នាយ​ឧត្តម​សេនីយ៍​ស្នង​ការ ជួន សុវណ្ណ បញ្ជា​ឲ្យ​តាមចាប់​​ជន​បង្ក ដក​កាំ​ភ្លើង​​បាញ់ជិត១០គ្រាប់


រាជធានីភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៧ លោក ហួត ចាន់ យ៉ារ៉ាន់ អធិការ​នគរ​បាល​ខណ្ឌ​ដូន​ពេញ បាន​បញ្ជាក់​ថា​ ករណី​បាញ់​ប្រហារ​ជិត​១០​គ្រាប់ កាល​ពី​យប់​មិញ ក្នុង​សង្កាត់​ចតុ​មុខ​ត្រង់​ចំណុច​ផ្លូវ​លេខ​៥៥ កែង​និង​ផ្លូវ​២៤២ ទល់​មុខ​ក្លឹប​កំសាន្ត​៥៥បាន​ដក​កាំ​ភ្លើង​បាញ់​ជិត​១០​គ្រាប់ នៅ​​ពេល​​នេះ​​កម្លាំង​នគរបាល​​របស់​លោក កំពុង​ពិនិត្យ​ស្លាក​លេខ​រថយន្ត ដើម្បី​ស្វែង​រក​អត្ត​សញ្ញាណ​ជន​បង្ក ចាត់​​វិធាន​​ការ​តាម​ផ្លូវ​ច្បាប់ ។​ នៅ​ក្រោយ​បញ្ជា​ពី​នាយ​ឧត្តម​សេនីយ៍​ស្នង​ការ ជួន សុវណ្ណ នៅ​ពេល​នេះ​យើង​កំពុង​ស្រាវ​ជ្រាវ​តាម​រក​ជន​បង្ក​ហេតុ ។
គួរ​រំលឹក​ថា កាលពីវេលាម៉ោងជាង១០យប់ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ ​​ បុរស​ម្នាក់​បើក​រថយន្ត​មួយ​គ្រឿង​ម៉ាក Lexus RX330 បាន​ដក​កាំភ្លើង​បាញ់​ជិត​១០​គ្រាប់ នៅ​ក្បែរ​ទី​ស្នាក់​ការ​សហ​ភាព​សហ​ព័ន្ធ​អ្នក​សារ​ព័ត៌​មាន​កម្ពុជា (សសសក) បង្ក​ការ​ភ្ញាក់​ផ្អើល​ទាំង​កណ្តាល​យប់​ដល់​ប្រជា​ពល​រដ្ឋ ស្ថិត​ក្នុង​សង្កាត់​ចតុ​មុខ ខណ្ឌ​ដូន​ពេញ រថយន្តបង្កម៉ាកLexusRX330ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ក្រុងព្រះសីហនុ 2A-​5981 ​ផ្ទុះអាវុធខាងលើ ។ មន្ត្រី​អាវុធ​ហត្ថ​បាន​ថ្លែង​ឲ្យ​ដឹង​ថា ករណី​នេះ​មិន​ទាន់​ដឹង​មាន​រឿង​អ្វី​នោះ​ទេ​ដោយ​បុរស​នោះ​បាន​បើក​រថយន្ត​មក​ដល់​ត្រង់​ចំណុច​ផ្លូវ​លេខ​៥៥ កែង​និង​ផ្លូវ​២៤២ ទល់​មុខ​ក្លឹប​កំសាន្ត​៥៥ ក៏​ដក​កាំ​ភ្លើង​បាញ់​តែ​ម្តង ៕