រាជធានីភ្នំពេញ ៖ បុរសម្នាក់បានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធក្នុងរថយន្តសេរីទំនេីប ១គ្រឿង ម៉ាក Audi RS7 ខណៈពេលកំពុងធ្វើដំណើរ ស្រាប់តែទប់ចង្កូតមិនជាប់ ក៏រេទៅបុកបង្កាន់ដៃផ្លូវក្រោមដី បណ្តាលអោយរថយន្តរងការខូចខាតបន្តិចបន្តួចដាច់កាឡេកង់បើកទៅមុខលែងរួចតែម្តង ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣ និង ៣០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវលេខ២៨៩ ចំណុចផ្លូវក្រោមដី ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យោងតាមសម្តីម្ចាស់រថយន្ត ហើយនិងត្រូវជាអ្នកបើកបរផងដែរនោះ បានអោយដឹងថា មុនពេលកើតហេតុរូបគាត់បានបើករថយន្ត ១គ្រឿង ម៉ាក Audi RS7 ដែលជាសេរីទំនើប គ្មានស្លាកលេខ ហើយក្នុងរថយន្តរួមដំណើរជាមួយប្រពន្ធ បានធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរស្សី ក្នុងទិសដៅពីកើតមកលិច លុះពេលមកដល់ស្ពានអាកាស ៥មករា បានបត់រថយន្តទៅស្តាំមកផ្លូវលេខ២៨៩ វិញ ដោយសារនៅក្នុងរថយន្តរូបគាត់ និងប្រពន្ធ មានការឈ្លោះប្រកែកគ្នា ហើយកាន់ចង្កូតមិនជាប់ ក៏ជ្រុលទៅបុកបង្កាន់ដៃផ្លូវក្រោមដីតែម្តងទៅ បណ្តាលអោយរថយន្តរងការខូចខាតបន្តិចបន្តួច ដាច់កាឡេបើកទៅមុខលែងរួច ប៉ុន្តែ សំណាងល្អដែលមិនបង្កអោយមានមនុស្សរងរបួសធ្ងន់ធ្ងរ ឬបាត់បង់ជីវិតនោះឡើយ។
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្ត Audi RS7 ខាងលើ ត្រូវបានបុរសម្នាក់ទៀតដែលបើករថយន្ត RANGE ROVER ១គ្រឿង មកទទួលយកចេញទៅ ដោយបន្សល់ទុករថយន្ត និងអ្នកដំណើរម្នាក់នៅកន្លែងកើតហេតុ ដើម្បីរង់ចាំធ្វើការដោះស្រាយជាមួយសមត្ថកិច្ច។ បន្ទាប់ពីខាងសមត្ថកិច្ចមូលដ្ឋានចុះមកដល់កើតហេតុធ្វើការត្រួតពិនិត្យមើលមិនឃើញមានការប៉ះពាល់ ឬខូចខាតអ្វី ក៏ទាក់ទងទៅខាងជំនាញចរាចរណ៍ប្រាប់ពីហេតុការណ៍នេះ ហើយជំនាញចរាចរណ៍ ក៏សម្រេចអោយម្ចាស់រថយន្តហៅរថយន្តស្ទូច មកស្ទូចរថយន្តយកទៅជួលជុសដោយខ្លួនឯង៕
ទស្សនាវិដេអូខាងក្រោម៖