ចាប់ខ្លួន​ជនបរទេស​ម្នាក់ ​បន្ទាប់​ពី​ល្បួង​ក្មេង​ប្រុស​ៗជា​ច្រើន​នាក់ ​ឱ្យ​ឈរ​ថត​ស្រាត

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្ត សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន បាន​តាម​ប្រមាញ់​ចាប់ខ្លួន​បុរស​បរទេស​ម្នាក់ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ថា ជនសង្ស័យ​បាន​ល្បួង​ក្មេង​ប្រុស​ជា​ច្រើន​នាក់​ឱ្យ​ឈរ​ថត​ស្រាត​។ ហេតុការណ៍ តាម​ចាប់ខ្លួន​ជនសង្ស័យ​(​ជនបរទេស​)​ ធ្វើ​ឡើង​ចាប់ពី​ម៉ោងជាង​៩​ព្រឹក ក្នុងភូមិ​អារញ្ញ​សាគរ សង្កាត់​សៀមរាប រហូត​ដល់​ម៉ោងជាង​១២​ថ្ងៃត្រង់ ​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ២០១៧នេះ ទើប​ចាប់ខ្លួន​បាន​នៅ​ក្នុង​សណ្ឋាគារ​ញូ​វ​រី​វើ​សាយ ក្នុងភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។


លោកស្រី​វរសេនីយ៍ទោ ដួង ថាវ​រី នាយការិយាល័យ​នគរបាល ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្ត បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​វេលា​ម៉ោង​៥ និង​៤២​នាទី ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០១៧​នេះ​ថា ជនសង្ស័យ​ដែល​ចាប់ខ្លួន​មានឈ្មោះ Saraot Evrard Nicoias ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជនជាតិ​ហូ​ឡង់ ជា​ភ្ញៀវ​ទេសចរណ៍​។ ជន​នេះ​បាន​ចូល​មក​កាន់​ខេត្តសៀមរាប ហើយ​បាន​ស្នាក់​នៅ ជាមួយ​អ្នក​ភូមិ នៅ​ឯ​ស្រុក​អង្គរ​ក្រៅ ខេត្តសៀមរាប មក​នៅ​ក្នុង​ខេត្តសៀមរាប រួច​ចូល​មក​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ ញូ​វ​រី​វើ​សាយ ក្នុង​បន្ទប់​លេខ​២០២ ស្ថិត​នៅ​ភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។

លោកស្រី​បន្ថែម​ថា មុន​ថ្ងៃ​កើតហេតុ​ប៉ុន្មាន​ថ្ងៃ ជន​ខាងលើ​បាន​ទៅ ភូមិ​អារញ្ញ​សាគរ កន្លែង​កើតហេតុ ហើយ​បាន​ល្បួង​ក្មេង​ប្រុស ជា​ច្រើន​នាក់ ដែល​មាន​អាយុ​ចាប់ពី​១៥​ឆ្នាំ ចុះ​ក្រោម ឲ្យ​ឈរ​ស្រាត​ហើយ​ថតរូប ដែល​ពេល​ខ្លះ​ថត​រួម​គ្នា និង​ពេល​ខ្លះ​ថតរូប​ម្នាក់​ម្តង​។ ខណៈ​ដែល​ជនសង្ស័យ​ខាងលើ ធ្វើ​សកម្មភាព​បែប​នេះ អ្នក​ភូមិ​ទីនោះ​បានឃើញ ក៏​បាន​រាយការណ៍ មក​កាន់​សមត្ថកិច្ច ភ្លាម​ៗ​នោះ​តំណាង​អយ្យការ អម​សាលាដំបូង​ខេត្ត ក៏​បាន​បញ្ជា​ខាង​កម្លាំង​របស់​លោកស្រី​ឲ្យ​តាម​ស្រាវជ្រាវ ដើម្បី​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​យក​មក​សាកសួរ​អំពី​ហេតុផល​ដែល​ជន​ខាងលើ​បាន​ធ្វើ​សកម្មភាព​ទៅ​លើ​ក្មេង​ប្រុស​ទាំងនោះ​។

លោកស្រី​បន្ថែម​ថា កាលពី​កន្លង​ទៅ ធ្លាប់​មាន​ជនបរទេស ធ្វើ​សកម្មភាព​បែប​នេះ​ទៅ​លើ​ក្រុម​ក្មេង​ប្រុស​អ៊ីចឹង​ទេ ម្តងនេះ​យើង​មិន​ទាន់​ដឹង​ថា ជន​ខាងលើ​ធ្វើ​សកម្មភាព បែប​នេះ​ក្នុង​គោលបំណង​អ្វី​នោះ​ឡើយ ប៉ុន្តែ​យើង​អាច​ដឹង​ហេតុផល បន្ទាប់​ពី​នាំ​ខ្លួន​ជន​នេះ​យក​មក​សាកសួរ​។ លោកស្រី​នាយការិយាល័យ​បន្ត​ថា មុន​ពេល​សមត្ថកិច្ច ចុះ​ដល់​កន្លែង​កើតហេតុ ជនសង្ស័យ​បាន​ជិះ​កង់​ធុន​ធំ​គេចខ្លួន​មក​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ ញូ​វ​រី​វើ​សាយ ក្នុង​បន្ទប់​លេខ​២០២​។


តែ​ដោយ​មានការ​សហការ​ល្អ​ពី​ម្ចាស់​សណ្ឋាគារ សមត្ថកិច្ច​បាន​ចូល​ទៅ​នាំ​ខ្លួន​ជន​ខាងលើ ចេញ​មក​ខាងក្រៅ​សណ្ឋាគារ​។ ក្នុង​ពេល​ចាប់ខ្លួន​ជនសង្ស័យ បាន​ប្រាប់​ថា លិខិតឆ្លងដែន របស់​គេ​បាន​ផ្ញើ​ទុកជា​មួយ​អ្នក​ភូមិ​ឯ​ស្រុក​អង្គរ​ក្រៅ​។ ជាមួយនឹង​ការ​ឆ្លើយ​បែប​នេះ សមត្ថកិច្ច​បាន​ឆែក​រក​ឃើញ​មាន​ម៉ាស៊ីនថតរូប និង​ឧបករណ៍​ផ្សេង​ៗ​មួយ​ចំនួន​។ បច្ចុប្បន្ន ជនសង្ស័យ​(​បរទេស​) ម្នាក់​ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្ត កំពុង​សាង​សួរ នៅ​កន្លែង​ការិយាល័យ​ជំនាញ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការខេត្ត ចាត់ការ​បន្ត​ទៅ​តាម​ផ្លូវច្បាប់​៕

អត្ថបទដេីម ៖ ច័ន្ទ រស្មី 

ប្រភពពី ៖ កោះសន្តិភាព

ម្ចាស់ហាងត្រូវឃាត់ខ្លួន រីឯមុនីនាថ នឹងគ្រួសារសព សំនូមពរដល់សារព័ត៌មានទាំងអស់ឈប់ចេញផ្សាយព័ត៌មានមិនពិតទៀត!


(សៀមរាប)៖ សាលាដំបូងខេត្តសៀមរាប នៅល្ងាចថ្ងៃទី១៨ ខែមេសានេះ បានសម្រេចឃុំខ្លួន ស្ត្រីម្ចាស់ហាង បារាយណ៍ស្ប៉ា ស្ថិតក្នុងតំបន់កម្សាន្ត Pub Street ក្រុងសៀមរាប បន្ទាប់ពីធ្វេសប្រហែសរាយខ្សែភ្លើង បណ្តាលឲ្យឆក់យុវតីម្នាក់ស្លាប់ នៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ ដែលជាយប់ចុងក្រោយ នៃពិធីបុណ្យចូលឆ្នាំថ្មី។

នាងខ្ញុំឈ្មោះលី មុនីនាថ សុំជំនួសមុខគ្រួសារនាងខ្ញុំទាំងមូលនៃរឿងរ៉ាវពាក់ពន្ធ័នៃការមរណៈភាពប្អូនស្រីនាងខ្ញុំឈ្មោះ លី មុនីរដ្ធានី ដែលមានព័ត៌មានខ្លះមានការភ័ន្តច្រឡំ ការស្លាប់ដោយសារតែគិតថាប្អូនស្រីនាងខ្ញុំបានទៅរត់ប្រឡែងប៉ាតម្សៅគ្នាជាមួយក្មេងស្ទាវៗ នឹងបានទៅរត់ជាន់ខ្សែភ្លេីងដោយក្នុងវ័យអាយុ18 ឆ្នាំទេីបធ្វេីឲប្អូននាងខ្ញុំបាត់បង់ជីវិត ។ 

នាងខ្ញុំសុំចេញសារមួយបកស្រាយចំពោះការមរណៈភាពរបស់ប្អូនស្រីនាងខ្ញុំឈ្មោះ លី មុនីរដ្ធានី ទៅដល់បងប្អូនទាំងនៅក្នុងបណ្តាញសង្គម Facebook អោយបានដឹងនឹងជ្រាបច្បាស់ 

នៅយប់ថ្ងៃទី16 ខែ មេសា ឆ្នាំ 2017 ជាយប់ថ្ងៃចូលឆ្នាំបង្ហេីយខ្ញុំនិងប្អូនស្រីនាងខ្ញុំរួមទាំងមិត្តភក្តិខ្ញុំចំនួន7នាក់ទៀតបានទៅលេងកំសាន្តនៅតំបន់ Pub Street ហេីយពួកខ្ញុំបានឈរលេងបាញ់ទឹកជាមួយគ្នានៅមុខហាងមួយកន្លែងមានឈ្មោះថា អង្គរហ៊ីប & ផ្ទះម៉ាស្សា Baray Spa ពួកខ្ញុំលេងរហូតដល់វេលាម៉ោង 11:40 នាទីយប់ដោយសារតែលេងហត់ហេីយឃ្លានផងក៏បានហៅដំឡូងបំពងមួយចានមកញាុំជាមួយគ្នានឹងត្រៀមរៀបចំទៅផ្ទះទៅហេីយប៉ុន្តែដោយចៃដន្យប្អូននាងខ្ញុំបានទៅច្រត់ដៃទៅលេីបង្គោលដែកតូចមួយដែលនៅចន្លោះកណ្តាលនៃហាងទាំងពីរនោះ (អង្គរហេុីប & ផ្ទះម៉ាស្សា Baray Spa) តែភ្លាមៗនោះខ្ញំបានឃេីញប្អូនស្រីខ្ញុំឆក់ រួចខ្ញុំក៏ស្ទុះទៅជួយក៏ឆក់រួមទាំងខ្ញុំផងដែរ ហេីយពេលនោះមានមិត្តភកិ្តប្រុសម្នាក់មកជួយទាញសង្រ្គោះខ្ញុំនឹងប្អូនស្រីខ្ញុំរួចគេក៏ចាប់បីប្អូនខ្ញុំសង្រ្គោះបឋមហេីយក៏ឃេីញមិនស្រួលមិត្តភក្តិខ្ញុំទាំងអស់បានជួយនឹងចាប់បីប្អូនខ្ញុំរត់យកទៅពេទ្យបង្អែកខេត្តសៀមរាប ខ្ញុំនឹងមិត្តខ្ញុំខ្លះបានស្រែកទៅជួយវែកសុំផ្លូវដេីម្បីយកប្អូនទៅពេទ្យសង្រ្គោះបន្ទាន់នៅពេទ្យបង្អែកខេត្តសៀមរាមហេីយខ្ញុំក៏ទូរសព្ទ័ទៅបងស្រីបង្កេីត ដែលមកលេងនៅសៀមរាបជាមួយមិត្តគាត់ដែល ប៉ុន្តែដោយអកុសលប្អូនខ្ញុំបានផុតទៅហេីយ ដោយសារតែបងស្រីបង្កេីតខ្ញុំមិនអស់ចិត្ត ក៏បានបញ្ចូនទៅមន្ទីពេទ្យរ៉ូយ៉ាល់អង្គរបន្តទៀត ប៉ុន្តែនៅតែមិនអាចជួយប្អូនបាន ។ 

ជាអកុសលខ្លាំងមែនទែននៅក្នុងឆាកជីវិតនាងខ្ញុំ ដោយនាងខ្ញុំនេះជាបងស្រីមិនអាចជួយប្អូនសោះ ប្អូនខ្ញុំទេីបតែមានអាយុ13 ឆ្នាំ នឹងឈាន ចូល 14 ឆ្នាំទៅហេីយមិនគួរណាប្អូនកេីតរឿងបែបនេះសោះ 

         

ជាចុងក្រោយនាងខ្ញុំ លី មុនីនាថ នឹងគ្រួសារខ្ញុំទាំងមូលសុំសំនូមពរដល់សមត្ថកិច្ចជួយរកយុត្តិធម៏ ឲប្អូនស្រីនាងខ្ញុំផង និង សំនូមពរដល់សារព័ត៌មានទាំងអស់ឈប់ចេញផ្សាយព័ត៌មានមិនពិតទៀត ហេីយនៅពេលនេះក្រុមគ្រួសារខ្ញុំទាំមូលកុំពុងតែមានទុក្ខធំជាទម្ងន់សុំមេត្តាពុកម៉ែបងប្អូនព្រមទាំមិត្តភក្តិទាំងអស់សុំចូលរួមរំលែកទុក្ខដល់ប្អូនស្រីខ្ញុំផង ។ ឥឡូវនេះសពកំពុងតែតង្កល់ធ្វេីបុណ្យនៅគេហដ្ធាន ភូមិមុខខេត្ត សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ 

ជាការគោរពអញ្ចេីញ ឯកឧត្តម លោកជំទាវ អ្នកឧញ៉ា លោកលោកស្រីទាំងអស់ជាភ្ញៀវកិត្តិយស ៕ 


មន្ត្រីជាន់ខ្ពស់នៅតុលាការខេត្តសៀមរាប បានបញ្ជាក់ប្រាប់នៅថ្ងៃទី១៨ ខែមេសានេះថា បន្ទាប់ពីព្រះរាជរង លោក សំរិទ្ធ សុខន សាកសួរចម្លើយ និងសម្រេចចោទប្រកាន់ស្ត្រីម្ចាស់ហាង ឈ្មោះ មាស សុភ័ក្រ ភេទស្រី អាយុ៣៦ឆ្នាំ ពីបទមនុស្សឃាតដោយអចេតនា ហើយត្រូវបានតុលាការ សម្រេចឃុំខ្លួនផងដែរ។  


សូមជម្រាបថា នៅរសៀលថ្ងៃទី១៨ ខែមេសានេះ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បាននាំខ្លួនម្ចាស់ហាង បារាយណ៍ស្ប៉ា ទៅតុលាការ បន្ទាប់ពីធ្វើការស្រាវជ្រាវ ករណីយុវតីម្នាក់បានស្លាប់ ដោយសារឆក់ខ្សែភ្លើង នៅក្នុងតំបន់កម្សាន្ត Pub Street ហើយរកឃើញថា ម្ចាស់ហាងម៉ាស្សាខាងលើ បានធ្វេសប្រហែសធ្ងន់ធ្ងរ ដោយបានរាយខ្សែភ្លើងមិនត្រឹមត្រូវ ទើបបណ្តាលឲ្យមានករណី ឆក់យុវតីម្នាក់នោះស្លាប់។


យុវតីវ័យក្មេងស្រស់ស្អាតម្នាក់ ឈ្មោះ លី មុនីរដ្ឋានី អាយុ១៤ឆ្នាំ មានលំនៅដ្ឋាននៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានស្លាប់ដោយសារឆក់ខ្សែភ្លើង នៅតំបន់កម្សាន្ត Pub Street នៅក្នុងក្រុងសៀមរាប 

នៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ ដែលថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ខណៈរូបគេកំពុងតែរាំកម្សាន្ត តែជាអកុសលហួសពេលទៅហើយ៕

ម្ចាស់មេដាយមាសពិភពលោក អ៊ុក ស្រីមុំ បានមកដល់ភ្នំពេញហើយ, ទទួលស្វាគមន៍ដោយរដ្ឋមន្រ្តីក្រសួងអប់រំ និងកីឡាករជាច្រើននាក់


រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង៣៖៥៥នាទីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧នេះ ម្ចាស់មេដាយមាសពិភពលោក អ៊ុក ស្រីមុំ បានមកដល់ភ្នំពេញហើយ, ដោយមានទទួល ស្វាគមន៍ដោយលោក ហង់ ជួនណារុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា, លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC តំណាងលោករដ្ឋមន្រ្តី ថោង ខុន និងកីឡាករ-កីឡាការិនី ជាច្រើននាក់ផងដែរ។ 


ការអញ្ជើញមកដល់របស់ម្ចាស់មេដាយមាសពិភពលោក អ៊ុក ស្រីមុំ មានការរៀបចំក្បួនដង្ហែរម៉ូតូធំចំនួន ១២គ្រឿង ដើម្បីទទួលស្វាគមន៍ ម្ចាស់មេដាយមាសកីឡាប៉េតង់ ពិភពលោក World Championship Petaque 2017។


លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានឲ្យដឹងថា ការរៀបចំក្បួនម៉ូតូកិត្តិយស១២គ្រឿង គឺជាអនុសាសន៍ណែនាំ របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីលើកទឹកចិត្តជាពិសេស សម្រាប់អត្តពលិកដណ្ដើមបាន​មេដាយមាស​ថ្នាក់ពិភពលោក។ លើសពីនេះសម្ដេចតេជោ ហ៊ុន សែន ក៏នឹងអនុញ្ញាតឲ្យកីឡាការិនី អ៊ុក ស្រីមុំ ចូលជួបសម្ដែងការ​គួសម្យនៅពេលវេលា សមស្របណាមួយ ដើម្បីសំណេះសំណាល និងលើកទឹកចិត្ត ដូចវីរកីឡាការិនី កែ ឡេង និងកីឡាករ សុខ ចាន់មាន ដែលធ្លាប់ដណ្ដើមបានមេដាយមាសកីឡាប៉េតង់ពិភពលោកកាលពីពេលកន្លងទៅផងដែរ។


សូមជំរាបថា ក្រុមកីឡាប៉េតង់កម្ពុជា បានដណ្ដើមមេដាយ ២គ្រឿងពីព្រឹត្តិការណ៍ Championship Petaque 2017 នៅទីក្រុង Ghent ប្រទេសបែលហ្ស៊ិក ក្នុងនោះមានមេដាយមាស ១គ្រឿង ដែលដណ្ដើមបានដោយកីឡាការិនី អ៊ុក ស្រីមុំ លើវិញ្ញាសាវាយ ឯកត្តជននារី ក្រោយប្រកួតឈ្នះកីឡាការិនីទុយណេស៊ី Mouna BEJI ១៣-៧ពិន្ទុ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ។ ចំណែកមេដាយប្រាក់ គឺដណ្ដើមបានលើវិញ្ញាសាវាយគូចម្រុះ បន្ទាប់ពីកីឡាករ ញ៉ែម បូរ៉ា និងកីឡាការិនី ស្រ៊ាង សុរ៉ាឃីម ចាប់គូប្រកួត វគ្គផ្ដាច់ព្រ័ត្រ ចាញ់ក្រុមកីឡាប៉េតង់ទុយនេស៊ីវិញ ដោយលទ្ធផល ១៣-៧ពិន្ទុ។


អ៊ុក ស្រីមុំ គឺជាស្រ្ដីខ្មែរទី២ ដែលដណ្ដើមបានមេដាយមាសកីឡាប៉េតង់ពិភពលោក បន្ទាប់ពីវីរកីឡាការិនី កែ ឡេង ដែលដណ្ដើមបានមេដាយមាសលើវិញ្ញាសា វាយឯកត្តជននារីចំនួន ២លើកជាប់គ្នា កាលពីឆ្នាំ២០១៣ និងឆ្នាំ២០១៥។ លើសពីនេះ កីឡាករ សុខ ចាន់មាន ក៏ធ្លាប់ដណ្ដើមបានមេដាយមាសពិភពលោក កាលពីឆ្នាំ២០១៦កន្លងទៅផងដែរ ប៉ុន្ដែគួរឲ្យស្ដាយ សម្រាប់ការបង្ហាញវត្តមានក្នុងចំណោម ៤៧ប្រទេស្មើនឹង ៤៩ក្រុមចូលរួមប្រកួតកីឡាប៉េតង់ ជើងឯកពិភពលោក នៅប្រទេសប៊ែលហ្ស៊ិក ឆ្នាំ២០១៧នេះ គេមិនអាចការពារតំណែងម្ចាស់មេដាយរបស់ខ្លួន លើវិញ្ញាសាវាយឯកត្តជនបុរសបាននោះទេ៕

ABC Breaking News : ខណៈនេះមានអគ្គិភ័យឆាបឆេះផ្ទះមួយល្វែង យ៉ាងសន្ធោរសន្ធៅ នៅក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ

ABC Breaking News : ខណៈនេះមានករណីអគ្គីភ័យមួយបានឆេះផ្ទះល្វែងមួយកន្លែង យ៉ាងសន្ធោរសន្ធៅ ដែលស្ថិតនៅសង្កាត់កំពង់ស្វាយ ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។

ហេតុការណ៍អគ្គិភ័យខាងលេីនេះកេីតឡេីងកាល ពីវេលាម៉ោង១៤៖២០នាទីរសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧នេះ បេីតាមអ្នកឃេីញហេតុការណ៍ផ្ទាល់បានទាក់ទងមកប្រាប់វិទ្យុABCថា នៅទីតាំងកេីតមានកម្លាំងសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍ហេីយ មានអ្វីបន្ថែមABCនឹងជម្រាបជូនបន្ត! 


បេីមានអ្វីបន្ទាន់ៗ ឬត្រូវការសមត្ថកិច្ចចុះអន្តរាគមន៍ ត្រូវការឡានពេទ្យ ត្រូវការឡានពន្លត់អគ្គិភ័យ ប្រទះឃេីញ​មនុស្សវង្វេង ឬបាត់ក្មេង និងអ្វីបន្ទាន់ៗ អាចទាក់ទងមកវិទ្យុABC (24ម៉ោង) តាមលេខទូរស័ព្ទ 010 231010 / 012231010 / 070 231010 / 077 231010 និង 087 23-23-23 

ក្បួនម៉ូតូធំ១២គ្រឿង ត្រៀមទទទួលស្វាគមន៍ម្ចាស់មេដាយមាសពិភពលោក អ៊ុក ស្រីមុំ នៅរសៀលនេះ


(ភ្នំពេញ)៖ ស្របតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នឹងសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា រៀបចំក្បួនដង្ហែរម៉ូតូធំចំនួន ១២គ្រឿង ដើម្បីទទួលស្វាគមន៍ដំណើរមកដល់មាតុភូមិរបស់វីរកីឡាការិនី អ៊ុក ស្រីមុំ ម្ចាស់មេដាយមាសកីឡាប៉េតង់ពិភពលោក World Championship Petaque 2017 ដែលនឹងមកដល់កម្ពុជា នាវេលាម៉ោង ៣៖៣០នាទីរសៀល ថ្ងៃទី១៨ ខែមេសា ២០១៧នេះ។


លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានឲ្យដឹងនាព្រឹកនេះថា ការរៀបចំក្បួនម៉ូតូកិត្តិយស ១២គ្រឿង គឺជាអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីលើកទឹកចិត្តជាពិសេស សម្រាប់អត្តពលិកដណ្ដើមបានមេដាយមាសថ្នាក់ពិភពលោក។ លើសពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏នឹងអនុញ្ញាតឲ្យកីឡាការិនី អ៊ុក ស្រីមុំ ចូលជួបសម្ដែងការគួសម្យនៅពេលវេលាសមស្របណាមួយ ដើម្បីសំណេះសំណាល និងលើកទឹកចិត្ត ដូចវីរកីឡាការិនី កែ ឡេង និងកីឡាករ សុខ ចាន់មាន ដែលធ្លាប់ដណ្ដើមបានមេដាយមាសកីឡាប៉េតង់ពិភពលោកកាលពីពេលកន្លងទៅផងដែរ។

សូមរំឭកថា កាលពីយប់មិញ ក្រុមកីឡាប៉េតង់កម្ពុជា បានដណ្ដើមមេដាយ ២គ្រឿងពីព្រឹត្តិការណ៍ Championship Petaque 2017 នៅទីក្រុង Ghent ប្រទេសបែលហ្ស៊ិក ក្នុងនោះមានមេដាយមាស ១គ្រឿង ដែលដណ្ដើមបានដោយកីឡាការិនី អ៊ុក ស្រីមុំ លើវិញ្ញាសាវាយឯកត្តជននារី ក្រោយប្រកួតឈ្នះកីឡាការិនីទុយណេស៊ី Mouna BEJI ១៣-៧ពិន្ទុ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ។ ចំណែកមេដាយប្រាក់ គឺដណ្ដើមបានលើវិញ្ញាសាវាយគូចម្រុះ បន្ទាប់ពីកីឡាករ ញ៉ែម បូរ៉ា និងកីឡាការិនី ស្រ៊ាង សុរ៉ាឃីម ចាប់គូប្រកួតវគ្គផ្ដាច់ព្រ័ត្រចាញ់ក្រុមកីឡាប៉េតង់ទុយនេស៊ីវិញ ដោយលទ្ធផល ១៣-៧ពិន្ទុ។


អ៊ុក ស្រីមុំ គឺជាស្រ្ដីខ្មែរទី២ ដែលដណ្ដើមបានមេដាយមាសកីឡាប៉េតង់ពិភពលោក បន្ទាប់ពីវីរកីឡាការិនី កែ ឡេង ដែលដណ្ដើមបានមេដាយមាសលើវិញ្ញាសាវាយឯកត្តជននារីចំនួន ២លើកជាប់គ្នា កាលពីឆ្នាំ២០១៣ និងឆ្នាំ២០១៥។ លើសពីនេះ កីឡាករ សុខ ចាន់មាន ក៏ធ្លាប់ដណ្ដើមបានមេដាយមាសពិភពលោកកាលពីឆ្នាំ២០១៦កន្លងទៅផងដែរ ប៉ុន្ដែគួរឲ្យស្ដាយ សម្រាប់ការបង្ហាញវត្តមានក្នុងចំណោម ៤៧ប្រទេស្មើនឹង ៤៩ក្រុមចូលរួមប្រកួតកីឡាប៉េតង់ជើងឯកពិភពលោក នៅប្រទេសប៊ែលហ្ស៊ិក ឆ្នាំ២០១៧នេះ គេមិនអាចការពារតំណែងម្ចាស់មេដាយរបស់ខ្លួន លើវិញ្ញាសាវាយឯកត្តជនបុរសបាននោះទេ៕  Source : Fresh News