Pages - Menu

ត្រឡប់ទៅគិតរឿងអតីតស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន

កាលនៅក្មេងគ្រប់គ្នាចង់ក្លាយជាមនុស្សធំពេញវ័យ ព្រោះមើលមកមនុស្សធំពេញវ័យដូចជាសប្បាយ និងមានរឿងប្លែកៗជាងយើងច្រើន ប៉ុន្ដែពេលយើងធំពេញវ័យឡើង យើងក៏ស្រាប់តែងាកទៅរកអតីកាលសឹងតែស្រក់ទឹកភ្នែក។ គ្រប់គ្នានឹកស្រមៃរឿងពីក្មេងៗ រត់លេង សើច យំ ពេលមានរបស់លួងក៏បាត់ ពេលមានរបស់ញ៉ាំក៏ញ៉ាំ ពេលមានរបស់លេងក៏លេង វាជាអតីតកាលមួយដ៏កក់ក្ដៅ។ ពេលយើងធំដឹងក្ដី រឿងទាំងនេះសឹងតែមិនអាចកើតមាននៅក្នុងជីវិតយើងទេ។ ធំឡើងពេលយំត្រូវលួចយំកុំឲ្យគេឃើញ ពេលចង់ញ៉ាំត្រូវញ៉ាំដោយប្រុងប្រយ័ត្ន តាមសម្រួលកុំឲ្យគេមើលមកមិនសម ពេលចង់លេងត្រូវតែមើលកាលវេលា ទីកន្លែង មើលមនុស្សដែលត្រូវលេងជាមួយ។ 


កាលពីក្មេងពេលចង់បានរបស់អ្វី យើងក៏ធ្វើទុកបុកម្នេញម៉ែដើម្បីឲ្យគាត់រកឲ្យយើងឲ្យទាល់តែបានទើបយើងស្ងាត់ឈប់យំ រួចហើយក៏ញញឹមម្ដងទៀតបានដោយងាយ។ ពេលធំដឹងក្ដី ពេលខ្លះ យើងបែរជាយំដើម្បីចាកចេញពីរបស់ដែលយើងចង់បានទៅវិញ ឬយំដើម្បីបំភ្លេចរបស់នោះទៅវិញ។ នៅមានរឿងជាច្រើនទៀតដែលត្រូវគិតដល់។ ពីមុនពេលយើងខឹងនឹងក្មេងៗដែលលេងក្នុងក្រុមជាមួយយើង ស្អែកខានស្អែកឡើងយើងក៏ត្រូវគ្នាវិញ តែពេលធំឡើង ពេលខ្លះបែរជានៅសុខៗស្រាប់តែមិននិយាយរកមនុស្សដែលធ្លាប់ស្រលាញ់គ្នាទៅវិញ ហើយមិនត្រឡប់ត្រូវគ្នាវិញដូចដើមបានងាយទៀត។ មិនអាចប្រកែកបានទេ គ្រប់គ្នាតែងបានរស់នៅក្នុងចំណែកនៃកុមារភាពពីអតីតកាល ហើយពេលដែលអ្នកកំពុងតែអានអត្ថបទនេះ ប្រហែលជាអ្នកក៏កំពុងនឹកអតីតកាលរបស់ខ្លួនដូចខ្ញុំដែរ។ ពេលយើងធំឡើង ជីវិតរបស់យើងត្រូវដើរកាត់វិថីមួយដែលពោពេញទៅដោយឧបសគ្គរាប់លាន។​ 


កុំចុះចាញ់ ទោះបីមានរឿងអ្វីកើតឡើងក៏ដោយ ត្រូវតស៊ូ និងញញឹមដោយខ្លួនឯង ត្រូវប្រាប់ខ្លួនឯងថាមិនមែនមានតែយើងដែលមានអារម្មណ៍បែបនេះ តែមានអ្នកខ្លះលំបាកជាងយើងទៅទៀត ហើយពួកគេគ្មានសូម្បីតែឱកាសដ៏តិចតួចដើម្បីប្រាប់ពីអ្វីដែលគេចង់និយាយឲ្យយើងបានដឹង។ ត្រូវតែរឹងប៉ឹងដោយខ្លួនឯង ហើយដើរទៅមុខជានិច្ច។ ប្រាប់ខ្លួនឯងថាត្រូវធ្វើខ្លួនជាមនុស្សល្អម្នាក់ឲ្យបាន

ព្រោះគ្រប់គ្នាត្រូវការមនុស្សល្អ តែបើយើងមិនអាចធ្វើជាមនុស្សមនុស្សល្អសម្រាប់ពិភពលោកនេះបាន ក៏ហោចណាស់យើងគឺជាមនុស្សល្អដែលខ្លួនឯងចង់បានដែរ៕


រក្សាសិទ្ធដោយ ៖ សៀវភៅជីវិត