បទ ២០​ឆ្នាំ​ក្នុង​គុក ដែល​នារី​ម្នាក់​ផ្ញើ​ឲ្យ​លោក សាន្ត ប៊ុនធឿន មាន​ចំណងជើង​ពិត​ថា​…

ចម្រៀង​មរតក​ដើម ជា​ច្រើន​ត្រូវ​បាន​គេ​ហៅ​ចំណង​ជើង​ទៅ​តាម​ពាក្យ​ផ្ដើម​ដំបូង​នៃ​បទ​ចម្រៀង​នោះ ដូច​ជា​បទ ផ្ញើប្រាណលើផ្កាឈូកស ត្រូវ​បាន​គេ​ហៅ​ថា​បទ ភព្វសំណាង, បទ សុបិនសួគ៌ា ត្រូវ​បាន​គេ​ហៅ​ថា ភព្វព្រេងវាសនា ជា​ដើម។ នៅ​មាន​ចម្រៀង​ជា​ច្រើន​បទ​ទៀត​ដែល​គេ​តែង​យក​ប៉ារ៉ូល​ដើម​មក​ធ្វើ​ជា​ចំណង​ជើង​ដូច​បទ​ទាំងពីរ​ខាង​លើ​ដែរ។ ចំណែក​បទ​មួយ​ដែល​ប៉ារ៉ូល​ដើម​ច្រៀង​ថា ២០​ឆ្នាំ​ក្នុង​គុក​ដោយ​ដៃ​ស្រី​ល្អ គ្មាន​ខ្នើយ​គេងកើយ​ផ្ទាំង​ថ្ម​… ក៏​ត្រូវ​គេ​ដាក់​ចំណង​ជើង​ថា ២០ឆ្នាំក្នុងគុក ដែរ។ តើ​បទ​នេះ​មាន​ចំណង​ជើង​ពិត​ថា​ដូច​ម្ដេច?

យោង​តាម ឯកសារ​ដែល​បង្ហោះ​ក្នុង​ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ​ថា Sophanby Sophan បាន​ឲ្យ​ដឹង​ថា បទ​ដែល​មហា​ជន​និយម​ហៅ​ថា ២០​ឆ្នាំ​ក្នុង​គុក មាន​ចំណង​ជើង​ថា ស្រីដែលខ្ញុំស្អប់។ តាម​ឯក​សារ​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា បទ​នេះ​ជា​ស្នាដៃ​និពន្ធ​បទភ្លេង និង​ទំនុកច្រៀង​ដោយ​កវី​ជើងចាស់ វ៉ោយ ហូរ ច្រៀង​ដោយ​លោកតា ស៊ីន ស៊ីសាមុត ប្រគំ​ជា​ចង្វាក់ Slow, ជា​កម្មសិទ្ធិ​របស់​ហាង​ថាស សាឃូរ៉ា សញ្ញា​ផ្កា សាឃូរ៉ា។

ក្នុង​ថាស​នេះ​មាន​ចម្រៀង​មួយ​បទ​ទៀត​ដែល​ថត​ជាមួយ​គ្នា​គឺ​បទ ផ្លូវចែកជាបី ដែល​ជា​សំនៀង​របស់​លោកយាយ រស់ សេរីសុទ្ធា និពន្ធ​បទភ្លេង​និង​ទំនុកច្រៀង​ដោយ កវី វ៉ោយ ហូរ ដូច​គ្នា ប្រគំ​ជា​ចង្វាក់ Boléro Lent។

ដើម្បី​ឲ្យ​ជ្រាប​កាន់តែ​ច្បាស់ សូម​បងប្អូន​ប្រិយមិត្ត​រីករាយ​ស្ដាប់​បទ ស្រីដែលខ្ញុំស្អប់ ដូច​តទៅ
សូម​បញ្ជាក់​ថា អត្ថបទ​នេះ​គ្រាន់តែ​ចង់បញ្ជាក់​ពី​ចំណង​ជើង​ពិត​នៃ​បទ​ចម្រៀង​តែ​ប៉ុណ្ណោះ មិន​មាន​ន័យ​អ្វី​ផ្សេង​ឡើយ។