រថយន្តធុនយក្ស៣គ្រឿងបើកបុកបន្តកន្ទុយគ្នា សំណាងល្អគ្មានអ្នកស្លាប់

រាជធានីភ្នំពេញ ៖ រថយន្តសណ្ដោងកន្ទុយរ៉ឺម៉ក ២គ្រឿងនិងរថយន្តបែនដឹកដី១គ្រឿង បានបើកបរប្រដេញគ្នាយ៉ាងលឿន ក្នុងទិសដៅស្របគ្នា ហើយចៃដន្យរថយន្តដែលបើកមុខគេ វាក់ជាមួយរថយន្តផ្សេងទៀត បានជាន់ហ្វ្រាំង ឈប់យ៉ាងទាន់ហន់ ធ្វើឲ្យរថយន្តដែលបើកបន្ទាប់ពីក្រោយ ជាន់ហ្វ្រាំងមិជាប់ក៏ជ្រុលទៅបុកពីក្រោយ ប៉ុន្តែរងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ។ចំណែករថយន្ត១គ្រឿងទៀតជាប្រភេទរថយន្តបែនដឹកដី ដែលបើកក្រោយគេបង្អស់វាក់មិនអាចជាន់ហ្វ្រាំងឈប់ទាន់ឡើយ ក៏បានជ្រុលទៅបុកពីក្រោយរថយន្តទី២ ពេញទំហឹងបណ្ដាលឲ្យរងការខូចខាតក្រពិតកាប៊ីនស្ទើរតែទាំងស្រុង ព្រមទាំងគាបជើងអ្នកបើកបរជាប់នៅ ក្នុងនោះរងរបួសស្រាលថែមទៀតផង។

ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរនោះ បានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរសៀលថ្ងទី២៩ ខែមិថុនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវអូដឹមកប់ស្រូវ ត្រង់ចំណុចខាងជើងរោងចក្រកាត់ដេរ "ប៊ឺរី" ស្ថិតនៅក្នុងភូមិ ជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តទាំង៣គ្រឿងដែលបើកបុកបន្តកន្ទុយគ្នានោះ ត្រូវបានគេដឹងថា រថយន្តទី១ដែលបើកមុខគេនោះ ម៉ាកហ៊ីណូពណ៍ខៀវសណ្ដោងកន្ទុយរ៉ឺម៉កដឹកទំនិញ ពាក់ស្លាកលេខ ព្រះសីហនុ 3A.0943។ដោយឡែករថយន្តទី២ ដែលបើកបន្ទាប់នោះម៉ាកហ៊ីណូពណ៍ខៀវ សណ្ដោងកន្ទុយ រ៉ឺម៉កដឹកទំនិញដូចគ្នាដែរ ពាក់ស្លាកលេខភ្នំពេញ 4A-0676រងការខូចខាតស្រាលប៉ុណ្ណោះ។ចំណែករថយន្ត ដែលបើកក្រោយគេបង្អស់នោះ ម៉ាកនីស្សាន់ពណ៏សពាក់ស្លាកលេខ ភ្នំពេញ3B-7809 ជាប្រភេទរថ យន្តបែនដឹកដី ដែលបានរងការខូចខាតស្ទើរតែទាំងស្រុងតែម្ដង។

តាមប្រភពដដែលបានបន្តឲ្យដឹងទៀតថា នៅមុនពេលកើតហេតុខាងលើ គេបានឃើញរថយន្តទាំង៣គ្រឿង នោះបើកបរក្នុងទិសដៅស្របគ្នាពីជើងទៅត្បូង យ៉ាងប្រកៀកប្រកិតគ្នាបែបអនាធិបតេយ្យបំផុត មិនបានគិត ពីគ្រោះថ្នាក់ដល់អ្នកដ៏ទៃឡើយ។លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ រថយន្តដែលបើកមុខគេ នោះបានវាក់ ជាមួយយានយន្តផ្សេងទៀតដែលនៅខាងមុខ អ្នកបើកបរបានជាន់ហ្វ្រាំងឈប់យ៉ាងតក់ ក្រហល់។ពេលនោះរថយន្តទី២ បានជាន់ហ្វ្រាំងឈប់ដែរ ប៉ុន្តែជាន់មិនជាប់ក៏បានជ្រុលទៅបុកពី ក្រោយរថយន្តខាងមុខនោះ បណ្ដាលឲ្យរងការខូចខាតស្រាល ចំណែករថយន្តបែនដឹកដីដែលបើកក្រោយគេ បានវាក់រថយន្តទី២ ជាន់ហ្វ្រាំងឈប់មិនទាន់ ក៏បានជ្រុលទៅបុកពីក្រោយរថយន្តទី២នោះ ពេញទំហឹង បណ្ដាលឲ្យរងការខូចខាតក្រពិតមុខ និងគាបជើងអ្នកបើកបរជាប់នៅក្នុងកាប៊ីនរបួសស្រាល។

ក្រោយពេលកើតហេតុ នគរបាលបានចុះទៅកាន់កន្លែងកើតហេតុ ហើយបានគាស់យកអ្នកបើករថយន្ត បែនដឹកដីចេញ និងសម្រួលចរាចរមិនឲ្យមានការកកស្ទះ ហើយបន្ទាប់មកតំណាងរថយន្តទាំង៣គ្រឿងនោះ បានធ្វើការសម្របសម្រួលគ្នាបញ្ចប់រឿងនៅកន្លែងកើតហេតុនោះតែម្ដង៕ ពោធិ៍សែនជ័យ