លោកអភិបាលរងខណ្ឌមានជ័យ ដឹកនាំមន្រ្តីរាជការក្នុងមូលដ្ឋាន ចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ


[ពិភពចែករំលែក]
សាលាខណ្ឌមានជ័យ ៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ លោក អែម សុខលាង ប្រធានក្រុមប្រឹក្សាខណ្ឌមានជ័យ និង​ សមាជិក​ក្រុម​ប្រឹក្សា​ខណ្ឌ​មានជ័យ​, លោក​ ឌី​ រ័ត្ន​ខេមរុណ​ អភិបាលរង​ខណ្ឌ​មានជ័យ​ តំណាង​លោក​ ពេជ្រ​ កែវមុនី​ អភិបាល​ខណ្ឌ​មានជ័យ​ អធិការ​នគរបាល​ខណ្ឌ​មានជ័យ​ មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ខណ្ឌ​មានជ័យ​ ប្រធាន​ការិយាល័យ​ ចំណុះ-ជំនាញ មន្ត្រីសាលាខណ្ឌមានជ័យ, ចៅសង្កាត់, មេប៉ុស្តិ៍, ផ្សារ​ បានអញ្ជើញចូល​រួម​ ក្នុងពិធីគោរពព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះបាទ​ ន​រោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប៥ឆ្នាំ ដែល​ប្រារព្ធ​នៅសាលាខណ្ឌមានជ័យ។

សូមបញ្ជាក់ថា ថ្ងៃទី១៥​ ខែតុលា​ ឆ្នាំ២០១២​ គឺជាថ្ងៃដែលប្រជាពលរដ្ឋកម្ពុជាសោកសង្រេងជាទីបំផុត​ ដែលបាត់បង់ព្រះមហាវីរៈក្សត្រមួយអង្គ​ ដែលជាម្លប់ដ៏ត្រជាក់​ និងជាទីសក្ការៈរបស់ប្រជាពលរដ្ឋ។​ ឆ្នាំ២០១៧នេះ​គឺជាខួប ០៥ឆ្នាំហើយ​ ព្រះវររាជបិតា​ឯករាជ្យជាតិខ្មែរ​ ព្រះបាទ​ សម្តេចព្រះ​ នរោត្តម​ សីហនុ បានយាងសោយទិវង្គត ប៉ុន្តែកូន​ ចៅ​ ចៅទួត​ ប្រជារាស្ត្ររបស់ព្រះអង្គនៅតែអាលោះអាល័យនូវស្នាប្រហស្ថ​ និងការលះបង់នូវកាយពល​ ព្រះបញ្ញាញាណដ៏ធំធេង​ពេញមួយព្រះជន្មរបស់ព្រះអង្គ ដើម្បីបុព្វហេតុជាតិ​ មាតុភូមិ​ និងប្រជារាស្រ្តខ្មែរ៕

ប្រុសស្រីជិត៧០នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធគ្រឿងញៀន

[ពិភពចែករំលែក]
រាជធានីភ្នំពេញៈ មន្ទីរប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ជនសង្ស័យ៦៤នាក់ រួមទាំងថ្នាំញៀនប្រភេទមេតំហ្វេតាមីនសរុប ៤៨,០៤ក្រាម និង៣៩កញ្ចប់តូច ប្រភេទមេតំហ្វេតាមីនWY ១,០៨ក្រាម និងកូកាអុីន ៣៨៥៥,២៨ក្រាម ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបាននៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧នេះ។ 

យោងតាមរបាយការណ៍បានបង្ហាញថា អាជ្ញាធរមានសមត្ថកិច្ច បានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ថ្នាំញៀនចំនួន១៩ករណី ឃាត់ជនសង្ស័យ៦៤នាក់(ស្រី៦នាក់) ដោយបានដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ice) សរុប ៤៨,១២ក្រាម និង៣៩កញ្ចប់តូច ប្រភេទមេតំហ្វេតាមីនWY ១,០៨ក្រាម និងកូកាអុីន ៣៨៥៥,២៨ក្រាម។ 

របាយការណ៍ដដែលឲ្យដឹងថា បទល្មើសទាំង១៩ករណីខាងលើ គឺមន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាបបាន៣ករណី បន្ទាយមានជ័យ៣ករណី កំពង់ចាម២ករណី កំពត១ករណី កណ្ដាល១ករណី ក្រចេះ១ករណី រតនគីរី១ករណី ព្រះវិហារ១ករណី ឧត្តរមានជ័យ១ករណី ព្រះសីហនុ១ករណី និងរាជធានីភ្នំពេញ៤ករណី ៕

ខួបគម្រប់៥ឆ្នាំ នៃការសោយទិវង្គតរបស់ព្រះវររាជបិតាជាតិខ្មែរ សម្តេច នរោត្តម សីហនុ ថ្ងៃដែលកូនខ្មែរសោកសៅបំផុត (Video inside)

[ពិភពចែករំលែក ដកស្រង់ពី Fresh News]
រាជធានីភ្នំពេញ ៖ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧នេះ គឺជាគម្រប់៥ឆ្នាំហើយ ដែលព្រះវររាជបិតាឯករាជ្យជាតិខ្មែរ សម្តេច នរោត្តម សីហនុ បានយាងសោយទិវង្គតចាកចោលប្រជារាស្រ្ត និងដែនដ៏ជាទីស្នេហារបស់ព្រះអង្គ ហើយក៏ថ្ងៃដែលកូនខ្មែរ និងជាតិខ្មែរទាំងមូលសោកសៅជាទីបំផុត។
សម្តេចព្រះបរមរតនកោដ្ឋ ត្រូវបានប្រជារាស្ត្រខ្មែរទាំងមូល ចាត់ទុកជាអង្គព្រះមហាក្សត្រ និងជាមហាវីរក្សត្រខ្មែរ ដែលបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណពេញមួយព្រះជន្មរបស់ព្រះអង្គ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងនាំមកនូវឧត្តមប្រយោជន៍សម្រាប់ប្រជារាស្រ្តរបស់ព្រះអង្គ ជាពិសេសព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យពីប្រទេសបារាំងនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ ក្នុងពេលជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៅវិមានសន្តិភាព បានសម្តែងនូវក្តីអាឡោះអាល័យដល់សម្តេចព្រះបរមរតនកោដ្ឋ ព្រមទាំងបានស្នើដល់អ្នកចូលរួមកម្មវិធី និងសិស្សៗទាំងអស់ក្រោកឈរស្មឹងស្មាធិ៍រយៈពេលប្រមាណ ១នាទីផងដែរ ដើម្បីគោរពដល់វិញ្ញាណក្ខន្ធរបស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។

នៅចំពោះមុខមន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សៗ សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា សម្តេចព្រះ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ បានប្រឹងប្រែងលះបង់អស់ព្រះកាយពល និងបញ្ញាញាណពេញមួយព្រះជន្មរបស់ព្រះអង្គ ដើម្បីជាតិ និងប្រជាជន។ សម្តេចនាយករដ្ឋមន្រ្តីបានរំលឹកទៀតថា ប្រសិនបើគ្មានព្រះរាជបូជនីយកិច្ចរបស់ព្រះអង្គទេនោះ ប្រទេសកម្ពុជា ក៏មិនអាចទទួលបានឯករាជ្យពីប្រទេសបារាំង ហើយកម្ពុជា អាចនឹងនៅតែជាដែនដីរបស់បារាំងនៅឯនាយសមុទ្រផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានរំឡឹកផងដែរថា សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ក៏ជាតួអង្គដ៏សំខាន់ ដែលនាំឲ្យមានកិច្ចចរចាសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ដែលត្រួសត្រាយផ្លូវនាំមកនូវសុខសន្តិភាពសម្រាប់កម្ពុជារហូតដល់ពេលបច្ចុប្បន្ននេះ។

សម្តេចតេជោ បន្តថា បើទោះបីព្រះអង្គបានរំលាយក្ខន្ធ និងព្រះកាយទៅកាន់ព្រះបរមសុខយ៉ាងណាក្តី តែប្រជារាស្រ្តខ្មែរនៅតែចងចាំនូវស្នាព្រះហស្ថ និងគុណូបការៈដ៏ធំធេងរបស់ព្រះអង្គ។ ក្នុងនោះរាជរដ្ឋាភិបាល បានសម្រេចជ្រើសយកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ ឲ្យប្រជាពលរដ្ឋខ្មែរបានឈប់សម្រាក ដើម្បីចូលរួមកាន់ព្រះមរណទុក្ខនៃការយាងសោយទិវង្គតរបស់ព្រះអង្គ។

សូមបញ្ជាក់ថា សម្តេច​ នរោត្តម សីហនុ ព្រះមហាវីរក្សត្រខ្មែរ បាន​យាង​សោយ​ព្រះ​ទិវង្គត នៅ​វេលា​ម៉ោង ​១​៖​២០​នាទី រំលង​អធ្រាត្រឈានចូល​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១២ (ម៉ោងនៅក្នុងប្រទេសកម្ពុជា) ក្នុង​ព្រះជន្មាយុ ៩០ព្រះវស្សា ដោយ​ព្រះជរាពាធ នៅ​មន្ទីរពេទ្យនាទីក្រុង​ប៉េកាំង ប្រទេស​​ចិន។
ក្រោយការយាងសោយទិវង្គរបស់ព្រះអង្គ ជារៀងរាល់ឆ្នាំនៅព្រឹកថ្ងៃទី១៥ ខែតុលា មន្រ្តីជាន់ខ្ពស់ និងថ្នាក់ដឹកនាំសំខាន់ៗ ព្រមទាំងមន្រ្តីតាមបណ្តាក្រសួង ស្ថាប័ននានា អង្គការផ្សេងៗ បានអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ នាព្រះមណ្ឌលតម្កល់ព្រះបរមរូប ជិតវិមានឯករាជ្យ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋទូទាំងប្រទេស បានសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះព្រះបរមរតនកោដ ដែលព្រះអង្គបានលះបង់ និងបានក្រាបថ្វាយព្រះពរដល់ព្រះវិញ្ញាណក្ខន្តរបស់ព្រះអង្គ បានយាងទៅសោយសុខនៅឋានសួគ៌ា
សូមទស្សនាកម្រងឯកសារ ព្រះរាជជីវប្រវត្តិ និងព្រះរាជកិច្ចកសាងជាតិដ៏ឧត្តុង្គឧត្តម របស់អង្គព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ សម្តេចឪ សម្តេចតា សម្តេចតាទួត «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ខែតុលា ឆ្នាំ១៩២២ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២៕៚

☑️សូមទស្សនានូវកម្រងឯកសារ ព្រះរាជជីវប្រវត្តិ និងព្រះរាជកិច្ចកសាងជាតិ 
ដ៏ឧត្ដុង្គឧត្ដមរបស់អង្គព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ៖


Breaking News | ផឹកស៉ីច្រៀងឌឺដងគ្នា ប៉ូលីសព្រហ្មទណ្ឌម្នាក់ ទាញកាំភ្លើងបាញ់៣គ្រាប់ ប្រហារសន្តិសុខម្នាក់ស្លាប់ទាំងយប់!​


[ពិភពចែករំលែក]
រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង១៩:៤០នាទីយប់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧នេះ មានករណីឃាតកម្មមួយ កើតឡើងនៅចំណុចហាងលក់គ្រឿងក្លែម មួយកន្លែងស្ថិតនៅផ្លូវលំក្រុមទី១១ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​
ជនរងគ្រោះឈ្មោះ សែម ប៊ុនថន ភេទប្រុស អាយុ៥០ឆ្នាំ ជាអតីតសន្តិសុខផ្សារស្ទឹងមានជ័យ បច្ចុប្បន្នធ្វើជា សន្តិសុខក្រុមហ៊ុនឯកជន នៅពោធ៍សែនជ័យ ស្នាក់នៅផ្ទះជួលភូមិទ្រា ស្លាប់នៅកន្លែងកើតហេតុ​។​
ជនល្មើសឈ្មោះសាន បុរី ភេទប្រុស អាយុ38ឆ្នាំ ជាមន្ត្រីនគរបាលព្រហ្មទណ្ឌ កំរិតស្រាលក្រុងភ្នំពេញ ស្នាក់នៅផ្ទះលេខ៣១២ ក្រុម១១ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១។​

#ដំណើររឿង ៖ ជនបង្កហេតុដែលជាអ្នកធ្វើការប៉ូលីស ព្រហ្មទណ្ឌកម្រិតស្រាល បានចូលទៅហាងផឹកស៊ី គ្រឿងក្លែម កើតហេតុខាងលើ ក៌មានការច្រៀងលេង ផឹកស៊ីដឺដងជាមួយជនរងគ្រោះដែលជាសន្តិសុខឯកជន រំពេចក្រោយមក ជនបង្កហេតុខឹងសម្បារ និងសន្តិសុខឯកជននោះក៏ចេញទៅផ្ទះយកកាំភ្លើងម៉ាករ៉ូឡូ មកបាញ់តំរង់ទៅជនរងគ្រោះចំនួន៣គ្រាប់ ស្លាប់នៅកន្លែងតែម្តង ។ សូមបញ្ជាក់ដែលថា ជនបង្កហេតុពីមុន ក៌ធ្លាប់ផឹកស៊ី ខឹងប្រពន្ធ រួចទាញកាំបិតអារក ប្រពន្ធខ្លួនឯងម្តងរួចហើយ តែប្រពន្ធ័រត់ចេញផុត ។

ក្រោយកើតហេតុភ្លាមៗនោះជនសង្ស័យក៏ត្រូវបានកម្លាំងសមត្ថកិច្ចចេញអន្តរាគមន៍ឃាត់ខ្លួនបានភ្លាមៗនិងនាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ១ ដើម្បីធ្វើការសាកសួរនិងកសាងសំនុំរឿងតាមច្បាប់។​





ពិភពចែករំលែក