រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានកាន់រូបថតកូនស្រីជាមួយការយំស្រែក ធ្វើដំណើរទៅកាន់ប៉ុស្ដិ៍នគរបាលចោមចៅ នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ ដើម្បីសុំឲ្យនគរបាលជួយអន្តរាគមន៍រកកូនស្រីគាត់ ដែលនាងបានទៅលេងស្រុកកំណើតខាងគូដណ្ដឹង រយៈពេលជាង១០ថ្ងៃទៅហើយ មិនឃើញត្រលប់មកផ្ទះវិញសោះ។ ចំណែកគាត់ជាម្ដាយមិនដែលបានស្គាល់ស្រុកកំណើតអនាគតកូនប្រសាឡើយ ដឹងតែនៅក្នុងខេត្តព្រៃវែងប៉ុណ្ណោះ ប៉ុន្តែមិនបានដឹងថានៅក្នុងភូមិ ឃុំ និងស្រុកអ្វីឡើយ ទើបមិនអាចទៅតាមរកដល់ទីនោះបាន។ ម្យ៉ាងទៀតកូនស្រីសំណព្វចិត្តក៏បានបិទទូរស័ព្ទមិនអាចទាក់ទងបានទៀតទើបធ្វើឲ្យគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពកូនស្រី ហើយក៏បានរត់រកនគរបាលឲ្យជួយតែម្ដង។
ស្ត្រីជាម្ដាយឈ្មោះ ម៉ា ចាន់ អាយុ៤៣ឆ្នាំ មានមុខរបរជាកម្មការិនីងរោងចក្រកាត់ដេរ មានស្រុកកំណើតនៅក្នុងភូមិខ្នាច ឃុំសេដ្ឋី ស្រុកកំពង់ត្រឡាច កំពង់ឆ្នាំង និងស្នាក់នៅផ្ទះជួលម្ដុំភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ គាត់មានកូនជាមួយប្ដីមុន២នាក់ ចំណែកនាងដែលបាត់ខ្លួននោះឈ្មោះ អ៊ន ស្រីចម អាយុ១៨ឆ្នាំ មុខកម្មការិនីរោងចក្រកាត់ដេរ គឺជាកូនប្ដីមុន ហើយក្រោយពេលបែកបាក់ជាមួយប្ដីមុន គាត់បានយកប្តីក្រោយម្នាក់ទៀត ឈ្មោះ ឡេង សេង អាយុ៤៨ឆ្នាំ និងមានកូនជាមួយប្ដី ក្រោយនេះ២នាក់ទៀត។ ដោយឡែកគូដណ្ដឹងកូនស្រី និងជាអនាគតកូនប្រសាគាត់នោះឈ្មោះ ពិសិទ្ធ មានស្រុកកំណើតនៅក្នុងខេត្តព្រៃវែង។
នៅក្នុងប៉ុស្ដិ៍នគរបាលចោមចៅ ស្ត្រីដែលបាត់កូនស្រីនោះបានប្រាប់ឲ្យនគរបាលដឹងថា គាត់ និងក្រុមគ្រួសារ បានចាកចេញពីស្រុកកំណើត មកស្នាក់នៅក្នុងផ្ទះជួលខាងលើ ដើម្បីធ្វើជាកម្មករ កម្មការិនីរោងចក្រកាត់ដេរ ហើយកូនស្រីគាត់បានទទួលការស្រលាញ់ពីយុវជន ឈ្មោះ ពិសិទ្ធ នោះដោយយុវជនខាងលើបានឲ្យចាស់ទុំចូលចែចូវស្ដីដណ្ដឹងតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ កាលពីអំឡុងថ្ងៃបុណ្យភ្ជុំបិណ្ឌក្នុងឆ្នាំ២០១៦កន្លងទៅ។ ក្រោយពេលស្ដីដណ្ដឹង និងភ្ជាប់ពាក្យរួចរាល់ បានកំណត់យកថ្ងៃរៀបអាពាហ៍ពិពាហ៍ នៅក្នុងខែសីហា ឆ្នាំ២០១៧ គឺរយៈ៤ខែទៀតខាងមុខនេះ ដោយខាងប្រុសបានព្រមជូនថ្លៃទឹកដោះចំនួន១,៥០០ដុល្លារ។
ទោះជាបែបនេះក្ដីការចូលស្ដីដណ្ដឹង និងការភ្ជាប់ពាក្យធ្វើឡើង នៅក្នុងផ្ទះជួលឯភូមិជម្ពូវ័ន សង្កាត់ចោមចៅតែប៉ុណ្ណោះ មិនបានទៅធ្វើនៅឯស្រុកកំណើតនោះឡើយ។ ចំណែកគាត់វិញ មិនដែលបានស្គាល់ស្រុកកំណើតខាងអនាគតកូនប្រសានោះទេ មានតែកូនស្រីគាត់ដែលបាត់ខ្លួនម្នាក់គត់ដែលបានស្គាល់។ ស្ត្រីជាម្ដាយរូបនោះបានបន្តថា ដោយឡែកកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧ កូនស្រីគាត់បានសុំទៅលេងស្រុកកំណើតគូដណ្ដឹង ដោយមុនពេលទៅបានប្រគល់លុយប្រាក់ខែឲ្យគាត់ទាំងអស់ ដោយនៅជាប់ខ្លួននាង មានតែគ្រឿងអលង្ការមួយចំនួនតែប៉ុណ្ណោះ ហើយក៏បានប្រាប់គាត់ថា និងវិលត្រលប់ទៅផ្ទះវិញឲ្យទាន់ថ្ងៃចូលឆ្នាំខ្មែរ។
លុះក្រោយមកក៏ស្រាប់តែទៅបាត់រហូតដល់ថ្ងៃទី១៦ ទើបគាត់ខលទទៅសួរកូនស្រីថា《ត្រលប់មកផ្ទះវិញថ្ងៃណា ព្រោះត្រូវចូលធ្វើការវិញនាថ្ងៃទី១៨ហើយ》ពេលនោះកូនស្រីបានប្រាប់ថា《ម៉ែខ្ញុំដឹងហើយតែថ្ងៃទី១៧ ទើបខ្ញុំបានទៅវិញ ព្រោះពេលនេះអត់មានរថយន្តឈ្នួលជិះទៅទេ》។ បន្ទាប់មកក៏ស្រាប់តែបិទទូរស័ព្ទរហូតខលលែងចូលតែម្ដង ហើយក៏មិនឃើញត្រលប់មកផ្ទះវិញឡើយ ដែលជាហេតុធ្វើឲ្យគាត់មានការព្រួយបារម្ភខ្លាចកូនមានគ្រោះថ្នាក់ ត្រូវគេវាយសម្លាប់ ឬមានបញ្ហាអ្វីមួយកើតឡើង។
ម្យ៉ាងគាត់មិនដែលស្គាល់ស្រុកកំណើត អនាគតកូនប្រសា និងមិនអាចទៅតាមរកបានផងនោះ ទើបគាត់សម្រេចចិត្តដាក់ពាក្យបណ្ដឹង សុំឲ្យនគរបាលជួយអន្តរាគមន៍។ ទោះបីជាបែបណានៅក្នុងពេលនោះនគរបាលបានទទួលពាក្យបណ្ដឹងគាត់ និងបានលួងលោមគាត់កុំឲ្យពិបាកចិត្ត និងគិតអ្វីដែលអាក្រក់ៗពេកនោះទេ៕ ពីកោះសន្តិភាព
សូមជួយ Share បន្តផង! សូមអរគុណ