[ពិភពចែករំលែក ដកស្រង់ពី Fresh News]
រាជធានីភ្នំពេញ ៖ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧នេះ គឺជាគម្រប់៥ឆ្នាំហើយ ដែលព្រះវររាជបិតាឯករាជ្យជាតិខ្មែរ សម្តេច នរោត្តម សីហនុ បានយាងសោយទិវង្គតចាកចោលប្រជារាស្រ្ត និងដែនដ៏ជាទីស្នេហារបស់ព្រះអង្គ ហើយក៏ថ្ងៃដែលកូនខ្មែរ និងជាតិខ្មែរទាំងមូលសោកសៅជាទីបំផុត។
សម្តេចព្រះបរមរតនកោដ្ឋ ត្រូវបានប្រជារាស្ត្រខ្មែរទាំងមូល ចាត់ទុកជាអង្គព្រះមហាក្សត្រ និងជាមហាវីរក្សត្រខ្មែរ ដែលបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណពេញមួយព្រះជន្មរបស់ព្រះអង្គ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងនាំមកនូវឧត្តមប្រយោជន៍សម្រាប់ប្រជារាស្រ្តរបស់ព្រះអង្គ ជាពិសេសព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យពីប្រទេសបារាំងនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។
រាជធានីភ្នំពេញ ៖ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧នេះ គឺជាគម្រប់៥ឆ្នាំហើយ ដែលព្រះវររាជបិតាឯករាជ្យជាតិខ្មែរ សម្តេច នរោត្តម សីហនុ បានយាងសោយទិវង្គតចាកចោលប្រជារាស្រ្ត និងដែនដ៏ជាទីស្នេហារបស់ព្រះអង្គ ហើយក៏ថ្ងៃដែលកូនខ្មែរ និងជាតិខ្មែរទាំងមូលសោកសៅជាទីបំផុត។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ ក្នុងពេលជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៅវិមានសន្តិភាព បានសម្តែងនូវក្តីអាឡោះអាល័យដល់សម្តេចព្រះបរមរតនកោដ្ឋ ព្រមទាំងបានស្នើដល់អ្នកចូលរួមកម្មវិធី និងសិស្សៗទាំងអស់ក្រោកឈរស្មឹងស្មាធិ៍រយៈពេលប្រមាណ ១នាទីផងដែរ ដើម្បីគោរពដល់វិញ្ញាណក្ខន្ធរបស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។
នៅចំពោះមុខមន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សៗ សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា សម្តេចព្រះ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ បានប្រឹងប្រែងលះបង់អស់ព្រះកាយពល និងបញ្ញាញាណពេញមួយព្រះជន្មរបស់ព្រះអង្គ ដើម្បីជាតិ និងប្រជាជន។ សម្តេចនាយករដ្ឋមន្រ្តីបានរំលឹកទៀតថា ប្រសិនបើគ្មានព្រះរាជបូជនីយកិច្ចរបស់ព្រះអង្គទេនោះ ប្រទេសកម្ពុជា ក៏មិនអាចទទួលបានឯករាជ្យពីប្រទេសបារាំង ហើយកម្ពុជា អាចនឹងនៅតែជាដែនដីរបស់បារាំងនៅឯនាយសមុទ្រផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានរំឡឹកផងដែរថា សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ក៏ជាតួអង្គដ៏សំខាន់ ដែលនាំឲ្យមានកិច្ចចរចាសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ដែលត្រួសត្រាយផ្លូវនាំមកនូវសុខសន្តិភាពសម្រាប់កម្ពុជារហូតដល់ពេលបច្ចុប្បន្ននេះ។
សម្តេចតេជោ បន្តថា បើទោះបីព្រះអង្គបានរំលាយក្ខន្ធ និងព្រះកាយទៅកាន់ព្រះបរមសុខយ៉ាងណាក្តី តែប្រជារាស្រ្តខ្មែរនៅតែចងចាំនូវស្នាព្រះហស្ថ និងគុណូបការៈដ៏ធំធេងរបស់ព្រះអង្គ។ ក្នុងនោះរាជរដ្ឋាភិបាល បានសម្រេចជ្រើសយកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ ឲ្យប្រជាពលរដ្ឋខ្មែរបានឈប់សម្រាក ដើម្បីចូលរួមកាន់ព្រះមរណទុក្ខនៃការយាងសោយទិវង្គតរបស់ព្រះអង្គ។
សូមបញ្ជាក់ថា សម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រខ្មែរ បានយាងសោយព្រះទិវង្គត នៅវេលាម៉ោង ១៖២០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ (ម៉ោងនៅក្នុងប្រទេសកម្ពុជា) ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា ដោយព្រះជរាពាធ នៅមន្ទីរពេទ្យនាទីក្រុងប៉េកាំង ប្រទេសចិន។
ក្រោយការយាងសោយទិវង្គរបស់ព្រះអង្គ ជារៀងរាល់ឆ្នាំនៅព្រឹកថ្ងៃទី១៥ ខែតុលា មន្រ្តីជាន់ខ្ពស់ និងថ្នាក់ដឹកនាំសំខាន់ៗ ព្រមទាំងមន្រ្តីតាមបណ្តាក្រសួង ស្ថាប័ននានា អង្គការផ្សេងៗ បានអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ នាព្រះមណ្ឌលតម្កល់ព្រះបរមរូប ជិតវិមានឯករាជ្យ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋទូទាំងប្រទេស បានសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះព្រះបរមរតនកោដ ដែលព្រះអង្គបានលះបង់ និងបានក្រាបថ្វាយព្រះពរដល់ព្រះវិញ្ញាណក្ខន្តរបស់ព្រះអង្គ បានយាងទៅសោយសុខនៅឋានសួគ៌ា
សូមទស្សនាកម្រងឯកសារ ព្រះរាជជីវប្រវត្តិ និងព្រះរាជកិច្ចកសាងជាតិដ៏ឧត្តុង្គឧត្តម របស់អង្គព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ សម្តេចឪ សម្តេចតា សម្តេចតាទួត «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ខែតុលា ឆ្នាំ១៩២២ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២៕៚
☑️សូមទស្សនានូវកម្រងឯកសារ ព្រះរាជជីវប្រវត្តិ និងព្រះរាជកិច្ចកសាងជាតិ
ដ៏ឧត្ដុង្គឧត្ដមរបស់អង្គព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ៖