[ពិភពចែករំលែក]
រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង០៧:៣០នាទីយប់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដោយមានការចូលរួមពី លោក អ៊ុំ សុភ័ក្រ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានចុះត្រួតពិនិត្យរដ្ឋបាលនៅសណ្ឋាគារមួយកន្លែងយីហោ "ម៉ារឌី" នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ តាមផ្លូវមុនីរ៉េត ស្ថិតនៅក្នុងភូមិ៥ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
មន្ត្រីនគរបាលខណ្ឌមានជ័យ បានប្រាប់ឱ្យដឹងថា អតីតបុគ្គលិកវិទ្យុអាស៊ីសេរី (RFA) ដែលត្រូវបានអាជ្ញាធរឃាត់ខ្លូនខាងលើ មានឈ្មោះ អ៊ួង ឈិន ភេទប្រុស អាយុជាង៤០ឆ្នាំ បានមកជួលបន្ទប់ក្នុងតម្លៃ២០០ដុល្លាក្នុង១បន្ទប់ និងបានជួល២បន្ទប់ (បន្ទប់ទី១សម្រាប់ស្នាក់នៅ និងបន្ទប់ទី២កំពុងលួចតម្លើងជាបន្ទប់ផ្សាយវិទ្យុដោយខុសច្បាប់ នៅក្នុងបន្ទប់លេខ E04 ជាន់ទី៧ សណ្ឋាគាម៉ារឌី និងមានទីលំបច្ចុប្បន្នស្ថិតនៅផ្ទះលេខ៩២ ផ្លូវលេខ១៨ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលសម្ងំលាក់ខ្លួនលួចបើកជាស្ទីរឌីយោផលិតខុសច្បាប់មួយ នឹងបានបញ្ជូនទៅកាន់ស្នងការរាជធានីភ្នំពេញដើម្បីសាកសួរបន្តតាមនិតិវិធី។
យោងតាមកំណត់ហេតុសាកសួររបស់អាជ្ញធរ លោក អ៊ួង ឈិន បានឆ្លើយថា រូបលោកបានជួលបន្ទប់ផ្ទះសំណាក់នេះដើម្បីបើកស្ទីឌីយោច្រៀងការ៉ាអូខេ និងថតវីដេអូ ក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍ និងពិធីបុណ្យផ្សេងៗសម្រាប់អនិកជនជួលទៅតាមតម្រូវការជាក់ស្តែង និងគ្រោងរៀបចំថតចម្រៀងសម្រាប់លក់ កំសាន្តជាលក្ខណៈគ្រួសារ។
សមត្ថកិច្ចបានប្រាប់ថា ក្នុងបន្ទប់របស់លោក អ៊ួង ឈិន កម្លាំងចម្រុះបានរកឃើញមានម៉ាស៊ីកុំព្យូទ័រ Dastop ចំនួន ៤គ្រឿង Labtop មួយគ្រឿង Mixer មួយគ្រឿង Speaker មួយគូរ ទូរទស្សន៍ ២គ្រឿង Moniter Speaker មួយគូរ Microphone ចំនួន៥ ព្រមទាំងសម្ភារៈពាក់ព័ន្ធនឹងការតម្លើងស្ទីឌីយោមួយចំនួនទៀត។
សូមរំឭកថា វិទ្យុអាស៊ីសេរី (RFA) ត្រូវបានគេដឹងថា ជាវិទ្យុមួយដែលមានទំនោទៅរកបក្សប្រឆាំង និងគាំទ្រដោយសាហរដ្ឋអាមេរិក ត្រូវបានសំរេចផ្អាកប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា និងបិទការិយាល័យទាំងស្រុង នេះបើតាមសេចក្ដីថ្លែងការណ៍របស់វិទ្យុនេះ ដែលត្រូវបានផ្សព្វផ្សាយកាលពីល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧កម្លងទៅ។
យោងតាមសេចក្ដីថ្លែងការណ៍ របស់អាស៊ីសេរីលើកឡើងថា អស់រយៈពេលជិត២០ឆ្នាំមកហើយ ដែលវិទ្យុអាស៊ីសេរី (RFA) បាននាំមកជូនប្រជាពលរដ្ឋកម្ពុជា នូវដំណឹង និងព័ត៌មានឯករាជ្យ ប្រកបដោយភាពជឿជាក់ និងទុកចិត្ត ប៉ុន្តែវាជាការគួរឲ្យសោកស្ដាយ ដែលវិទ្យុអាស៊ីសេរី ត្រូវបង្ខំចិត្តផ្អាកដំណើរការការិយាល័យព័ត៌មាននៅទីក្រុងភ្នំពេញមួយរយៈ និងបានហៅសកម្មភាពនេះ ថាជាការបង្ក្រាបរបស់រដ្ឋាភិបាលកម្ពុជា មកលើសំឡេងឯករាជ្យទៅវិញ ខណៈពេលខ្លួនប្រកាសបិទដោយខ្លួនឯងសោះ។
នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ ក្រសួងព័ត៌មាន បានធ្វើសន្និសីទសារព័ត៌មានមួយពីការចោទប្រកាន់របស់វិទ្យុអាស៊ីសេរី (RFA) ពាក់ព័ន្ធនឹងការបិទការិយាល័យរបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជា ហើយក្រសួងព័ត៌មាន លើកឡើងថា ការចោទប្រកាន់របស់វិទ្យុអាស៊ីសេរី (RFA) ផ្ទុយពីការពិត ព្រោះវិទ្យុនេះរំលោភកិច្ចសន្យា ព្រមទាំងរំលោភច្បាប់របស់កម្ពុជា ក្នុងនោះក្រសួងព័ត៌មាន ធ្វើការឆ្លើយតបជាសាធារណៈឲ្យដឹងពីបញ្ហាដែលវិទ្យតុអាស៊ីសេរីដែលចោទប្រកាន់នេះថា ក្រសួងមិនបានបិទវិទ្យុអាស៊ីសេរីទេ ប៉ុន្តែត្រូវអនុវត្តន៍តាមច្បាប់គឺជាការស្រេច។
សូមបញ្ជាក់ថា ការបិទវិទ្យុអាស៊ីសេរី (RFA) វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) និងបិទកាសែត The Cambodia Daily ដោយសារតែវិទ្យុទាំងនេះ បានរំលោភច្បាប់ស្ដីពីសារពើពន្ធ និងបែបបទរដ្ឋបាល។
ចំពោះមូលហេតុដែលឈានដល់ការប្រកាសឈប់ផ្តល់បណ្ណ័សារព័ត៌មាន ដល់បុគ្គលិកសារព័ត៌មាននៃស្ថាប័នទាំងពីរនេះ ត្រូវបានក្រសួងព័ត៌មានអះអាងថា ព្រោះដោយសារអង្គភាពសារព័ត៌មានទាំង៤នេះ បានប្រកាសឈប់ដំណើរការ និងបិទការិយាល័យរបស់ខ្លួននៅកម្ពុជាដោយឯកតោភាគី កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ៕៚