ចក្រភពអង់គ្លេស ៖ ក្រុមហ៊ុន Facebook, Twitter និង Google ត្រូវបានចោទប្រកាន់ដោយអ្នកបង្កើតច្បាប់របស់ចក្រភពអង់គ្លេសថា អនុញ្ញាតឲ្យមានការរើសអើងពូជសាសន៍ និងការប្រើប្រាស់ពាក្យសម្តីដែលនាំឲ្យស្អប់ខ្ពើម កើតមានឡើងតាមរយៈគេហទំព័ររបស់ពួកគេ ។
សេចក្តីរាយការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ដោយបានចោទប្រកាន់ដល់ក្រុមហ៊ុនទាំង៣ខាងលើថា បានផ្តល់អាទិភាពលើប្រាក់ចំណូល មុនសុវត្ថិភាពរបស់អ្នកប្រើប្រាស់។ សេចក្តីរាយការណ៍នេះក៏បានស្នើឲ្យមានការផាកពិន័យផងដែរ ប្រសិនបើក្រុមហ៊ុនទាំងនោះមិនធ្វើការកែទម្រង់ ។
គណៈកម្មាធិការកិច្ចការតាមផ្ទះរបស់ប្រទេសអង់គ្លេសបាននិយាយក្នុងសេចក្តីរាយការណ៍ថា ៖ «ក្រុមហ៊ុនប្រព័ន្ធសង្គមដែលធំ និងមានទ្រព្យសម្បត្តិច្រើនជាងគេគឺនៅឆ្ងាយណាស់ក្នុងការចេញសកម្មភាពគ្រប់គ្រាន់ដើម្បីដោះស្រាយ បញ្ហា ការបង្ហោះដែលខុសច្បាប់ និងមានគ្រោះថ្នាក់ទាំងនោះ ។ បើមើលលើទ្រង់ទ្រាយ ធនធាន និងការប្រើប្រាស់ទូទាំងសកលលោករបស់ពួកគេ បញ្ជាក់ឲ្យឃើញថា វាពិតជាមិនមានទំនួលខុសត្រូវទេដែលពួកគេបរាជ័យក្នុងការគោរពច្បាប់» ។
ការផ្តល់មតិយោបល់ដែលមានក្នុងសេចក្តីរាយការណ៍នេះ មិនមានលក្ខណៈជាផ្លូវច្បាប់ទេ ប៉ុន្តែវាកើតមានឡើង ខណៈដែលក្រុមហ៊ុនប្រព័ន្ធសង្គមកំពុងតែជួបប្រទះនឹងសម្ពាធយ៉ាងខ្លាំង ទាក់ទិននឹងការប្រើប្រាស់ពាក្យសម្តីស្អប់ខ្ពើមនៅក្នុងតំបន់អឺរ៉ុប ។
នាយកគោលការណ៍របស់ Facebook លោកSimon Milner បានយល់ស្របថា ៖ « ពួកយើងអាចធ្វើច្រើនជាងនេះមែនដើម្បីរាំងស្ទះអ្នកដែលចង់ចែកចាយការស្អប់ខ្ពើម និងគំនិតជ្រុលនិយមលើអ៉ីនធើរណេត » ។ លោកបានបន្តថា ក្រុមហ៊ុនរបស់លោកគឺកំពុងតែសហការយ៉ាងជិតដិតជាមួយនឹងដៃគូដើម្បីធ្វើឲ្យមានការប្រសើរឡើង ។
នាយករបស់ Twitter លោក Nick Pickles បាននិយាយថា ក្រុមហ៊ុនលោកបានបង្កើតជាឧបករណ៍ថ្មីៗជាច្រើនក្នុងការប្រឆាំងនឹងបញ្ហានេះ និងបានជួលបុគ្គលិកបន្ថែមផងដែរ ។
ក្រុមហ៊ុនបច្ចេកវិទ្យាទាំងនោះបាននិយាយថា ពួកគេគោរពទៅតាមច្បាប់ក្នុងស្រុក ប៉ុន្តែវិស័យនេះ ក៏បានបង្ហាញពីភាពព្រួយបារម្ភផងដែរទាក់ទិននឹងគ្រោះថ្នាក់នៃការលាក់បាំងព័ត៌មាន ។
អ្នកបង្កើតច្បាប់ទាំងនោះក៏បានរិះគន់ដល់ក្រុមហ៊ុនទាំងនោះដែលបានពឹងផ្អែកលើអ្នកប្រើប្រាស់ក្នុងការរាយការណ៍ពីការបង្ហោះដែលមានលក្ខណៈជ្រុលនិយម និងការស្អប់ខ្ពើម ៕
(ប្រភពពី ៖ កោះសន្តិភាព)