រាជធានីភ្នំពេញ ៖ មុខសញ្ញាចែកចាយថ្នាំញៀន២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យ ផ្នែកប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក ម៉េង វិមានតារ៉ា អធិការរង ធ្វើការបង្ក្រាបបាននៅចំណុចម្ដុំរោងចក្រផលិតទឹកកក ផ្ទះលេខ២៤បេ ផ្លូវលំ ក្រុមទី០៨ ភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១៥:០០នាទីរសៀល ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ។
ជនសង្ស័យទាំង២នាក់មានឈ្មោះ ទី១.ផាន់ ស្រីស ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី២.គង់ ផាណូ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរលក់ចេកចៀន ។ ទាំង២នាក់មានទីលំនៅផ្ទះលេខ២៤បេ ផ្លូវលំ ក្រុមទី០៨ ភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
លោកវរសេនីយ៍ត្រី ម៉េង វិមានតារ៉ា អធិការរងនគរបាលខណ្ឌ ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន បានប្រាប់ឲ្យដឹងថា ៖ មុនឈានដល់ការបង្ក្រាប កម្លាំងសមត្ថកិច្ចបានបើកការស្រាវជ្រាវតាមដានអស់ជាច្រើនថ្ងៃ រហូតកំណត់មុខសញ្ញា និងទីតាំងច្បាស់លាស់ កម្លាំងក៏បានបើកការចុះបង្ក្រាបដល់ទីតាំងជាក់ស្តែងតែម្តង ដោយបានឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ខាងលើ និងដកហូតបានថ្នាំញៀន៨កញ្ចប់ ក្នុងនោះ១កញ្ចប់ធំ និង៧កញ្ចប់តូច រួមជាមួយឧបករណ៍គ្រឿងញៀនមួយចំនួនធំផងដែរ ។
ក្រោយការឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង ត្រូវបញ្ចូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីឃុំខ្លួនបណ្តោះអាសន្ន រង់ចាំកសាងសំណុំរឿងបញ្ចូនទៅតុលាការ រង់ចាំចាត់ការទៅតាមនីតិវិធី ៕
អត្ថបទពី : កោះសន្តិភាព