លោក ឃួង ស្រេង ដាក់បទបញ្ជាម៉ឺងម៉ាត់ ឲ្យមេប៉ុស្តិ៍ទាំងអស់ ប្រឹងបង្ក្រាបបទល្មើសចោរឆក់ ចោរប្លន់ គ្រឿងញៀនក្នុងមូលដ្ឋាន បើគ្មានសមត្ថភាព គួរតែលាលែងពីតំណែង កុំឲ្យគេដកទាន់!


រាជធានីភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ ទើបឡើងកាន់តំណែងថ្មី លោក ឃួង ស្រេង ដែលជាប្រធានគណៈបញ្ជាការឯកភាពផងនោះ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧នេះ បានព្រមានធ្ងន់ៗ និងដាក់បទបញ្ជា ឲ្យមេប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងរាជធានីភ្នំពេញទាំងអស់ ប្រឹងប្រែងបង្ក្រាបបទល្មើស ចោរឆក់ ចោរប្លន់ ក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានសកម្ម ដើម្បីកុំឲ្យប្រជាពលរដ្ឋភ័យខ្លាច ពិសេសបង្ក្រាប គ្រឿងញៀន បើធ្វើមិនបាន មិនមានសមត្ថភាព ត្រូវលាលែងពីតំណែងទៅ កុំឲ្យគេដកទាន់។




ជាមួយគ្នានេះ អភិបាលរាជធានី លោក ឃួង ស្រេង បានលើកឡើងប្រសិនបើមេប៉ុស្តិ៍ទាំងអស់ធ្វើមិនបាន សូមកុំឆ្លើយថា អត់កម្លាំងស្មើសុំទៅអធិការព្រោះថា កម្លាំងថ្មីៗចេញពីសាលាច្រើនណាស់ ហើយបើអធិការអត់ ត្រូវស្នើទៅស្នងការ។


ការដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកអភិបាលរាជធានីភ្នំពេញ ធ្វើឡើងក្នុងឱកាសដែលលោកដឹកនាំមន្ត្រី​ជំនាញ ​និង​អាជ្ញាធរ​ដែនដី​ ចុះ​ពិនិត្យមើលប្រព័ន្ធ​ប្រឡាយបុរី១០០ខ្នង ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧នេះ​។



ក្នុងនោះដែរ លោក ឃួង ស្រេង បានថ្លែងជំរុញឲ្យសមត្ថកិច្ច និងអជ្ញាធរទាំងអស់ ប្រឹងប្រែងអនុវត្តន៍ឲ្យបានគោលការណ៍ភូមិឃុំមានសុវត្ថិភាពឲ្យបានល្អឡើងវិញ ហើយដំណាក់កាលដំបូងនេះ គ្រាន់ជាការណែនាំដោយផ្ទាល់មាត់ប៉ុណ្ណោះ តែប្រសិនបើករណីចោរកម្ម លួចឆក់ ប្លន់ និងគ្រឿងញៀន នៅតែកើតមាន បង្កភាពភ័យខ្លាចចំពោះប្រជាពលរដ្ឋទៀត នឹងត្រូវដាក់ទោសតាមវិន័យរដ្ឋបាល៕

ក្នុងខែមិថុនានេះ មានអ្នកស្លាប់ចំនួន១៣២នាក់​ ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ ​និង​របួស​៤២០​នាក់

រាជធានី​ភ្នំពេញ៖ យោង​តាម​របាយ​ការណ៍​ពី​នាយក​ដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្ដាប់​ធ្នាប់​សាធារណៈ នៃ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរបាល​​ជាតិ បាន​ឲ្យ​ដឹង​ថា រយៈពេលពេញ១​ខែ​មិថុនា ឆ្នាំ​២០១៧ មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍ នៅ​ទូ​ទាំង​ប្រទេស​កើត​ឡើង​ចំនួន​២៧២​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​១៣២​នាក់ និង​របួស​ធ្ងន់​៣០៥​នាក់ និង​របួស​ស្រាល​១១៥​នាក់។ 



ប្រភព​ព័ត៌​មាន​ដដែល​បញ្ជាក់​ថា នៅ​ក្នុង​ហេតុ​ការណ៍ គ្រោះ​ថ្នាក់​ចរាចរណ៍​២៧២​លើក​នេះ បណ្ដាល​ឲ្យ​ខូត​ខាត​ម៉ូតូ ចំនួន​២៨៤​គ្រឿង រថយន្ដ​ធុន​តូច​ចំនួន​១១៤​គ្រឿង និង​រថយន្ត​ធំ​៦៩​គ្រឿង និង​យាន​ផ្សេង​ៗ​ចំនួន​២៧​គ្រឿង ហើយ​មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះ​ថ្នាក់​ចរាចរណ៍ រួម​មាន​ល្មើស​ល្បឿន​ចំនួន​៩២​លើក, ស្រវឹង​២០​លើក, ប្រជែង​២៩​លើក​, មិន​ប្រកាន់​ស្តាំ​៤១​លើក, បត់​គ្រោះ​ថ្នាក់​២៨​លើក​, មិន​គោរព​សិទ្ធិ​៥២​លើក, កត្តា​យាន​យន្ត​៨​លើក និង​ងងុយ​ដេក​២​លើក​​។



ខេត្ត​ដែល​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ច្រើន​ជាង​គេ​រួម​មាន៖ រាជធានី​ភ្នំពេញ​៤០​លើក​ស្លាប់់​១៦​នាក់​, កណ្តាល​២៦​លើក​ស្លាប់​១៥​នាក់, បាត់​ដំបង​១៧​លើក​ស្លាប់​១២​នាក់, កំពង់​ស្ពឺ​១៤​លើក​ស្លាប់​១០​នាក់, តាកែវ​១១​លើក​ស្លាប់​៩​នាក់​, កំពង់​ចាម​១៤​លើក ស្លាប់​៩​នាក់ ៕ ប្រភព Fresh ​News

ជន​ជាតិ​ចិន​៣៨​នាក់ ​ដែល​រស់​នៅ​ខុស​ច្បាប់ ត្រូវ​នគរបាល​ឃាត់​ខ្លួន នៅ​ស្រុក​ទឹក​ឈូ



ខេត្តកំពត ៖ ជន​ជាតិ​ចិន​ប្រុស-​ស្រី​៣៨​នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ​ខេត្ត​សហការ​ជា​មួយ​កម្លាំង​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​ដឹក​នាំ​ដោយ​លោក​វរសេ​នី​យ៍​ឯក ព្រាប បូរី ប្រធាន​ការិយាល័យ​អនុវត្ត​នីតិវិធី ក្រោម​ការ​សម្រប​សម្រួល​របស់​លោក​ព្រះ​រាជ​អាជ្ញា​រង ខាន់ សុផល នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ២០១៧ បាន​ចុះ​ត្រួត​ពិនិត្យ​ជន​បរទេស​នៅ​តាម​ផ្ទះ​ជួល ចំនួន​២ គោល​ដៅ នៅ​ស្រុក​ទឹក​ឈូ ខេត្ត​កំពត។



លោក​វរសេនីយ៍​ឯក ព្រាប បូរី ប្រធាន​ការិយា​ល័យ​អនុវត្ត​នីតិ​វិធី​បាន​ឲ្យ​ដឹង​ថា គោល​ដៅទី​១​-​នៅ​ផ្ទះ​ជួល ក្នុង​ភូមិ​ស្នំ​ប្រាំ​ពីរ ឃុំ​ម៉ាក​ប្រាង្គ ស្រុក​​ទឹក​​ឈូ ប្រមូល បាន​​ចំនួន​​២០​​នាក់ ស្រី​ចំនួន​​ប្រាំ​​មួយ​​នាក់



និង​​គោល​​ដៅ​​ទី​​២-នៅ​​ផ្ទះ​ជួល ក្នុង​​ភូមិ​​ត្រពាំង​​ធំ ឃុំ​​ជុំ​​គ្រៀល ស្រុក​ទឹក​ឈូ ប្រមូល​បាន​ចំនួន ១៨ នាក់ ស្រី​ចំនួន​ប្រាំ​នាក់។ សរុប​ទាំង​អស់​ប្រមូល​បាន​៣៨​នាក់ ស្រី​១១​នាក់ បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​កសាង​ឯក​សារ ដើម្បី​ចាត់​ការ​តាម​នីតិ​វិធី ៕


ពិភពចែករំលែក

បើកប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ ចាប់​ក្រុម​ជនជាតិចិន ដែលចាប់​ជំរិត​តាម internet


រាជធានី​ភ្នំពេញ៖ ថ្ងៃ​បើក​ឆាក​នៃ​ដើម​ខែ​ថ្មី ខែកក្កដា ឆ្នាំ​២០១៧​នេះ កម្លាំង​នគរបាល​នាយកដ្ឋាន​ស៊ើបអង្គេត និង​អនុវត្ត​នីតិវិធី សហការ​ជាមួយ​នគរបាល​អន្តោប្រវេសន៍​តាម​បណ្តា​ខេត្ត ក្រុង បើក​ប្រតិបត្តការ​ទ្រង់ទ្រាយ​ធំ ចុះ​បង្ក្រាប​ក្រុម​ចិន​ចាប់​ជំរិត​តាម​ប្រព័ន្ធ internet តាម​គោលដៅ​ជា​ច្រើន ពិសេស​ក្នុង​រាជធានី​ភ្នំពេញ។



ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍​ទោ អ៊ុក ហៃសីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្គេត និង​អនុវត្តនី​តិវិធី នៃ​អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ និង​មាន​ការ​សម្របសម្រួល​ពី​ព្រះរាជ​អាជ្ញា​រង​ខេត្តក្រុង តាម​មូលដ្ឋាន​នីមួយៗ។



មន្ត្រី​នគរបាល​នាយកដ្ឋាន​ស៊ើបអង្គេត និង​អនុវត្តនី​តិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​អោយ​ដឹង​ថា ថ្ងៃនេះ​កម្លាំង​នគរបាល​បើក​ប្រតិបត្តិការ ១៣​គោលដៅ​ធំៗ គឺ​ក្នុង​រាជធានី​ភ្នំពេញ ៧​គោលដៅ, ខេត្ត​កណ្តាល ២​គោលដៅ, កំពង់​សោម ៣​គោលដៅ និងកំពត​១​គោលដៅ។


មន្ត្រី​នគរបាល​បន្ថែម​ថា ប្រតិបត្តិការ​នេះ​ពុំ​មាន​ឃាត់​ជន​ជាតិ​ចិន​ពាក់ព័ន្ធ និង​ការ​ចូល​មក​ធ្វើការ និង​រស់​នៅ​ដោយ​ខុស​ច្បាប់​ឡើយ គឺ​សុទ្ធសឹង​ជា​ក្រុុម​ចាប់​ជំរិត​តាម​ប្រព័ន្ធ internet។ ប៉ុន្តែយ៉ាង​ណា​មិញ ជា​លទ្ធផល​គិត​មក​ត្រឹម​ម៉ោង​១២​ថ្ងៃ​ត្រង់​នេះ សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ចិន​ចាប់​ជំរិត​បាន​ជា​បន្តបន្ទាប់​ហើយ គ្រាន់​តែ​យើង​នៅ​មិនទាន់​ដឹង​ពី​តួ​លេខ នៃ​ចំនួន​មនុស្ស​ប៉ុន្មាន​នាក់​នៅ​ឡើយ​ទេ៕

រថយន្ដ​ដឹកសំរាមស៊ីន​ទ្រី​ បើកបុក​ម៉ូតូ​ពីក្រោយ នៅខាងមុខ​ផ្សារ​ស្ទឹង​មាន​ជ័យ​ចាស់



រាជធានីភ្នំពេញ ៖ រថយន្ដ​ស៊ីន​ទ្រី​មួយ​គ្រឿង​បើក​មក​បុក​គូទ​ម៉ូតូ​បណ្ដាល​ឲ្យ​រង​របួស​ស្រាល​ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពីវេលា​ម៉ោង​៧​:៣០​នាទី​ព្រឹក ​ថ្ងៃ​ទី​១​ ខែ​កក្កដា ​ឆ្នាំ​២០១៧ ​ស្ថិត​នៅ​មុខ​ផ្សារ​ស្ទឹង​មាន​ជ័យ​ចាស់ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ​ ។



យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​បាន​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក អាយ​ខន ដែល​ពាក់​ស្លាក​លេខ​កណ្ដាល​1M-4144​ដែល​ធ្វើ​ដំណើ​រ​​ពីរ​នាក់​ពី​ទិស​ដៅ​ពី​កើត​ទៅ​លិច​ដោយ​ស្រប​គ្នា ​លុះ​មក​ដល់​និង​ចំណុច​កើត​ហេតុ​គេ​ឃើញ​មាន​ការ​ស្ទះ​ផ្លូវ​ក៏​ម៉ូតូ​ចាប់​ហ្វាំង​ឈប់ ស្រាប់​តែ​រថយន្ដ​មក​ពី​ក្រោយ​ជាន់​ហ្វាំង​មិន​ទាន់​បាន​មក​បុក​គូទ​ម៉ូតូ​ពី​ក្រោយ​តែ​ម្ដង ​ភ្លាមៗ​នោះ​អ្នក​រង​របួស​ត្រូវ​រថយន្ដ​នៃ​មន្ទីរ​ពេទ្យ​សួគ៌​មក​ទទួល​យក​ទៅ​សង្រ្គោះ ។



ក្រោយ​ពេល​កើត​ហេតុ​តំណាង​រថយន្ដ​ស៊ីន​ទ្រី​បាន​​ចុះ​​មក​​ធ្វើ​​ការ​​សម្រប​​សម្រួល​ជា​មួយ​ជន​រង​គ្រោះ​និង​បញ្ចប់​រឿង​នៅ​កន្លែង​កើត​ហេតុ ៕