ជិះម៉ូតូបញ្ច្រាសទិសរកឆ្លងផ្លូវត្រូវម៉ូតូមកពីមុខបុកពេញទំហឹង រងរបួសធ្ងន់ស្រាល២នាក់ និងសន្លប់១នាក់

[ពិភពចែករំលែក]
រាជធានីភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្សស្រី៣នាក់រងរបួសធ្ងន់និងស្រាល ដោយសារជិះម៉ូតូ បញ្ច្រាសទិសដៅ ចរាចរណ៍បំណងឆ្លងផ្លូវ តែត្រូវម៉ូតូមួយគ្រឿងទៀត បុកចំពីមុខពេញទំហឹង កាលពីវេលាម៉ោង០៨៖៤០នាទីយប់  ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧នេះ នៅចំណុចជិតច្រកចូល សាលាសង្កាត់ស្ទឹងមានជ័យ២ តាមបណ្ដោយផ្លូវមុនីរ៉េត  ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ភ្នំពេញ។ 
ភ្លាមៗនោះលោកនាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ បានចេញមកជួយអន្តរាគមន៍ និងធ្វេីការទាក់ទងរថយន្តសង្គ្រោះបន្ទាន់មកកន្លែងកេីតហេតុផងដែរ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបៀស្រ្តីម្នាក់ជិះម៉ូតូម៉ាក កូនទា ពណ៌ស (អត់ស្លាកលេខ) ជិះបញ្ច្រាសទិសចរាចរណ៍បំណងឆ្លងផ្លូវ ខណៈពេលដែលកំពុងជិះយឺតៗរកឆ្លងផ្លូវហេីយស្រាប់តែមានប្រុសស្រី២នាក់ទៀតជិះម៉ូតូ Dream ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ក្នុងល្បឿនលឿនបុកចំពីមុខពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់១នាក់ និងស្រាល១នាក់ និងស្ត្រីដែលជិះបញ្ច្រាសសន្លប់បាត់បង់ស្មារតី ត្រូវបានប្រជាពលរដ្ឋនៅកន្លែងកើតហេតុរត់ចេញមកជួយសង្គ្រោះបឋមអោយរហូតដឹងខ្លួនវិញ ។

ក្រោយពីកើតហេតុអ្នករងរបួសធ្ងន់ត្រូវបានរថយន្ដគិលានសង្គ្រោះ ដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជន ចំណែកម៉ូតូទាំង២គ្រឿង សមត្ថកិច្ចផ្នែកចរាចរណ៍ ចុះមកធ្វេីការវាស់វែង យកទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលសង្កាត់ស្ទឹងមានជ័យ២ ដើម្បីឲ្យភាគីទាំងសងខាងដោះស្រាយគ្នា៕ ៚

ម្នាក់ធ្លាយនោម ម្នាក់បែកប្រអប់ជើងខ្ទេច និងម្នាក់ទៀតបែកឈាមពេញផ្ទៃមុខ ដោយសារម៉ូតូ២គ្រឿង បុកគ្នាយ៉ាងពេញទំហឹង



[ពិភពចែករំលែក]
រាជធានីភ្នំពេញ ៖ បុរសពីរនាក់ជិះម៉ូតូក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកនឹងម៉ូតូមួយគ្រឿងទៀតដែលបត់ បណ្ដាលអោយបុរសបីនាក់រងរបួសធ្ងន់ស្រាល ដែលហេតុការណ៍នេះកេីតឡេីងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ៣៧១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ។

ប្រភពព័ត៌មាននៅកន្លែងកេីតហេតុបានឲ្យដឹងថា ៖ មុនពេលកេីតហេតុគេបានឃេីញ បុរសវ័យកណ្ដាលម្នាក់ជិះម៉ូតូ ម៉ាកឌ្រីម សេ១២៥ ពណ៌ខ្មៅ ស្លាកលេខ កំពង់ចាម 1D-5086 ជិះចេញពីច្រកផ្លូវ ខាងក្នុង ឡើងមកបំរុងនឹងបត់ឆ្លង ផ្លូវ៣៧១ ក៏ត្រូវម៉ូតូឌ្រឹម សេ១២៥ ពណ៌ខ្មៅ ស្លាកលេខកំពង់ឆ្នាំង 1C-0837 ជិះដោយបុរសពីរនាក់ ទិសដៅពីកេីតទៅលិច ក្នុងល្បឿន​លឿនទៅបុកយ៉ាងពេញទំហឹង បណ្ដាលឲ្យបុរសវ័យកណ្ដាលនោះ​ រងរបួសបែកប្រអប់ជេីងខាងស្ដាំខ្ទេច ដេកស្ដូកស្ដឹងនៅហ្នឹងកន្លែង​ ចំណែកឯបុរសពីរនាក់ទៀតរងរបួសធ្ងន់​ (ដោយម្នាក់បែកឈាមពេញផ្ទៃមុខនិងដងខ្លួន និងម្នាក់ទៀតរបួសស្រាលធ្លាយនោមរលោតដៃជើង) ។​

ភ្លាមៗនោះត្រូវបានកម្លាំងប្រជាការពារខណ្ឌមានជ័យ នៅជិតកន្លែងកើតហេតុឃើញ ក៏ចេញមកជួយអន្តរាគមន៍ទាក់ទងសមត្ថកិច្ចនិងរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកមានជ័យដឹកបុរសរបួសបែកប្រអប់ជើងត្រូវបញ្ជូនទៅមន្ទីរពេទ្យរុស្សី និងអ្នករបួសធ្ងន់ស្រាលម្ខាងទៀតត្រូវរថយន្តគិលានសង្គ្រោះដឹកបញ្ជូនទៅគ្លីនិកឯកជនសួគា៍។

ក្រោយពេលកេីតហេតុសមត្ថកិច្ចបានចុះមកវាស់វែងយកម៉ូតូទាំង២គ្រឿង​ ទៅរក្សាទុករងនៅប៉ុស្តិ៍បឹងទំពន់២ រងចាំភាគីទាំងសងខាងធ្វេីការដោះស្រាយគ្នានៅពេលក្រោយ ៕៚

នារីម្នាក់ជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តកុងទីន័របេីកបុកកិន តែសំណាងល្អគ្រាន់តែរបួសស្រាល


រាជធានីភ្នំពេញ ៖ រថយន្តកុងទីន័រមួយគ្រឿង បេីកបុកកិនចំពីលើម៉ូតូ Wave មួយគ្រឿង បណ្ដាលឲ្យខ្ទាតនារីម្នាក់ធ្លាក់ពីលើម៉ូតូរងរបួសស្រាល នៅតាមបណ្ដោយផ្លូវមុនីរ៉េត ជិតច្រកចូលសាលាសង្កាត់ ស្ទឹងមានជ័យ២ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ភ្នំពេញ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង០៨៖៥០នាទីយប់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧នេះ។

បើតាមអ្នកឃើញហេតុការណ៍ផ្ទាល់ប្រាប់ឲ្យដឹងថា ៖ គេឃើញរថយន្តកុងទីន័រមួយគ្រឿង ស្លាកលេខស្វាយរៀង 3A-1310 បើកពីជើងទៅត្បូង តាមបណ្ដោយផ្លូវមុនីរ៉េត លុះមកដល់កន្លែងកើតហេតុ ស្រាប់តែមាននារីម្នាក់ម៉ូតូ Wave-S ពណ៍ខ្មៅ ស្លាកលេខកំពង់ធំ 1J-6060 ជិះបត់ឆ្លងផ្លូវបញ្ច្រាសជិតផុតហើយក៏បុកកិនពីលើទៅមុខលែងរួច បណ្ដាលឲ្យខ្ទាតនារីម្នាក់ធ្លាក់ពីលើម៉ូតូ រងរបួសស្រាល បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលឈរមើលគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូកើតឡើងមុនហ្នឹងបន្តិច រត់មកជួយគ្នាលើក ឲ្យប្រេងកូឡាលាបរបួស តែនារីរងគ្រោះភ័យពេក យំរហូតទាល់តែប្រជាពលរដ្ឋ ជួយលួងទើបបាត់ ។

ភ្លាមនោះដែរគេឃើញលោក ឯម ភារី នាយប៉ុស្តិ៍ថ្មី នគរបាលស្ទឹងមានជ័យ៣ ចុះមកជួយអន្តរាគមន៍ និងកម្លាំងនគរបាលដទៃទៀតចេញជួយសម្រួលចរាចរណ៍យ៉ាងសកម្មផងដែរ។​

ក្រោយកកើតហេតុត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងនិងនាំយករថយន្តនិងម៉ូតូទៅរក្សាទុកឲ្យភាគីទាំងសងខាងដោះស្រាយគ្នា៕៚

សូមប្រុងប្រយ័ត្នទាំងអស់គ្នាផង!

សូមត្រៀមអាវរងាទុកទៅ! អាកាសធាតុនៅកម្ពុជា នឹងចុះត្រជាក់ខ្លាំង ចាប់ពីថ្ងៃទី០៨ ដល់ ថ្ងៃទី១៤ ខែធ្នូនេះហើយ!


[ពិភពចែករំលែក - World Share]
រាជធានីនំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបានបញ្ជាក់ថាចាប់ពីថ្ងៃទី០៨ រហូតដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ខាងមុខនេះ សីតុណ្ហភាព នឹងធ្លាក់ចុះខ្លាំង នៅបណ្ដាខេត្តមួយចំនួន និងជាពិសេសតាមបន្ទាត់ព្រំដែន(តំបន់ជួរភ្នំដងរែក) រួមមាន៖ ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ ឧត្ដរមានជ័យ និងខេត្តប៉ៃលិន សីតុណ្ហភាពអប្បបរមានឹងចុះមកនៅក្នុងរង្វង់ពី ១៦-១៨ អង្សាសេ និងបណ្ដារាជធានី-ខេត្ត ដទៃទៀត សីតុណ្ហភាពអប្បបរមា នឹងចុះមកនៅក្នុងរង្វង់ពី១៩-២១ អង្សាសេ៕