សូមបញ្ជាក់ថា ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងប្រើប្រាស់កម្លាំងជាង ៤,៦០០នាក់ការពារសន្តិសុខ សណ្តាប់ធ្នាប់ អំឡុងពេលបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២២ខាងមុខ។ ថ្លែងបើកកិច្ចប្រជុំផ្សព្វផ្សាយ ផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសម្រាប់ដំណើរការបោះឆ្នោតខាងមុខ កាលពីថ្ងៃទី២៤ ឧសភា លោកឧត្តមសេនីយ៍ឯក ស ថេតអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងនគរបាលរាជធានីភ្នំពេញ ត្រូវត្រៀមមធ្យោបាយ សម្ភារៈ និងកម្លាំង ចេញការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋឲ្យទទួលបានសុខសុវត្ថិភាពល្អ ហើយត្រូវការពារនៅមណ្ឌល និងការិយាល័យបោះឆ្នោត អនុវត្តឲ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់បោះឆ្នោត គឺជាកម្លាំងបម្រើប្រជាពលរដ្ឋពិតប្រាកដ សុភាពរាបសាមិនមែនជាកម្លាំង ឈរការពារគំរាមកំហែងប្រជាពលរដ្ឋនោះទេ ធ្វើបែបនេះដើម្បីចៀសវាងកុំឲ្យមានការចោទកាន់ មកលើអាជ្ញាធរសមត្ថកិច្ច។
លោកឧត្តមសេនីយ៍ឯក ស ថេតក៏ បានណែនាំកម្លាំងសមត្ថកិច្ច កុំនៅក្បែរប្រជាពលរដ្ឋចូលទៅបោះឆ្នោត ដោយកម្លាំងការពារនៅឲ្យឆ្ងាយពីការិយាល័យបោះឆ្នោត យ៉ាងហោចណាស់ ១៥ម៉ែត្រ។ ចំពោះអ្នកការពារនៅខាងក្នុងទីតាំងបោះឆ្នោត ត្រូវស្លៀកពាក់ឯកសណ្ឋានការងារ ពាក់មួក និងក្រវាត់ក។ ចំណែកកម្លាំងការពារបរិវេណ នៅខាងក្រៅទីតាំងបោះឆ្នោត គឺនៅឲ្យឆ្ងាយយ៉ាងហោចណាស់ ១០០ម៉ែត្រ ដែលស្លៀកពាក់ឯកសណ្ឋានឈុត។
លោកស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ក្រៅពីកម្លាំងឈរជើងការពារការិយាល័យ និងមណ្ឌលបោះឆ្នោត ក៏ត្រូវត្រៀមរួចជាស្រេចនូវកម្លាំងចេញអន្តរាគមន៍ ដែលត្រូវឈរជើងនៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងអន្តរាគមន៍នេះ គឺត្រៀមចេញដោះស្រាយសភាពការណ៍សន្តិសុខ នៅពេលកើតមានហេតុការអ្វីមួយ កើតឡើងនៅពេលបោះឆ្នោត។
គួរបញ្ជាក់ថា នៅក្នុងដំណាក់កាល នៃការបោះឆ្នោតខាងមុខនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងប្រើប្រាស់កម្លាំងជាង ៤,៦០០នាក់។