វេលាព្រឹកថ្ងៃទី១១ មេសានេះ នៅរង្វង់មូលក្រុងតាខ្មៅ មានការរាប់បាត្រព្រះសង្ឃ ១០៨អង្គ ដេីម្បីរំលឹកខួប១៣ឆ្នាំ (រូបសំណាកលោកតាខ្មៅ)


ពិធីបុណ្យខួប១៣ឆ្នាំ ព្រះរូបលោកតាខ្មៅ

(១០ មេសា ២០០៤ - ១០ មេសា ២០១៧) ដោយបានប្រារព្ធធ្វេីឡេីងនៅថ្ងៃទី១០-១១ ខែមេសា ឆ្នាំ២០១៧នេះ នៅរង្វង់មូលលោកតាខ្មៅ ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

ដោយល្ងាចថ្ងៃទី១០ មេសា ២០១៧ មាន ពិធីសូត្រមន្ត ថ្វាយរបាំត្រុដិ និងសិល្បៈ (ក្រុមនាយកុយ) ។ 

និងព្រឹកថ្ងៃទី១១ ខែមេសា ២០១៧ មានរៀបចំពិធីរាប់បាត្រ ព្រះសង្ឃ ១០៨អង្គ ។ 

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ អញ្ជើញ ចូលរួម ទាំងអស់គ្នា ដោយការគោរពរាប់អាន!




តេីលោកតាខ្មៅ ជានរណា ?

ប្រវត្តិលោកតាខ្មៅ (រូបសំណាកលោកតាម៉ៅ)


បន្ទាប់ពីសម័យបនប្រល័យពូជសាសន៍ ប៉ុល ពត បានត្រូវផ្តួលរំលំ នៅថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ដោយគណបក្សប្រជាជនកម្ពុជា បច្ចុប្បន្ន ប្រជាជាតិខ្មែរទូទាំងប្រទេស ក៏ចាប់ផ្តើមរស់រានមានជីវិត មានសិទ្ធិសេរីភាព ឡើងវិញ មានការគោរពនូវជំនឿសាសនាផ្សេងៗ ជាពិសេសជំនឿលើព្រះពុទសាសនា ដែលជាសាសនារបស់រដ្ឋ ក៏ដូចជា ការជឿលើជំនឿរូបិយ អរូបិយ ផ្សេងៗ។ 


មិនថាការជឿនោះ មានកម្រិតបែបណានោះទេ ឲ្យតែមានគុណប្រយោជន៍ដល់ខ្លួន។ យ៉ាងណាមិញ នៅក្រុងតាខ្មៅ ខេត្តកណ្តាល មានរង្វង់មូលមួយ ដែលមានផ្លូវបែកជា៤ (ផ្លូវទី១ ឆ្ពោះទៅ ខេត្តតាកែវ ផ្លូវជាតិលេខ២ ។ ផ្លូវទី២ ឆ្ពោះទៅស្រុកស្អាង និងស្រុកកោះធំ ផ្លូវជាតិលេខ២១។ ផ្លូវទី៣ ជាផ្លូវវាងផ្សារ ក្រុងតាខ្មៅ ឆ្ពោះទៅភ្នំពេញ។ ផ្លូវទី៤ មកពីភ្នំពេញវិញ) មានរូបសំណាកមួយ ដែលគេស្គាល់ថា ជារូបសំណាកលោកតាម៉ៅ (តាខ្មៅ)។ 


រូបសំណាកនេះ ទើបតែត្រូវបានកសាងឡើង នៅឆ្នាំ២០០២ តាមការឯកភាពពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្ន ស្ទើរជារៀង រាល់ថ្ងៃ ពិសេសថ្ងៃសីល គេតែងឃើញមនុស្សម្នា អុជធូបសំពះគោរពបូជាបន់ស្រន់ និងសុំទឹកមន្តពីលោកតាម៉ៅ ។ ការគោរពបូជាបន់ស្រន់ ចំពោះលោកអ្នកទាំងឡាយ ដែលជឿជាក់ទៅលើឫទ្ធិបារមី របស់លោកតាម៉ៅ ក៏ដោយសារលោកអ្នកទាំងឡាយនោះ ទទួលបានសុខចម្រើន គុណប្រយោជន៍ពីការបន់ស្រន់ សុំឲ្យលោកតាម៉ៅ ជួយផងដែរ។


ហេតុអ្វីបានជាប្រជាជនខ្មែរយើង ជាពិសសប្រជាជននៅក្រុងតាខ្មៅ បច្ចុប្បន្ន មានជំនឿលើឫទ្ធិបារមី របស់លោកតាខ្មៅខ្លាំងម្ល៉េះ ? ហើយលោកតាម៉ៅ មានប្រវត្តិដូចម្តេច ? ។


ជាការពិតណាស់ នៅក្នុងរជ្ជកាលអាណាចក្រនគរភ្នំ មានឯកសារខ្លះ ចារទុកជាប្រវត្តិសាស្ត្រ ដូចជា ប្រវត្តិនាងសក់ក្រអូប ប្រវត្តភ្នំបាយ៉ង់កោ នៅរជ្ជកាលព្រះបាទពញាយ៉ាត ក្នុងសតវត្សទី៦ ។ ចំពោះប្រវត្តិតាពញាខ្មៅ ហៅ តាខ្មៅ ពុំមានឯកសារ ចារទុកជាប្រវត្តិសាស្ត្រទេ ក្នុងរជ្ជកាលនេះ ។ ដូច្នេះការស្រាវជ្រាវ នូវប្រវត្តិលោកតាខ្មៅ ត្រូវជួបនូវការលំបាក ដោយខ្វះមូលដ្ឋានឯកសារ គឺសម្អាងលើការនិយាយតៗគ្នា តែប៉ុណ្ណោះ។ 


បើយោងតាមឯកសារ របស់សាលាក្រុងតាខ្មៅ ដែលតម្កល់ទុក និងយោងតាមសង្ឈដីកា របស់សម្តេចឧត្តមបញ្ញា ដួង ផង់ ព្រះចៅអធិការវត្តព្រែកប្រាំង ក្នុងស្រុកពញាឮ និងលោកតា លោកយាយចាស់ៗ ជាច្រើនទៀត បានដំណាលពីប្រវត្តិលោកតាខ្មៅ ឲ្យដឹងថា៖ នៅក្នុងសម័យកាលនោះ មានគ្រួសារកសិករមួយ ប្តីឈ្មោះ ចោម ប្រពន្ធឈ្មោះ ចៅ ប្រសូត្របានកូនភ្លោះ ២ នាក់ គឺប្រុសមួយ ស្រីមួយ ដោយមានសម្បុរខ្មៅដូចគ្នា ខុសប្លែកពីក្មេងដទៃ ដែលអ្នកស្រុកភូមិ គេហៅថា អាខ្មៅ មីខ្មៅ ។ 

តាចោម យាយចៅ ក៏ដាច់ចិត្តយកកូនទាំងពីរនាក់ ទៅថ្វាយព្រះរាជា ។ ពេលនោះ ព្រះរាជា សព្វព្រះហឫទ័យ នឹងកុមារទាំងពីរ ក៏សុំទុកនៅក្នុងវាំង គ្រាន់បានរៀន អក្សរលេខ នព្វន្តនឹងគេ ហើយក៏បានប្រទាននូវ មាសប្រាក់កែវកងមួយចំនួន ដល់តាចោម យាយចៅ ផងដែរ ។ 

អ្នកស្រុក អ្នកភូមិ ក៏គោរពស្រឡាញ់ តាចោម យាយចៅ គ្រប់ៗគ្នា ។ លុះដល់ពេលអ្នកទាំងពីរ ស្លាប់ទៅ គេក៏ដាក់ឈ្មោះភូមិនេះថា ភូមិចោមចៅ រហូតដល់សព្វថ្ងៃ ។ 


កុមារទាំងពីរនាក់ បងប្អូនមានវ័យពេញរូបរាង ក្នុងវាំង ខិតខំរៀនសូត្រនូវអក្ស លេខនព្វន្ត ក្បួនយុទ្ធសាស្ត្រ បានចេះយ៉ាងស្ទាត់ជំនាញ ពិសេសខាងវិជ្ជាសីលសាស្ត្រ ដូចជា ត្រៃយុទ្ធ ត្រៃវេទ ត្រៃភូមិ ពុំមាននរណា ប្រៀបផ្ទឹមបានឡើយ ។ ក្រោយមក ព្រះរាជាក៏បានប្រាប់អ្នកទាំងពីរថា ដល់ពេលវេលា អ្នកត្រូវការពារ ទឹកដីហើយ គឺអ្នកខ្មៅ ត្រូវមានភារកិច្ចការពារដែនគោក ឯនាង ម៉ៅ ត្រូវមានភារកិច្ចការពារដែនសមុទ្រ ។ 


ក្នុងរជ្ជកាលនោះ នគរខ្មែរ ភាគច្រើន គឺផ្ទៃទឹកគ្របដណ្តប់ មួយភាគធំ ដីគោកមួយភាគតូច គឺជាភ្នំ និងជាទួលខ្ពស់អំណោយផល ដល់មនុស្ស ក្នុងការរស់នៅបាន ។ ក្នុងរជ្ជកាលនោះ អ្នកខ្មៅ ឬតាខ្មៅ គ្រាន់តែជាមេដឹកនាំ ក្រុមកុលសម្ព័ន្ធ ឬជាមេតំបន់មួយប៉ុណ្ណោះ ។ ក្រោយពីការពិនិត្យ មើលភូមិសាស្ត្រ នៅតំបន់កណ្តាល ជាតំបន់មានអំណោយផលល្អ មានប្រជាជនរស់នៅច្រើន ងាយស្រួលក្នុងការទំនាក់ទំនង ទៅតំបន់ភ្នំតាម៉ៅ ភ្នំបាយ៉ង់កោ។


អ្នកខ្មៅ ក៏សម្រេចចិត្តរៀបចំ តំបន់កណ្តាលនេះ ជាទីតាំងប្រមូលផ្តុំ ក្រុមកុលសម្ព័ន្ធ និងចងក្រងជាក្រុមពួក ជាខ្សែសង្វាក់ ងាយស្រួលក្នុងការគ្រប់គ្រង និងទំនាក់ទំនងកាងារ ។ នៅក្នុងរជ្ជកាលនោះ អ្នកខ្មៅ (តាខ្មៅ) មានឈ្មោះបោះសម្លេង ជាវរៈជនដ៏អង់អាចក្លាហាន បង្ក្រាបខ្មាំងសត្រូវ គ្រប់ទិសទី ជាពិសេសពូកែខាងវេទមន្ត សីលវិជ្ជាការ កំចាត់នូវជម្ងឺឧបទ្រពចង្រៃ ដែលមកយាយី ដល់ប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ដែលគាត់គ្រប់គ្រង និងជាអ្នករក្សាព្រៃ រក្សាភូមិសាស្ត្រ រក្សាការពារវប្បធម៌ ប្រពៃណី រក្សាការពារប្រវត្តិសាស្ត្រ បូរណភាពទឹកដី។

 

ក្រោយមក ព្រះរាជាបានប្រទានងារ ជាមហាឧបរាជ ជាមេទ័ពគ្រប់គ្រង នៅតំបន់កណ្តាល និងប្រទានងារ ជាពញាខ្មៅ ហៅ តាខ្មៅ ដើម្បីឲ្យស័ក្តិសមនឹងមហាកិត្តិយសរបស់គាត់ ដែលមួយជីវិតរបស់គាត់ ដាក់ថ្វាយចំពោះព្រះរាជា និងជាតិមាតុភូមិ ដោយមិនយកប្រពន្ធឡើយ។ 


លោកតាខ្មៅ មានបរិវាជាច្រើន ដូចជា តាដែក តាខ្វែវ តាហិន និងយាយកូ។ ចំណែកដៃគូររួមជំនាន់ មានដូចជា តាដំបងដែក តាដំបងក្រញូង តាឃ្លាំងមឿង និងយាយម៉ៅ ។ ចំពោះលក្ខណៈ និងភិនភាគតាខ្មៅ មានមាឌធំ ក្រអាញ រាង សង្វាមូល កាន់ដំបូងគ្រញូង ពាក់អាវកាក់វេទមន្ត ស្លៀកខោចែវខ្លី ក្រវាត់ចង្កេះក្រមាយ័ន្ត ជួតក្បាលក្រមា មានវេទមន្ត មានភ័ក្ត្រម៉ឺងម៉ាត់ ភ្នែកស័ក្តិរៈ និងមានពុកមាត់ផង ។ 


ក្នុងរជ្ជកាលនោះ តាខ្មៅ បានកសាងមហាចេតិយ មួយយ៉ាងធំនៅទីនោះ សម្រាប់តម្កល់អដ្ឋិធាតុ វីរៈបុរសអ្នកស្នេហារជាតិ សម្រាប់ទុកជាកេរ្តិ៍ដំណែល តំណតទៅ និងមានការកសាង ជាវត្តអារាមនៅទីនេះ។

 

នៅក្នុង ព.ស ២៤២៦ នៃ គ.ស ១៨៨៣ ក៏មានការកសាងវត្តមួយឈ្មោះថា “ វត្តកន្ថារាជវរារាម ” ហៅ វត្តតាខ្មៅ រហូតមកដល់សព្វថ្ងៃនេះ។ ក្រោយពីលោកតាខ្មៅ បានស្លាប់ទៅ វិញ្ញាណក្ខ័ន្ធរបស់គាត់ មិនទៅណាឆ្ងាយទេ គឺនៅសន្ថិតនៅក្នុងទីវត្តតាខ្មៅនេះ ដោយមានរូបស្នង ឈ្មោះវ៉េង ចាប នៅខាងមុខវត្តតាខ្មៅ សព្វថ្ងៃ។ ចំពោះទីតាំងតាខ្មៅ គ្រប់គ្រងនេះ ក្រោយមក ក៏មានឈ្មោះថា ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល រហូតមកដល់សព្វថ្ងៃ៕

អត្ថបទដកស្រង់បន្តពី Page ៖ 

ABC Cambodia Family 

សូមទស្សនាទិដ្ឋភាពការប្រារព្ធ ខួប១៣ឆ្នាំ លោកតាខ្មៅ (រូបសំណាក លោកតាម៉ៅ) ក្រុងតាខ្មៅ ខាងក្រោមនេះ ៖




ពិភពចែករំលែក