រាជធានីភ្នំពេញ៖ ក្រុមចោរដៃស្អិតមានគ្នា ៤នាក់ បានចេញធ្វើសកម្មភាពឆក់កាបូប ពីស្ដ្រីម្នាក់ទាំងព្រឹកព្រលឹមអុលតែម្តង និងធ្វើអោយជនរងគ្រោះដួលបោកក្បាលទៅនិងថ្នល់បែកហូរឈាមពេញថ្នល់រងរបួសធ្ងន់ ត្រូវរថយន្តសង្គ្រោះដឹកយកទៅទៅមន្ទីរពេទ្យ តែជាអកុសលគាត់ក៏បានដាច់ខ្យល់ស្លាប់យ៉ាងគួរឲ្យអាណិត កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧នេះ ស្ថិតតាមបណ្ដោយផ្លូវ២៣០ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក ។
ស្ដ្រីរងគ្រោះឈ្មោះចិន អាយុ៦០ឆ្នាំ មុខរបរ ជាគ្រូបង្រៀនភាសាចិន នៅសាលា ឈុងជឹង ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្ដ្រីរងគ្រោះជិះម៉ូតូឌុបតាមបណ្ដោយផ្លូវ២៣០ គោលបំណងទៅមន្ទីរពេទ្យ ដើម្បីពិនិត្យសុខភាព ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានក្រុមជនសង្ស័យមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿងមានម៉ាក Honda Dream និងម៉ាក Icon មិនចាំស្លាកលេខទេ បានជិះមកពីក្រោយរួចធ្វើសកម្មភាព ឆក់កាបូបពីស្រ្ដីរងគ្រោះ បណ្ដាលឲ្យធ្លាក់ពីលើម៉ូតូបោកក្បាលទៅនិងផ្លូវថ្នល់របួសធ្ងន់ធ្ងរ ហើយក្រុមជនសង្ស័យក៏គេចខ្លួនបាត់ស្រមោលតែម្តង។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ តែជាអកុសលគាត់ក៏បានដាច់ខ្យល់ស្លាប់យ៉ាងគួរឲ្យអាសូរ។
គួរបញ្ជាក់ថានៅក្នុងមូលដ្ឋាន ខណ្ឌទួលគោក បទល្មើសសំបូរណាស់ជាពិសសេសល្បែងស៊ីសង និងគ្រឿងញៀន និងចោរឆក់ តែសមត្ថកិច្ចមិនទាន់មានវិធានការរឹងបណ្ដឹងក្នុងការទប់ស្កាត់សោះ។