តេីស្ថានីយ៍វិទ្យុABC និងអគ្គិសនីកម្ពុជា សហការគ្នារៀបចំ ព្រឹត្តិការណ៍ដាំដេីមឈេីដល់ធំ នៅពោធ៍សាត់ទៀតឬអត់? ខណៈដែលពលរដ្ឋមួយចំនួនទន្ទឹងរងចាំ!
----------------------------------------------------
នឹកណាស់ អនុស្សាវរីយ៍ "ដាំដើមជីវិតនៅសមុទ្រទឹកសាប" តើពេលណាទើបបានពួកយើង បានជួបជំគ្នា ដាំដើមឈើជាមួយគ្នា ញ៉ាំបាយរួមគ្នា ជិះឡានរួមគ្នា...ទៀតទៅណ៎ ប្រហែលជាអ្នកទាំងអស់គ្នា ភ្លេចអស់ហើយទេដឹង អ្នកណាខ្លះនៅចាំ ព្រឹត្តិការណ៍ទាំងនេះខ្លះ?
តើចង់អោយព្រឹត្តិការណ៍មួយនេះកើតមានម្ដងទៀតទេ?
ព្រឹត្តការណ៍លេីកមុន មានបងប្អូនប្រជាពលរដ្ឋចូលរួមយ៉ាងហោចណាស់ ជាង៥ពាន់នាក់ ដែលបានចូលរួមដាំដើមឈើជាងមួយម៉ឺនដើម ក្រោមប្រធានបទ «ដាំដើមជីវិតនៅសមុទ្រទឹកសាប» កាលពីថ្ងៃអាទិត្យ ទី៣១ ខែកក្កដា ឆ្នាំ២០១៦ ក្នុងភូមិសាស្ត្រឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ័សាត់។
ការដាំដើមឈើលេីកមុនត្រូវបានរៀបចំឡេីងដោយស្ថានីយ៍វិទ្យុ ABC កម្ពុជា 107.5 FM សហការរៀបចំដោយ អគ្គិសនីកម្ពុជា - EDC ដឹកនាំដោយលោក កែវ រតនៈ និងមានការគាំទ្រដោយ ក្រសួងបរិស្ថាន ដឹកនាំដោយ ឯកឧត្តម សាយ សំអាល់ និងក្រសួងព័ត៌មាន ដឹកនាំដោយឯកឧត្តម ខៀវ កាញារីទ្ធ និងអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន្ទ ព្រមទាំងឯកឧត្តម កឹម គុណវឌ្ឈន៍ អតីតអគ្គនាយកទូរទស្សន៍ជាតិ និងថ្នាក់ដឹកនាំតាមសហគមន៍នានា ក៏ដូចជាសាធារណជនជាច្រេីនផងដែរ។
បងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពសង្គមនេះ ថាពិតជាមានសារៈប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសកម្ពុជាទាំងមូល ក្នុងកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និងព្រៃឈើ។
មានវត្តមាននៅក្នុងសកម្មភាពដាំដើមឈើនេះ ទាំង
- ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន
- ឯកឧត្តម កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា
- ឯកឧត្តម ម៉ៅ ធនិន្ទ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់
- លោក សេង ប៊ុនវេង ឬអាចារ្យ អេ អគ្គនាយកស្ថានីយ៍វិទ្យុABCកម្ពុជា
- ឯកឧត្តម កឹម គុណវឌ្ឈន៍ អតីតអគ្គនាយកទូរទស្សន៍ជាតិ(ទទក)
- លោក ទេសរដ្ឋមន្រ្តី សេរី កុសល អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា
បានចូលរួមមានប្រសាសន៍ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមពីស្ថាប័នពាក់ព័ន្ធ រួមនឹងសាធារណជន មកពីគ្រប់ទិសទីចូលរួមក្នុងការដាំដើមឈើ ដែលនេះបញ្ជាក់ ពីមហាសាមគ្គីរបស់ប្រជាជនកម្ពុជា ក្នុងការដាំកូនឈើ ថែរក្សាព្រៃឈើ ក៏ដូចជាចូលរួមផ្សព្វផ្សាយព័ត៌មានឱ្យមនុស្សទូទៅស្រឡាញ់ធម្មជាតិ និងបរិស្ថានទាំងមូល។
ចំណែក ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានចូលរួមដាំកូនឈើជាមួយបងប្អូនប្រជាពលរដ្ឋ បានថ្លែងកោតសរសើរ ចំពោះគំនិតផ្តួចផ្តើមរបស់វិទ្យុ ABC និងការលះបង់របស់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងសកម្មភាពសង្គមនេះ។ ឯកឧត្តម ក៏បានមានប្រសាសន៍ថា សកម្មភាពនេះជាការឆ្លុះបញ្ចាំងអំពីការចូលរួម និងការផ្លាស់ប្តូរផ្នត់គំនិត និងឥរិយាបថរបស់ប្រជាពលរដ្ឋបង្កើនការស្រឡាញ់ធនធានធម្មជាតិ ព្រៃឈើ ជាពិសេសការដាំដើមឈើនៅតាមតំបន់នានាដែលជាតំបន់ព្រៃរិចរិល បំណងដើម្បីប្រែក្លាយតំបន់ទាំងនោះជាតំបន់ ដែលពោរពេញទៅដោយព្រៃឈើសម្រាប់មនុស្សជំនាន់នេះ និងជំនាន់ក្រោយ។ ឯកឧត្តម បានគូសបញ្ជាក់ដែរថា ព្រៃឈើ ដែលយើងបាននាំនៅពេលនេះតិចតួច តែវានឹងផ្តល់ផលសម្រាប់ប្រជាសហគមន៍នៅពេលអនាគត និងពួកគាត់អាចទាញយកផលអនុផលព្រៃឈើបានដើម្បីលើកកម្ពស់ជីវភាពពួកគាត់ឱ្យកាន់តែប្រសើរថែមទៀត។
ក្រោយពីសកម្មភាពដាំដើមឈើដើម្បីបរិស្ថានស្រស់បៃតង អ្នកចូលរួមទាំងអស់បានបន្តដំណើររបស់ខ្លួន ទៅកាន់រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ស្ថិតក្នុងភូមិសាស្ត្រស្រុកក្រគរ ដែលតំបន់ទេសចរណ៍ធម្មជាតិមួយដ៏ ស្រស់ស្អាត និងទាក់ទាញភ្ញៀវទេសចរក្នុងស្រុកជាច្រើនឱ្យទៅទស្សនាកម្សាន្តនៅទីនោះផងដែរ៕
ដោយសេចក្ដីគោរពរាប់អាន!
ទស្សនាវិដេអូឯកសារខាងក្រោម :