រាជធានីភ្នំពេញ ៖ ទីតាំងអតីតចំណតបង់ប្រាក់នៅតំបន់ផ្សារចាស់ដែលរួមមាន ចំណតសួនលទ្ធិប្រជាធិបតេយ្យ និងចំណតផ្សាររាត្រីឋិតនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញសម្រេចលុបចោលវិញហើយ តាមស្មារតីលិខិតលេខ៦៣០/១៧ឆត.ផ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ។ ជាមួយគ្នានេះដែរ ក្នុងន័យអះអាងថាដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុងឲ្យបានល្អប្រសើរ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ រដ្ឋបាលរាជធានីភ្នំពេញ ដែលមានឯកឧត្តម ឃួង ស្រេង ជាអភិបាលបានសម្រេចប្រគល់ទីតាំងចាប់ពីមុខព្រះសក្យមុនីចេតីយ៍ រហូតដល់ផ្សាររាត្រីជូនរដ្ឋបាលខណ្ឌដូនពេញ ដែលមានលោក សុខ ពេញវុធ ជាអភិបាលគ្រប់គ្រង និងរៀបចំមិនឲ្យមានការចតលើទ្រូងផ្លូវ និងចញ្ចើមផ្លូវបន្តទៀតទេ ។ មិនតែប៉ុណ្ណោះ រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថែមទៀតថា «បើមានការចតលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវបន្តទៀត រដ្ឋបាលខណ្ឌដូនពេញត្រូវទទួលខុសត្រូវចំពោះមុខរដ្ឋបាលរាជធានីភ្នំពេញ» ។
គួររំលឹកជូនដែរថា នាពេលកន្លងមក ទីតាំងអតីតចំណតបង់ប្រាក់ខាងលើត្រូវបានរដ្ឋបាលរាជធានីភ្នំពេញប្រគល់សិទ្ធិឲ្យទៅក្រុមហ៊ុន សូណាត្រា ខាលីង ប្រមូលប្រាក់ពីការចតរថយន្តព្រោងព្រាតនៅទីនោះ បង្កឲ្យមានភាពអនាធិបតេយ្យពេញបន្ទុក និងប៉ះពាល់ដល់សោភ័ណភាពរាជធានីភ្នំពេញយ៉ាងខ្លាំង ៕
ប្រភពពី : ដេីមត្នោត