អាសូរណាស់! រថយន្តដឹកថ្មក្រុមហ៊ុន «នឹម ម៉េង» បើកបុក និងកិនបុរស២នាក់ បណ្តាលឲ្យស្លាប់នៅក្រោមកង់រថយន្ត ក្នុងខណ្ឌមានជ័យ (មានវិដេអូ)


រាជធានីភ្នំពេញ ៖ ពិតជាអាសូរណាស់! បុរស២នាក់បានស្លាប់យ៉ាងអាណោចអាធ័ម នៅក្រោមកង់រថយន្តដឹកថ្មរបស់ក្រុមហ៊ុន «នឹម ម៉េង» នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧នេះ ស្ថិតនៅតាមផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយរថយន្តដឹកថ្មក្រុមហ៊ុន «នឹម​ ម៉េង» ដោយបានបើកបុក និងកិនម៉ូតូជនរងគ្រោះ ទាំង២នាក់ មានស្រុកកំណើតនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បច្ចុប្បន្នជាកម្មករសំណង់ស្នាក់នៅក្បែរវត្តសំរោងអណ្តែត។

សូមបញ្ជាក់ថា រថយន្តដឹកដី ដឹកថ្ម របស់ក្រុមហ៊ុន «នឹម ម៉េង» តែងតែបង្កគ្រោះថ្នាក់ចរាចរណ៍ នៅតាមដងផ្លូវបណ្តាលឲ្យប្រជាពលរដ្ឋស្លាប់ និងរបួសមិនតិចនោះទេ។ 

(សូមស្តាប់សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News នៅកន្លែងកើតហេតុ)៕

ឃាត់រថយន្តដឹកបង្គារ​​២០​​កេស​ សង្ស័យ​​មាន​​ជាតិ​​គីមី​​នាំ​ចូល​ពី​វៀត​ណាម​



ខេត្តកំពត ៖ នា​ថ្ងៃ​ទី​០៥ ខែ​កក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៤​:​០០​នាទី ដោយ​បាន​ការ​ណែ​នាំ​ពី ឯកឧត្តម ចាន់ ចេស្តារ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពត ក៏​ដូច​ជា​លោក​ឧត្តម​សេនីយ៍​ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នង​ការ​នគរ​បាល​ខេត្ត និង លោក​ប្រធាន​ការិយាល័យ​សេដ្ឋ​កិច្ច បានចុះ​ធ្វើ​ការ​ឃាត់​រថយន្ត​ដែល​សង្ស័យ​នាំ​ចូល​បង្គារ​ដែល​ខូច​គុណ​ភាព​ពី​ប្រទេស​វៀត​ណាម​ចំនួន ១០​កេស និង​សង្ស័យ​ថា ផ្ទុក​នូវ​សារ​ធាតុ​ផ្សេង​ៗ​ដែល​ប៉ះ​ពាល់​ដល់​សុខ​ភាព​ប្រជា​ពលរដ្ឋ​។

បច្ចុប្បន្នបង្គារ​ទាំង​អស់​នេះ​និង​ត្រូវ​នាំ​មក​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​​សហការ​ជា​មួយ​កាំកុង​ត្រូល​ដើម្បី​ត្រួត​ពិនិត្យ​បន្ត​ទៀត ៕

លោក ទេព រិនដារ៉ូ ធ្លាក់ខ្លួនឈឺ ចូលសម្រាកនៅមន្ទីរពេទ្យ



រាជធានីភ្នំពេញ : កំពូលតារាសម្ដែងជើងចាស់ដ៏ល្បីឈ្មោះម្នាក់ គឺលោក ទេព រិនដារ៉ូ បានធ្លាក់ខ្លួនឈឺ ចូលសម្រាកនៅមន្ទីរពេទ្យហើយ កាលពីម្សិលមិញថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧នេះ៕

សូមបងប្អូនទាំងអស់គ្នាជួយជូនពរនិងផ្ដល់ជាកម្លាំងចិត្តដល់គាត់ផងណា។ សូមអរគុណ! 


ប្រភពពី Facebook

ចាប់ម្តងទៀតហើយ! មេក្លោងចែកចាយគ្រឿងញៀនបើកឡានយីឌុបដើរលក់

បើតាមប្រភពពីមន្រ្តីនគរបាលជាន់ខ្ពស់ក្នុងខេត្តម្នាក់បានឲ្យដឹងថា ជនសង្ស័យខាងលើកន្លងទៅក៏ធ្លាប់ត្រូវបាននគរបាលជំនាញចាប់ខ្លួនបានម្តងរួចមកហើយក្នុងករណីដូចគ្នាអញ្ចឹង?បើកឡានយីឌុបដើរលក់អញ្ចឺង? ហើយឥឡូវក៏ចាប់ខ្លួនបានដដែលៗអញ្ចឹង?...

ខេត្តកំពង់ចាម៖ លោកឧត្តមសេនីយ៍ ស្នងការ ឯម កុសល បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី 05-07-2017 វេលាម៉ោង 15:00នាទី កម្លាំងផ្នែកគ្រឿងញៀនរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម បានទទួលពត៌មានពីភ្នាក់ងារផ្តល់ពត៌មានតាមទូរសព្ទ័ថា មានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-2739 ដឹកគ្រឿងញៀនទុកចែកចាយដែលធ្វើដំណើរក្នុងគោលដៅពីភូមិស្ពឺ ទៅអ្នកលឿង ។​

បន្ទាប់ពីទទួលពត៌មាន កម្លាំងជំនាញគ្រឿងញៀន បានសហការជាមួយកម្លាំងប៉ុស្តិ៍អូរស្វាយ ជំនាញចរាចរណ៍ស្រុក និងកម្លាំងជំនាញគ្រឿងញៀនខេត្ត ធ្វើការឃាត់រថយន្តបាននៅមុខអធិការដ្ឋាន ស្ថិតក្នុងភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ឃាត់ខ្លួនជនសង្ស័យបានចំនួន 02នាក់ ៖
1-ឈ្មោះ យឹម គីមស៊ា ហៅ ង៉ោ ភេទប្រុស អាយុ 29ឆ្នាំ នៅភូមិស្ពឺ ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម
2-ឈ្មោះ សៅ ស្រីនាង ភេទស្រី អាយុ 28ឆ្នាំ នៅភូមិសាលាតាព្រហ្ម ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ រឹបអូសបានម្សៅក្រាមសសង្ស័យជាថ្នាំញៀនចំនួន 02កញ្ចប់ (ធំចំនួន 1កញ្ចប់ តូចចំនួន 01កញ្ចប់) ជញ្ជីងអេឡិចត្រូនិច 01គ្រឿង ឧបករណ៍វេចខ្ចប់មួយចំនួន ឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយសម្រាប់ ទូរសព្ទ័ចំនួន 03គ្រឿង ប្រាក់រៀល ប្រាក់ដុល្លា ប្រាក់ដុងមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ រួមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន និងរក្សាទុកនៅអធិការដ្ឋាន ជំនាញកំពុងស្រាវជ្រាវបន្ត។ វណ្ណៈ

ដំណឹងបន្ថែម : តុលាការសម្រេចបញ្ជូនជនដៃដល់​ដែលសម្លាប់​បុគ្គលិក​អ៊ីនធឺណិត ​នៅ​ក្រុងតាខ្មៅ​ ​ទៅ​ពន្ធនាគារ ហើយអាច​ប្រឈម​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត

  
​ខេត្តកណ្ដាល​៖ ​ជនដៃដល់ដែលបានចាក់សម្លាប់យុវជនជាបុគ្គលិកហាង Internet នាក្រុងតាខ្មៅ ដែលបានធ្វើឲ្យកក្រើកពីមជ្ឈ​ដ្ឋាននានា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ​ នៅ​រសៀល​ថ្ងៃ​ទី​០៥​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ ត្រូវ​​បាន​កម្លាំង​កងរាជ​អាវុធ​ហត្ថ​ខេត្ត​កណ្ដាល​​ បញ្ជូន​ដល់​អយ្យការ​អមសាលាដំបូង​ខេត្ត​កណ្ដាល​ ហើយ​ ដើម្បី​ចាត់ការតាម​ច្បាប់​ ។​ លោក​ សូ​ សារិន​ ប្រធាន​លេខាធិការដ្ឋាន ​និង​ជា​អ្នក​នាំពាក្យ​សាលា​ដំបូង​ខេត្ត​កណ្ដាល​ បញ្ជាក់​ថា​ លោក​ ទី​ សំណាង​ ជា​ចៅក្រម​ស៊ើបសួរ​ សម្រេច​ឃុំ​ខ្លួន​ជនត្រូវចោទ​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ហើយ​ នៅ​ល្ងាច​ថ្ងៃ​ទី​០៥​ ខែ​កក្កដា ឆ្នាំ២០១៧​នេះ​។


 លោក​ សំម​ ឫទ្ធី​វាសនា​ អ្នក​នាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​ ថ្លែង​ថា​ ជនសង្ស័យ​ត្រូវ​បាន​លោក​ព្រះ​រាជ​អាជ្ញា​រង​ ឯក​ ស៊ុន​រស្មី​ សម្រេច​ចោទប្រកាន់​ពី​បទ​ «ឃាតកម្ម​គិត​ទុក​ជា​មុន​» តាម​មាត្រា​២០០នៃ​ក្រម​ព្រហ្មទណ្ឌ​ ។ បទល្មើស​ឃាតកម្ម​គិត​ទុក​ជា​មុន​ កំណត់​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា​ ជនសង្ស័យ​ពិត​ជា​បាន​ប្រព្រឹត្ត​បទល្មើស​មែន​។


ជនដៃដល់ឈ្មោះ អ៊ឹង ចាន់រតនៈ ត្រូវបានកម្លាំងអាវុធហត្ថខេត្តកណ្ដាល ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សំ តុលា សហការជាមួយកម្លាំងអាវុធហត្ថ លើផ្ទៃប្រទេស កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងអាវុធហត្ថ ខេត្តសៀមរាប ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើ ផ្ទៃប្រទេស​ និងលោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល ក្រោមការសម្របសម្រួលរបស់ព្រះរាជអាជ្ញា តាមចាប់ខ្លួនបានកាលពីរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅបេនឡានក្រុងសៀមរាប បន្ទាប់ពីជននេះបានរត់គេចខ្លួន រយៈពេល២ថ្ងៃក្រោយសម្លាប់ជនរងគ្រោះ។



លោកវរសេនីយ៍ឯក ទូត អ៊ីណាន មេបញ្ជាការរង និងជាប្រធានមន្ទីរយុត្តិធម៌ អាវុធហត្ថខេត្តកណ្ដាល បានប្រាប់ក្រុមអ្នកកាសែតនៅរសៀលថ្ងៃទី០៤ ខែកក្កដា​ ក្នុង​សន្និសីទ​សារព័ត៌មាន​ ថា មូលហេតុដែលនាំឲ្យជនដៃដល់ចាក់សម្លាប់ជនរងគ្រោះ បណ្ដាលឲ្យស្លាប់ភា្លមៗនៅក្នុងបន្ទប់ទឹក នៃហាង Internet ដោយសារតែងប់ងល់នឹងល្បែងរហូតជំពាក់បំណុលគេ ហេតុដូច្នេះហើយទើបមានគំនិតចង់ប្លន់យកលុយពីម្ចាស់ហាង ទើបឈានទៅដល់ការសម្លាប់ជនរងគ្រោះដែលជាអ្នកមើលការខុសត្រូវ នៅក្នុងហាងតែម្ដង។



លោក ទូត អ៊ីណាន បានរៀបរាប់ថា ជនសង្ស័យ អ៊ឹង ចាន់រតនៈ អាយុ២៥ឆ្នាំ មុខរបរលក់ដូរ មានស្រុកកំណើតសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ និង មានទីលំនៅបច្ចុប្បន្នភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានប្រពន្ធ និងកូនម្នាក់ បានងប់ងល់នឹងហ្គេម Internet រហូតយកម៉ូតូឪពុកមារបស់ខ្លួនទៅបញ្ចាំបានប្រាក់១,១០០ដុល្លារ ហើយយកទៅលេងហ្គេមរហូតចាញ់អស់ទៀត ទើបចុងក្រោយរៀបចំគម្រោងសម្លាប់ជនរងគ្រោះតែម្ដង។ ការសម្លាប់ជនរងគ្រោះ ជនដៃដល់បានទិញកាំបិតចំនួន២ គឺកាំបិតចុងស្រួច និងកាំប៉័ងតោ ដាក់នៅក្នុងកាតាប រួចហើយទៅប្រាប់ជនរងគ្រោះឲ្យចូលទៅបន្ទប់ទឹកថា បង្គន់ស្ទះ។ ពេលជនរងគ្រោះកំពុងចូលក្នុងបន្ទប់ទឹក ជនដៃដល់រូបនេះទាញកាំបិតចុងស្រួចចាក់ ពីក្រោយចំនួន៧-៨កាំបិត រហូតប្រតាយប្រតប់គ្នា និងចាក់ថែមចំថ្ងាស់ ចំឃ្លៀក សរុបទាំងអស់ចំនួន១២កាំបិត បណ្ដាលឲ្យជនរងគ្រោះស្លាប់ភា្លមៗ​នៅកន្លែងកើតហេតុ រី​ឯជននេះ ដែលប៉ងលួចលុយ នៅក្នុងកេះតុនោះ ក៏មិនបានសម្រេច ព្រោះឃើញ បុគ្គលិកក្មេងម្នាក់ទៀត នៅក្នុងហាងក៏គេចខ្លួនតែម្ដង។



ក្រោយពេលគេចខ្លួនជនដៃដល់បានទៅដេកក្នុងផ្ទះសំណាក់មួយកន្លែង នៅសង្កាត់ចាក់អង្រែលើ មុនគេចខ្លួនបន្ដទៅជិះរថយន្ដតាក់ស៊ីនៅផ្សារនាគមាស រួចបន្ដទៅខេត្តសៀមរាប ទីកន្លែងដែលត្រូវចាប់ខ្លួនតែម្ដង។ លោកមេបញ្ជាការរង ក៏បានបញ្ជាក់ផងដែរថា ជនសង្ស័យក្រោយពិនិត្យទឹកនោម ក៏មិនបានរកឃើញមានសារធាតុញៀននោះទេ ពោលមូលហេតុចម្បងនោះ គឺងប់នឹងល្បែងតែម្ដង។



សូមបញ្ជាក់ថា សម្រាប់ហាង Internet ដែលកើតមានអំពើឃាតកម្មនេះ ក៏ត្រូវបានប្រជាពលរដ្ឋស្នើឲ្យអាជ្ញាធរ និងសមត្ថកិច្ចចុះស៊ើបអង្កេត និងចាត់វិធានការតាមផ្លូវច្បាប់ ពីព្រោះមានអ្នកលេងមិនតិចទេ ដែលបានចាញ់លុយអស់រាប់ពាន់ដុល្លារក្នុងហាងមួយនេះ។ ជនរងគ្រោះមានឈ្មោះ រ័ត្ន ពុទ្ធថា ភេទប្រុស អាយុ២២ឆ្នាំ មានមុខរបរជាបុគ្គលិកហាង Internet (មានល្បែងហ្គេមតាមអនឡាញ) និងស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិស្តុក ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានឪពុកឈ្មោះ រ័ត្ន វាសនា និងម្តាយឈ្មោះ ឆាយ មុំ៕