ្លាមៗនោះដែរ បើតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ បាននិយាយថា គេបានឃើញអ្នកបើកបររថយន្ តបង្កខាងលើនេះ បានបើកទ្វារថយន្តចុះរត់គេចខ្លួនចូលទៅក្នុងឃ្លាំង ដែកមួយកន្លែង ដែលនៅខាងត្បូងចំណុចកើតហេតុប្រហែល២០០ម៉ែត្រ តែពេលសមត្ថកិច្ចចូលទៅសួរនាំ បែរជារកមិនឃើញនោះទេ ហើយបច្ចុប្បន្នម៉ូតូ រួមនិងរថយន្តខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង ប្រគល់ទៅឲ្យខាងជំនាញចរាចរណ៍ក្រុង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នា ពេលក្រោយ តាមច្បាប់បន្តទៀត។
ប៉ុន្តែសូមបញ្ជាក់ផងដែរថា មានមតិប្រជាពលរដ្ឋជាច្រើនដែលធ្វើដំណើរឆ្លងកាត់តាមបណ្តោយផ្លូវ២១៧ខាងលើ ផ្ទុះការរិះគន់សារជាថ្មីឡើងវិញ ខណៈដែលរថយន្តធុនធំ ប្រភេទកុងតឺន័រ និងដឹកដី ជាច្រើនគ្រឿង បានធ្វើដំណើរយ៉ាងមមាញឹក ដូចសសៃឈាម តាមបណ្តោយផ្លូវខាងលើ បានដោយសេរី ទាំងដែលផ្ទុយទៅនឹងច្បាប់ចរាចរណ៍ផ្លូវគោក ដែលបានហាមប្រាមផងដែរ៕