Pages - Menu

ស្ត្រី​ម្នាក់​ដេីរ​យំ​ស្រែក កាន់​រូបថត​កូនស្រី​ ទៅ​លេង​ស្រុក​ជាមួយ​គូ​ដណ្ដឹង បាត់​ខ្លួន​ជាង​១០​ថ្ងៃ​មិនឃើញ​ត្រលប់​មក​វិញ


រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​កាន់​រូបថត​កូនស្រី​ជាមួយ​ការ​យំ​ស្រែក ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ នៅ​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០១៧ ដើម្បី​សុំ​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍​រក​កូនស្រី​គាត់ ដែល​នាង​បាន​ទៅ​លេង​ស្រុក​កំណើត​ខាង​គូ​ដណ្ដឹង រយៈពេល​ជាង​១០​ថ្ងៃ​ទៅ​ហើយ មិនឃើញ​ត្រលប់​មក​ផ្ទះ​វិញ​សោះ​។ ចំណែក​គាត់​ជា​ម្ដាយ​មិន​ដែល​បាន​ស្គាល់​ស្រុក​កំណើត​អនាគត​កូនប្រសា​ឡើយ ដឹង​តែ​នៅ​ក្នុង​ខេត្តព្រៃវែង​ប៉ុណ្ណោះ ប៉ុន្តែ​មិន​បានដឹង​ថា​នៅ​ក្នុងភូមិ ឃុំ និង​ស្រុក​អ្វី​ឡើយ ទើប​មិន​អាច​ទៅ​តាម​រក​ដល់ទី​នោះ​បាន​។ ម្យ៉ាងទៀត​កូនស្រី​សំណព្វចិត្ត​ក៏​បាន​បិទ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន​ទៀត​ទើប​ធ្វើ​ឲ្យ​គាត់​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​សុវត្ថិភាព​កូនស្រី ហើយ​ក៏​បានរ​ត់រក​នគរបាល​ឲ្យ​ជួយ​តែ​ម្ដង​។


ស្ត្រី​ជា​ម្ដាយ​ឈ្មោះ ម៉ា ចាន់ អាយុ​៤៣​ឆ្នាំ មានមុខរ​បរជា​កម្មការិនី​ង​រោងចក្រ​កាត់ដេរ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ខ្នាច ឃុំ​សេដ្ឋី ស្រុក​កំពង់ត្រឡាច កំពង់ឆ្នាំង និង​ស្នាក់​នៅផ្ទះ​ជួល​ម្ដុំ​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ គាត់​មានកូន​ជាមួយ​ប្ដី​មុន​២​នាក់ ចំណែក​នាង​ដែល​បាត់​ខ្លួន​នោះ​ឈ្មោះ អ៊​ន ស្រី​ចម អាយុ​១៨​ឆ្នាំ មុខ​កម្មការិនី​រោងចក្រ​កាត់ដេរ គឺជា​កូន​ប្ដី​មុន ហើយ​ក្រោយ​ពេល​បែកបាក់​ជាមួយ​ប្ដី​មុន គាត់​បាន​យកប្តី​ក្រោយ​ម្នាក់​ទៀត ឈ្មោះ ឡេ​ង សេង អាយុ​៤៨​ឆ្នាំ និង​មានកូន​ជាមួយ​ប្ដី ក្រោយ​នេះ​២​នាក់​ទៀត​។ ដោយឡែក​គូ​ដណ្ដឹង​កូនស្រី និង​ជា​អនាគត​កូនប្រសា​គាត់​នោះ​ឈ្មោះ ពិ​សិទ្ធ មានស្រុក​កំណើត​នៅ​ក្នុង​ខេត្តព្រៃវែង​។


នៅ​ក្នុង​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ ស្ត្រី​ដែល​បាត់​កូនស្រី​នោះ​បាន​ប្រាប់​ឲ្យ​នគរបាល​ដឹង​ថា គាត់ និង​ក្រុម​គ្រួសារ បាន​ចាក​ចេញពី​ស្រុក​កំណើត មក​ស្នាក់​នៅ​ក្នុងផ្ទះ​ជួល​ខាងលើ ដើម្បី​ធ្វើ​ជា​កម្មករ កម្មការិនី​រោងចក្រ​កាត់ដេរ ហើយ​កូនស្រី​គាត់​បាន​ទទួល​ការ​ស្រលាញ់​ពី​យុវជន ឈ្មោះ ពិ​សិទ្ធ នោះ​ដោយ​យុវជន​ខាងលើ​បាន​ឲ្យ​ចាស់ទុំ​ចូល​ចែចូវ​ស្ដីដណ្ដឹង​តាម​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ កាលពី​អំឡុង​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ក្នុង​ឆ្នាំ​២០១៦​កន្លង​ទៅ​។ ក្រោយ​ពេល​ស្ដីដណ្ដឹង និង​ភ្ជាប់ពាក្យ​រួចរាល់ បាន​កំណត់​យក​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍ នៅ​ក្នុង​ខែសីហា ឆ្នាំ​២០១៧ គឺ​រយៈ​៤​ខែ​ទៀត​ខាង​មុខ​នេះ ដោយ​ខាង​ប្រុស​បាន​ព្រម​ជូន​ថ្លៃទឹកដោះ​ចំនួន​១,៥០០​ដុល្លារ​។


ទោះជា​បែប​នេះ​ក្ដី​ការ​ចូល​ស្ដីដណ្ដឹង និង​ការ​ភ្ជាប់ពាក្យ​ធ្វើ​ឡើង នៅ​ក្នុងផ្ទះ​ជួល​ឯ​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​តែ​ប៉ុណ្ណោះ មិន​បាន​ទៅ​ធ្វើ​នៅ​ឯ​ស្រុក​កំណើត​នោះ​ឡើយ​។ ចំណែក​គាត់​វិញ មិន​ដែល​បាន​ស្គាល់​ស្រុក​កំណើត​ខាង​អនាគត​កូនប្រសា​នោះ​ទេ មាន​តែ​កូនស្រី​គាត់​ដែល​បាត់​ខ្លួន​ម្នាក់​គត់​ដែល​បាន​ស្គាល់​។ ស្ត្រី​ជា​ម្ដាយ​រូប​នោះ​បាន​បន្ត​ថា ដោយឡែក​កាលពី​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០១៧ កូនស្រី​គាត់​បាន​សុំ​ទៅ​លេង​ស្រុក​កំណើត​គូ​ដណ្ដឹង ដោយ​មុន​ពេល​ទៅ​បាន​ប្រគល់​លុយ​ប្រាក់ខែ​ឲ្យ​គាត់​ទាំងអស់ ដោយនៅ​ជាប់​ខ្លួន​នាង មាន​តែ​គ្រឿងអលង្ការ​មួយ​ចំនួន​តែ​ប៉ុណ្ណោះ ហើយ​ក៏​បាន​ប្រាប់​គាត់​ថា និង​វិល​ត្រលប់​ទៅ​ផ្ទះ​វិញ​ឲ្យ​ទាន់​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​។

លុះ​ក្រោយមក​ក៏​ស្រាប់តែ​ទៅ​បាត់​រហូត​ដល់​ថ្ងៃ​ទី​១៦ ទើប​គាត់​ខ​ល​ទ​ទៅ​សួរ​កូនស្រី​ថា​《​ត្រលប់​មក​ផ្ទះ​វិញ​ថ្ងៃ​ណា ព្រោះ​ត្រូវ​ចូល​ធ្វើការ​វិញ​នា​ថ្ងៃ​ទី​១៨​ហើយ​》​ពេល​នោះ​កូនស្រី​បាន​ប្រាប់​ថា​《​ម៉ែ​ខ្ញុំ​ដឹង​ហើយ​តែ​ថ្ងៃ​ទី​១៧ ទើប​ខ្ញុំ​បាន​ទៅ​វិញ ព្រោះ​ពេល​នេះ​អត់​មាន​រថយន្តឈ្នួល​ជិះ​ទៅ​ទេ​》​។ បន្ទាប់​មក​ក៏​ស្រាប់តែ​បិទ​ទូរស័ព្ទ​រហូត​ខ​ល​លែង​ចូល​តែ​ម្ដង ហើយ​ក៏​មិនឃើញ​ត្រលប់​មក​ផ្ទះ​វិញ​ឡើយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គាត់​មានការ​ព្រួយបារម្ភ​ខ្លាច​កូន​មាន​គ្រោះថ្នាក់ ត្រូវ​គេ​វាយ​សម្លាប់ ឬ​មាន​បញ្ហា​អ្វីមួយ​កើតឡើង​។

ម្យ៉ាង​គាត់​មិន​ដែល​ស្គាល់​ស្រុក​កំណើត អនាគត​កូនប្រសា និង​មិន​អាច​ទៅ​តាម​រកបាន​ផង​នោះ ទើប​គាត់​សម្រេចចិត្ត​ដាក់​ពាក្យបណ្ដឹង សុំ​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍​។ ទោះបីជា​បែប​ណា​នៅ​ក្នុង​ពេល​នោះ​នគរបាល​បាន​ទទួល​ពាក្យបណ្ដឹង​គាត់ និង​បាន​លួងលោម​គាត់​កុំ​ឲ្យ​ពិបាកចិត្ត និង​គិត​អ្វី​ដែល​អាក្រក់​ៗ​ពេក​នោះ​ទេ​៕ ពីកោះសន្តិភាព

សូមជួយ Share បន្តផង! សូមអរគុណ