[ពិភពចែករំលែក-World Share]
រាជធានីភ្នំពេញ ៖ យោងតាមសេចក្ដីជូនព័ត៌មានរបស់ ក្រសួងការបរទេស បានឲ្យដឹងនៅថ្ងៃទី០២ តុលា ២០១៧នេះថា នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ហូរីណូអ៉ីជី ហ៉ីដេហ៉ីសារ (HORINOCHI Hidehisa) ឯកអគ្គរាជទូត ជប៉ុនប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើលិខិត ប្ដូរសារ និងកំណត់នៃការពិភាក្សា ស្ដីពីការផ្ដល់ហិរញ្ញប្បទាន ឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន ៣៩៤២លានយ៉ន ស្មើរនឹងប្រមាណ ៣៥លានដុល្លារ(អាមេរិក) ដើម្បីអនុវត្តគម្រោងសាងសង់ ស្ពានបន្ទាន់ នៅក្នុងតំបន់ដែលរងគ្រោះដោយសារទឹកជំនន់។
បើតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេស គម្រោងខាងលើ នឹងធ្វើស្ពានចំនួន៥នៅខេត្តក្រចេះ និងស្ពាន២ទៀត នៅខេត្តព្រៃវែង ដែលនឹងត្រូវសាងសង់ សម្រាប់ជំនួសឲ្យស្ពានដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន។
ចាប់តាំងពីខែ មេសា ឆ្នាំ២០១៧ កម្ពុជា បានទទួលជំនួយ អភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុនប្រហែល ២៤៩លានដុល្លារអាមេរិក ក្នុងនោះរួមមាន ហិរញ្ញប្បទានឥតសំណងប្រមាណ ៤០លានដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍធនធានមនុស្ស និងការពារទឹកជំនន់ ព្រមទាំងកែលម្អប្រព័ន្ធលូបង្ហូរទឹក នៅរាជធានីភ្នំពេញ និងកម្ចីសម្បទានដែលមានទឹកប្រាក់ ប្រមាណ ២០៩លានដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍចំណត ផែកុងតឺន័រថ្មីនៅក្រុងព្រះសីហនុ៕