ពូកុយ ចេញមកលាតត្រដាងថា នាយចេក មិនមែនក្រទេ!​


[ពិភពចែករំលែក ដកស្រង់ពី កោះសន្តិភាព]
រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​លោក​ជួង ជី ហៅ​នាយ​កុយ បាន​លាតត្រដាង​ពី​ជីវភាព​ពិត​របស់​នាយ​ចេក​ជា​កូនក្រុម​កំប្លែង​របស់​ខ្លួន បន្ទាប់​ពី​មានការ​លើក​ឡើង​ពី​ការ​រស់នៅ ​ក្នុង​ភាព​ក្រីក្រ​របស់​គាត់ ។ ម្ចាស់​ហ្វេ​ស​ប៊ុ​កមួយ ​ឈ្មោះ​«​តាំង គឹ​ម​ឡេ​ង​» បាន​រៀបរាប់​ពី​ជីវភាព​ដ៏​លំបាក​របស់​នាយ​ចេក នា​ពេល​បច្ចុប្បន្ន ។ លោក​តាំង គឹ​ម​ឡេ​ង ឱ្យ​ដឹង​ថា ការ​សម្តែង ​នៅ​ស្ថានីយទូរទស្សន៍​របស់​នាយ​ចេក គឺ​ម្តង​ទទួល​បាន ​តែ​២០​ដុល្លារ​ប៉ុណ្ណោះ ហើយ​គាត់​ត្រូវធ្វើ​ដំណើរ​តាំងពី​រង្វង់​មូល កួរស្រូវ​ជាយ​រាជធានី​រហូត​ដល់​ប៉ុស្តិ៍​CTN​។ ប្រាក់​កម្រៃ​ប៉ុណ្ណឹង​គ្រាន់តែ​ចាក់​សាំង​អស់​បាត់​ទៅ​ហើយ ។

ក្រោយ​ពី​ឃើញ​ព័ត៌មាន​មួយ​នេះ​មក នាយ​កុយ លាតត្រដាង​ពី​កម្រិតជីវភាព​របស់​នាយ​ចេក ដែល​ជា​កូនក្រុម​កំប្លែង​របស់​ខ្លួន​ជា​សាធារណៈ ។ នាយ​កុយ​ចាត់​ទុក​ការ​អធិប្បាយ​របស់​លោក​តាំង គឹ​ម​ឡេ​ង ជា​ចំណុច​អវិជ្ជមាន​ជះ​ឥទ្ធិពល​អាក្រក់​មួយ​សម្រាប់​នាយ ដោយ​ធ្វើ​ឲ្យ​មហាជន​យល់​ច្រឡំ​ថា នាយ​ជា​មេក្រុម​មិន​ចេះ​មើល​កូនចៅ ។

តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​នាយ​កុយ អះអាង​ថា «​តា​ចេក មិនមែន​ក្រ​ទេ តា​ចេក​មាន​ម៉ូតូ​មាន​ឡាន​Rav4 មានផ្ទះ​ក្បឿង​ធំ​គួរសម ។ មិនតែប៉ុណ្ណោះ​នាយ​ដែល​ជា​មេក្រុម មិន​ដែល​ភ្លេច​កូនចៅ​ទេ ពេល​ដែល​មាន​គេ​ហៅ​ទៅ​សម្តែង​តាម​ខេត្ត​តែងតែ​សួរនាំ​កូនក្រុម​ថា​ចង់ទៅ​រឺ​អត់​ទៀត​ផង​។ ចំពោះ​រឿង​ដែល​គេ​ល្បី​ថា តា​ចេក សម្តែង​ម្ដង​បាន​តែ​២០​ដុល្លា​នោះ វា​ជា​រឿង​ពិត​ហើយ ប៉ុន្តែ​ត្រូវ​ដឹង​ថា​រាល់​ការ​សម្តែង​ម្ដង​តាម​ទូរទស្សន៍ គេ​ឱ្យ​តែ​៣០០​ដុល្លា​ទេ ហើយ​ត្រូវ​ចែក​គ្នា​១០​នាក់ តើ​ឱ្យ​នាយ​ត្រូវ​ចែក​ម្នាក់​ប៉ុន្មាន​ទៅ បើ​លុយ​៣០០​ដុល្លា​ត្រូវ​ចែក​គ្នា​១០​នាក់​នោះ ? ដូច្នេះ​លុយ​៣០០​ដុល្លា​ចែក​គ្នា​១០​នាក់ គឺ​មិន​អាច​ចែក ស្មើ​ៗ​គ្នា​បាន​ទេ ព្រោះ​តួ​ខ្លះ​ល្បី​ត្រូវ​ឱ្យ​គេ​ច្រើន​ជាង​បន្តិច តាម​ភាព​ល្បី​របស់​តួ​» ។

នាយ​កុយ បញ្ជាក់​ថា នាយ​ចេក ក៏​ទទួល​បានការ​ជួយ​ឧបត្ថម្ភ​ពី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​ផង​ដែរ ។

ក្រោយ​ពី​មានការ​បកស្រាយ​ពី​នាយ​កុយ រួច​មក លោក​តាន់ គឹ​ម​ឡេ​ង បាន​ឆ្លើយ​តប​ទៅ​វិញ​ថា  «​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​ខេត្តកណ្តាល​ចុះ​ទៅ​ជួសជុលផ្ទះ​លោកតា​ទឹក​លិច ហើយ​ខ្ញុំ​ក៏​ឈប់​ទិញ​ទឹក​កន្លែង​លោកតា​ចេក ហើយ​ខ្ញុំ​ក៏​បាន​សួរ​លោកតា​ថា លោកតា​លក់​មិនសូវ​ដាច់​ទេ​មួយ​រយៈ​នេះ ។ ហើយ​ណាមួយ ឥឡូវ​ការ​ទៅ​លេង​កំប្លែង​ក៏​ពុំ​សូវ​ជា​មាន​ទៀត ដោយ​ពី​មុន​លោកតា​ចុះ​តាម​ខេត្ត និង​សម្តែង​ច្រើន​បុ​ស្តិ៍ ។
ខ្ញុំ​សួរ​លោកតា​បន្ត​ថា​លោកតា​នៅ​លេង​ប៉ុស្តិ៍​ណា​ដែរ​សព្វ​ថ្ងៃនេះ លោកតា​ថា​នៅ​សល់​តែ​មួយ​ទេ គឺ CTN ហើយ​កម្រៃ​ដែល​បាន​គឺ​២០​ដុល្លារ លោកតា​ជិះ​ម៉ូតូ​កញ្ចាស់​ពី​ផ្ទះ​ដល់​CTN ។

ខ្ញុំ​ក៏​មិន​បាន​ទៅ​សួរ​ដេញដោល​លោកតា​មានផ្ទះ ឬ​ឡាន​អ្វី​ទេ ព្រោះ​ដោយ​ក្តី​គោរព និង​ចិត្ត​អាណិត​គាត់ ។ លោកតា​គឺ​ខ្ញុំ​បាន​បង្ហោះ​ជួយ​កាលពីមុន​ដំបូង​នៅ​ក្នុង​មន្ទីរពេទ្យ​តែ​ម្តង រហូត​បង​សាន ផានិត ខ​លម​ក​សួរ​ពី​ប្អូន រហូត​ទទួល​បាន​ជំនួយ​ពី​លោក​ឧកញ៉ា​ឌួ​ង ឆាយ និង​ចៅ​របស់​សម្តេច បងប្រុស​ហ៊ុន បញ្ញា​បុត្រ ។

ជា​ចុង​ក្រោយ​ខ្ញុំ​សុំ​គោរព និង​ជម្រាប បង​ៗ​សិល្បះទាំងអស់​គ្នា ថា ខ្ញុំ​គ្មាន​ចេតនា​បង្ហោះ​នេះ​ដើម្បី​បំបាក់​លោកតា​កុយ ឬ បង​ៗ​សិល្បៈ​ណា​ម្នាក់​ទេ គោលបំណង​គឺ​ភាព​អាណិត និង​ការ​គោរព ព្រោះ​គាត់​ធ្លាប់​ធ្វើ​ឱ្យ​មហាជន​សើច សប្បាយ​ពេល​ដែល​គាត់​លេង ម្តង​ៗ ហើយ​លោកតា​កុយ ក៏​ជាតា​រា​កំប្លែង​ម្នាក់​ដែល​ចៅ​គោរព និង​ចង់​ជួប​ដែរ ព្រោះ​លោកតា​ល្បី​ក្នុង​អំឡុង​ឆ្នាំ​៩០​ជាង​មក​ម្ល៉េះ ។ សង្ឃឹម​ការ​រៀបរាប់​មួយ​នេះ បង​ៗ​សិល្បៈ​ទាំងអស់​គ្នា​នឹង​យល់ »៕ ប្រភពពីកោះសន្តិភាព