តម្លៃរបស់មនុស្សមិនស្ថិតនៅលើសំបកខាងក្រៅទេ។ នេះ គឺជាទ្រឹស្តីដែលមនុស្សទូទៅលើកយកមកនិយាយ។ ប៉ុន្តែជាក់ស្តែង ជាពិសេស នៅក្នុងសង្គមខ្មែរ សំបកក្រៅ ពេលខ្លះ នៅតែមានតម្លៃជាងសំបកក្នុង។
សំបកក្រៅ មានន័យថា អ្វីៗដែលនៅខាងក្រៅ ប៉ះបាន ស្ទាបបាន និងមើលឃើញ។ ឧទាហរណ៍ ដូចជា សម្លៀកបំពាក់ សក់ក្បាល សំបកចេក និងសម្ភារប្រើប្រាស់។ល។ កុំមើលមនុស្សសំបកក្រៅ មានន័យថា កុំឲ្យតម្លៃមនុស្សដោយមើលរូបភាពខាងក្រៅឲ្យសោះ។
សំបកក្នុង ត្រូវបានគេពន្យល់ថា គឺជាអ្វីៗដែលនៅខាងក្នុងរបស់មនុស្ស ដូចជា ចំណេះវិជ្ជា ភាពស្មោះត្រង់ គុណធម៌ ចិត្តមេត្តា ការជួយយកអាសា សេចក្តីទៀងត្រង់។ល។ បើជាផ្លែឈើវិញ សំបកក្នុង គឺសាច់។ ផ្លែល្វា សំបកខាងក្រៅល្អ តែសាច់ខាងក្នុងមានសត្វល្អិត។
នៅក្នុងបរិបទពិភពលោក សំបកក្រៅនៅតែមានតម្លៃជាងសំបកក្នុង។ តែតម្លៃនៃសំបកក្រៅ នៅកម្ពុជាមានលក្ខណៈខ្ពស់ជាងនៅក្នុងប្រទេសស៊ីវិល័យជឿនលឿនផ្សេងទៀត។ ពលរដ្ឋកម្ពុជាមួយចំនួនធំត្រូវបានគេសង្កេតឃើញថាឲ្យតម្លៃលើសំបកក្រៅ ច្រើនជាងឲ្យតម្លៃលើ សំបកក្នុង។
ការពិតជាក់ស្តែងបានបង្ហាញថា សាស្ត្រាចារ្យមហាវិទ្យាល័យម្នាក់ ឬវិស្វករម្នាក់ ដែលមានចំណេះដឹងជ្រៅជ្រះ តែមិនសូវមានទ្រព្យ រូបគាត់មិនសូវត្រូវបានគេគោរព ឬឲ្យតម្លៃឡើយ។
ផ្ទុយទៅវិញ ប្រសិនបើអ្នកមានទ្រព្យម្នាក់ ដែលរកស៊ីមិនសូវស្មោះត្រង់នឹងជាតិសោះ តែមានប្រាក់វាល់លានដុល្លារ វីឡា ឡានច្រើនគ្រឿង បុគ្គលរូបនេះ ត្រូវបានសង្គមគិតថា គាត់ពូកែ គាត់ជាបុគ្គលអស្ចារ្យ។ បើមិនពូកែ មិនអាចរកលុយបានច្រើនឡើយ។ នេះជាការសន្និដ្ឋានរបស់បុគ្គលមួយចំនួន។
នៅតាមដងផ្លូវ គេតែងតែសង្កេតឃើញថា មន្ត្រីនគបាលខ្លះ សម្តែងការគោរពចំពោះបុគ្គលដែលមានរថយន្តទំនើបៗ។ នៅតាមហាងនានា អ្នកបម្រើហៅអ្នកជិះរថយន្តថា«មេ»ៗ រីឯ អ្នកជិះកង់ ជិះម៉ូតូ ឬអ្នកថ្មើជើង មិនសូវត្រូវបានគេឲ្យតម្លៃ ឬផ្តល់ការគោរពឡើយ។ មានសម្ភារទំនើបៗប្រើប្រាស់ មានតំណែងធំ តម្លៃខ្លួនត្រូវបានគេផ្តល់ឲ្យតែម្តង។ មានទ្រព្យដែរ មានតំណែងដែរ តែគ្រាន់តែអោនលំទោន ដាក់ខ្លួន តម្លៃខ្លួនក៏មិនសូវមានដែរ។ ខាងក្រោមនេះជាឧទាហរណ៍ដែលខ្ញុំធ្លាប់លឺមហាជនរអ៊ូ៖«បើខ្ញុំជិះឡានគេគោរព តែបើខ្ញុំជិះម៉ូតូ គ្មាននរណាមើលមុខទេ»។ «បើខ្ញុំពាក់មាសពេជ្រច្រើន គេមើលមកខ្ញុំ ឬនិយាយរកខ្ញុំ តែបើខ្ញុំអត់ពាក់អ្វីទាំងអស់ គ្មាននរណាចាប់អារម្មណ៍លើខ្ញុំទេ»។ «មានទ្រព្យច្រើនសម្តីត្រូវបានគេស្តាប់ គ្មានអ្វីសោះ សម្តីចេះដឹងយ៉ាងណាក៏ដោយ ក៏គ្មាននរណាស្តាប់ឡើយ»។ «បើខ្ញុំប្រើប្រាស់ I-phone គេសរសើរគ្រប់គ្នា តែបើប្រាស់ទូរសព្ទ អិនចុចពិលវិញ គ្មាននរណាមើលមុខទេ»។
ងើយស្កក អោនដាក់គ្រាប់។ សុភាសិតខ្មែរមួយនេះនៅមានតម្លៃ តែតម្លៃវាហាក់បីដូចជាបាត់បង់ខ្លះៗពីសង្គមខ្មែរ ព្រោះសង្គមខ្មែរហាក់បីដូចជាឲ្យតម្លៃទៅលើសំបកក្រៅខ្លាំងពេក។ ហេតុអ្វីបានជាបុគ្គលខ្លះចូលចិត្តបង្ហាញសំបកក្រៅ?
គ្មាននរណាអាចបញ្ជាក់ពីហេតុផលនេះបានពិតប្រាកដឡើយ។ តែគេអាចសន្និដ្ឋានបានខ្លះថា បុគ្គលដែលចូលចិត្តបង្ហាញសំបកក្រៅ ព្រោះពួកគេអាចខ្វះសំបកក្នុង(ចំណេះវិជ្ជា សេចក្តីថ្លៃថ្នូរ សេចក្តីទៀតត្រង់)។ល។ ការនិយាយដូច្នេះ មិនមែនមានន័យអាក្រក់ទាំងអស់នោះទេ ពេលខ្លះ អ្នកបង្ហាញសំបកក្រៅ ព្រោះពួកគេគ្រាន់តែចង់ឲ្យខ្លួនគេសប្បាយចិត្តប៉ុណ្ណោះ តែកំហុសអាចមកពីអ្នកដទៃទេ ដែលចូលចិត្តឲ្យតម្លៃមនុស្សតែទៅលើសំបកក្រៅខ្លាំងពេក។
ជាការពិត តម្លៃមនុស្សអាចស្ថិតនៅលើទ្រព្យសម្បត្តិមួយផ្នែកហើយ។ តែចំណេះដឹង ភាពស្មោះត្រង់ អំពើល្អចំពោះសង្គម គុណធម៌ ក៏សុទ្ធសឹងតែជាតម្លៃមិនអាចកាត់ថ្លៃបានរបស់បុគ្គលម្នាក់ៗដែរ។ ម្យ៉ាងវិញទៀត ដោយមិននិយាយពី សំបកក្រៅ និងសំបកក្នុង មនុស្សម្នាក់ៗមានតម្លៃ និងទេពកោសល្យខុសៗគ្នា ហើយគ្មាននរណាម្នាក់អស្ចារ្យជាងនរណាឡើយ។ ឧទាហរណ៍ថា រដ្ឋមន្ត្រីម្នាក់ចេះដឹកនាំមន្ត្រីរាជការ តែក៏មិនប្រាកដថា រដ្ឋមន្ត្រីរូបនោះ អាចចេះជួសជុលរថយន្តណាស់។ ដូច្នេះ លោករដ្ឋមន្ត្រីមានតម្លៃរបស់គាត់នៅក្នុងការដឹកនាំរដ្ឋ តែជាងជួសជុលរថយន្ត ក៏មានតម្លៃរបស់គាត់សម្រាប់ក្រុមហ៊ុនលក់រថយន្តដែរ។
សរុបសេចក្តីមក បុគ្គលម្នាក់ៗមានតម្លៃពិសេសរៀងខ្លួន។ គ្មាននរណាអស្ចារ្យជាងនរណាឡើយ។ ហើយតម្លៃរបស់មនុស្ស មិនស្ថិតនៅលើ សំបកក្រៅ នោះទេ។ សំបកក្រៅ គ្រាន់តែជាទម្រង់ រីឯ ខ្លឹមសារ គឺជាសំបកខាងក្នុង៕